ភ្នំពេញ៖លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ក្រសួងនឹងរៀបចំអោយមានសន្និសីទសារព័ត៌មានអោយបានញឹកញប់ ពិសេសមុនពេលចេញលទ្ធផលប្រឡង ដើម្បីផ្ដល់ព័ត៌មានអោយឳពុកម្ដាយបានដឹងចំពោះការប្រឡងរបស់កូនៗ។
ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡាដូចនេះ បន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរជុំវិញការមិនលើកទូរស័ព្ទរបស់អ្នកនាំពាក្យជាមួយអ្នកសារព័ត៌មាន។
សូមស្ដាប់ប្រសាសន៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា!
លោក ហង់ ជួនណារ៉ុន ៖ «តាមពិតទៅប្រហែលជាគាត់រវល់រឿងប្រឡងហើយមើលទៅ !ចឹងខ្ញុំសូមថា ក្រសួងនឹងរៀបចំអោយមានសន្និសីទកាសែតអោយបានញឹកញប់ ជាពិសេសមុនពេលចេញលទ្ធផលដើម្បីផ្ដល់ព័ត៌មានអោយឳពុកម្ដាយជាប្រចាំ ហើយជាពិសេសទៀតយើង គឺតែងតែផ្ដល់ព័ត៌ មាននេះតាមហ្វេសប៊ុករបស់ក្រសួង។ ចឹងក្រសួងនឹងបង្កើននូវការផ្សព្វផ្សាយព័ត៌មាននេះអោយបានច្រើន និងអោយបានញឹកញប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់មាតាបិតា»។
ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី និងខេត្ដកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្ដផ្សេងៗទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ មានបេក្ខជនសរុប ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ ហើយមានសិស្សស្រីមាន ៥ម៉ឺន ៨ពាន់ ១៥៨នាក់៕