en     km
en     km

UN​ អំពាវនាវ​ឲ្យ​ជួយ​ជនភៀសខ្លួន​វេ​ណេ​ហ្សូ​អេ​ឡា​ជា​បន្ទាន់​

Share

​វេ​ណេ​ហ្សូ​អេ​ឡា​ ៖​ អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្ដរជាតិ​ ដើម្បី​ជួយ​ជនភៀសខ្លួន​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ ដែល​កំពុង​សម្រុក​ទៅ​នៅ​ប្រទេស​ជិតខាង​ ហើយ​ខ្វះ​ស្បៀងអាហារ​ ថ្នាំពេទ្យ​ និង​ទឹក​ស្អាត​។​ អ្នកនាំពាក្យ​អគ្គ​លេខា​អង្គការសហប្រជាជាតិ​ ស្ទេ​ហ្វែ​ន​ ដូ​ចារិក​ បាន​និយាយ​ថា​ ជនភៀសខ្លួន​ វេ​ណេ​ហ្សូ​អេ​ឡា​ បាន​កើតឡើង​ជាង​ ១​លាន​ ៥០​ម៉ឺន​នាក់​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដ៏​ខ្លី​នេះ​ ហើយ​ការ​ភៀសខ្លួន​របស់​ពួក​គេ​ គឺ​ដោយសារ​តែ​រឿង​សេដ្ឋកិច្ច​ និង​យោ​បាយ​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ទាំង​ឧត្ដមស្នងការ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ របស់​អង្គការសហប្រជាជាតិ​ និង​អង្គការ​ទេស​ន្ដ​ប្រវេសន៍​អន្ដរជាតិ​ IOM​ បាន​ពិនិត្យ​ឃើញ​ថា​ ជនភៀសខ្លួន​ទាំងនោះ​ កំពុង​ប្រឈម​មុខ​និង​វិបត្ដិ​ស្បៀងអាហារ​ជា​ខ្លាំង​ ហើយ​ពួក​គេ​រស់នៅ​យ៉ាង​កក​កុះ​នៅ​តាម​ព្រំដែន​ ប្រទេស​ កូ​ឡុំ​ប៊ី​ និង​ប្រទេស​ ប៉េ​រ៉ូ​។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​បញ្ជាក់​ថា​ លោក​អគ្គលេខាធិការ​ អាំ​តូ​នី​ញូ​ គូ​ទើ​រេស​ បាន​បញ្ជូន​សារ​របស់​លោក​ ទៅ​កាន់​ប្រទេស​ជិតខាង​ វេ​ណេ​ហ្សូ​អេ​ឡា​ ដោយ​ស្នើ​ឲ្យ​បើក​ច្រក​ទ្វារ​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​ ហើយ​ផ្ដល់​ការ​រស់នៅ​ដោយ​ក្ដី​មេត្ដា​ និង​មនុស្សធម៌​។​

​កាលពី​ថ្មីៗ​នេះ​ មូលនិធិ​រូ​បិ​វត្ថុ​អន្ដរជាតិ​ IMF​ បាន​ព្រមាន​ថា​ សេដ្ឋកិច្ច​វេ​ណេ​ហ្សូ​អេ​ឡា​ នឹង​ក្រឡាប់​នៅ​ចុងឆ្នាំ​២០១៨​នេះ​ ដោយសារ​តែ​អតិផរណា​ឡើង​កប​ពពក​ សូ​ម្បី​តែ​ប្រាក់​បូ​លី​វ៉ា​ របស់​ប្រទេស​នេះ​ សឹងតែ​គ្មាន​តម្លៃ​ទៅ​ហើយ​។​

​តាម​សារព័ត៌មាន​ Sky​ news​ ស្ដ្រីជន​ភៀសខ្លួន​ វេ​ណេ​ហ្សូ​អេ​ឡា​ មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ជា​ស្ដ្រី​ រកស៊ី​ផ្លូវភេទ​ នៅ​ប្រទេស​ដែល​ពួក​គេ​បាន​ទៅ​ដល់​។​ លោក​ប្រធានាធិបតី​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ ដែល​សហគមន៍​អន្ដរជាតិ​មិន​ទទួលស្គាល់​ឋានៈ​របស់​លោក​នោះ​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ រង​គ្រោះ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ ពី​សហរដ្ឋអាមេរិក​ និង​សហគមន៍​អឺរ៉ុប​។​

​សហរដ្ឋអាមេរិក​ ព្រមាន​ថា​ របប​លោក​ ម៉ា​ឌូ​រ៉ូ​ អាច​នឹង​ត្រូវ​ដូ​ល​រលំ​ ដោយសារ​តែ​ប្រជាជន​បាត់បង់​ការ​គាំទ្រ​លោក​ ឲ្យ​បន្ដ​ការ​ដឹកនាំ​រដ្ឋាភិបាល​ទៅ​មុខ​ទៀត​៕

Share

Image
Image
Image