ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសថាខ្លួន នឹងផ្ដល់រង្វាន់លើកទឹកចិត្ដដល់សិស្ស ប្រឡងបានពិន្ទុខ្ពស់ តាមវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយរង្វាន់បានកំណត់ជាបីប្រភេទផ្សេងគ្នា។ អ្នកតាមដានបញ្ហាសង្គម ទទួលស្គាល់ថាល្អ ក៏ប៉ុន្ដែចង់ឲ្យមានការផ្ដល់ ការគាំទ្រដល់សិស្សពូកែជាប្រព័ន្ធ។
លោក លៀ ស៊ីណា រាយការណ៍៖
សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានប្រកាសផ្ដល់រង្វាន់សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅរាជធានីភ្នំពេញ ដែលទទួលបានពិន្ទុកខ្ពស់ជាងគេ ក្នុងវិទ្យាល័យ ក្នុងរាជធានី និងរង្វាន់សម្រាប់វិទ្យាល័យ។
លោក ហ៊ួត រិទ្ធី សមាជិក ស.ស.យ.ក រាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែសីហា ថា រង្វាន់ទាំងអស់នោះត្រូវបានបែកចែកជា បី ដែលមានដូចជា ទី១ រង្វាន់សម្រាប់សិស្ស ដែលទទួលបានជ័យលាភីកម្រិតវិទ្យាល័យ មានន័យថា សិស្សក្នុងវិទ្យាល័យទាំងអស់ក្នុងរាជធានី នឹងត្រូវជ្រើសរើស ១វិទ្យាល័យ ៣រូប ដែលមានពិន្ទុខ្ពស់ជាងគេ គ្រប់វិទ្យាល័យ ដើម្បីទទួលរង្វាន់។ ទី២ រង្វាន់សម្រាប់សិស្សកម្រិតរាជធានី មានន័យថា ជ្រើសរើសសិស្សក្នុងក្រុងភ្នំពេញ ចំនួន៣រូប ដែលប្រឡងបានពិន្ទុខ្ពស់ជាងគេទាំងអស់ និងទី៣ រង្វាន់សម្រាប់វិទ្យាល័យ រង្វាន់នេះនឹងផ្ដល់ជូនវិទ្យាល័យចំនួនបី ដែលមានសិស្សនុសិស្សទទួលបានពិន្ទុកខ្ពស់ច្រើន។
សមាជិក ស.ស.យ.ក រាជធានីភ្នំពេញរូបនេះ បានប្រាប់ឲ្យដឹងទៀតថា រង្វាន់នេះនឹងផ្ដល់ជូនសិស្សពិន្ទុកខ្ពស់ចំនួន ០៣រូប នៅគ្រប់វិទ្យាល័យទាំងអស់នៅក្រុងភ្នំពេញ ប៉ុន្ដែមិនមែនសំដៅលើនិទ្ទេស អេ នោះទេ ៖«ធម្មតាពេលដែលក្រសួងគាត់ចេញលទ្ធផលមកអញ្ចឹង គឺក្រសួងគាត់មានលទ្ធផលប្រចាំវិទ្យាល័យអញ្ចឹង សិស្សណា លេខ ១ លេខ ២ លេខ ៣ អញ្ចឹងនិទ្ទេស អេ ហ្នឹងគាត់មានច្រើន ឧទាហរណ៍ថា មួយវិទ្យាល័យមាន ៥នាក់ ប៉ុន្ដែយើងឲ្យតែអ្នកពីន្ទុខ្ពស់ជាងគេ ១ ២ ៣ ទេ»។
លោក ហ៊ួត រិទ្ធី បន្ថែមដែរថា រង្វាន់នេះនឹងផ្ដល់ជូនសម្រាប់សិស្ស តែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ហើយតាមបណ្ដាខេត្ដនានា នៅទូទាំងប្រទេស ស.ស.យ.ក នៅតាមខេត្ដនីមួយៗ គឺជាអ្នករៀបចំដោយផ្ទាល់។
តាមសេចក្ដីប្រកាសរបស់ ស.ស.យ.ស ឲ្យដឹងថា តាមវិទ្យាល័យ សិស្សដែលបានពិន្ទុកខ្ពស់ រង្វាន់ ចំណាត់ថ្នាក់លេខ១ នឹងទទួលបាន ថវិកា ៨០ម៉ឺនរៀល លេខ២ ៦០ម៉ឺនរៀល និងលេខ ៣ ៤០ម៉ឺនរៀល។ ដោយឡែករង្វាន់សម្រាប់សិស្សពូកែ ចំនួន៣ រូបប្រចាំរាជធានីភ្នំពេញ លេខ ១ នឹងទទួលបាន Ipad Pro. 9.7 មួយគ្រឿង លេខ ២ នឹងទទួលបាន Ipad 9.7 មួយគ្រឿង និងលេខ ៣ នឹងទទួលបាន Ipad Mini 4 មួយគ្រឿង។ ចំណែករង្វាន់សម្រាប់វិទ្យាល័យវិញ ស.ស.យ.ក នឹងជ្រើសរើសយក ៣វិទ្យាល័យ នៅក្រុងភ្នំពេញ។ ចំណាត់ថ្នាក់លេខ១ លេខ ២ និងលេខ ៣ នឹងទទួលបាន កុំព្យូទ័រ Dell Desktop មួយគ្រឿងន និង Printer HP ។
ជារៀងរាល់រយៈពេល ៤ឆ្នាំកន្លងមកហើយ មិនថា ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល រដ្ឋមន្ដ្រីតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន និងសាកលវិទ្យាល័យ នានា តែងតែផ្ដល់រង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស អេ ប៊ី និង ស៊ី ឬក៏អាហារូបករណ៍ដើម្បីបន្ដការសិក្សានៅថ្នាក់ ឧត្ដម។
ការផ្ដល់រង្វាន់លើកទឹកចិត្ដនេះ អ្នកតាមដានបញ្ហាសង្គម សរសើរពីយកចិត្ដទុកដាក់ចំពោះសិក្ស ដែលខិតខំរៀនសូត្រ។ តែយ៉ាងណា លោកយល់ឃើញថា ការលើកទឹកចិត្ដគួរតែរៀបចំជាប្រព័ន្ធ ទើបជាការប្រើសើរសម្រាប់សិស្ស។
លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា សិស្សដែលប្រឡងជាប់និទ្ទេស ល្អ ភាគច្រើនគឺជាកូន ក្នុងគ្រួសារមានជីវភាពក្រីក្រ។ លោកថា រដ្ឋាភិបាលគួរតែមានការកៀរគរ អ្នកពាក់ព័ន្ធទាំងអស់ លើវិស័យអប់រំ ឲ្យផ្ដល់ជាការគាំទ្រដល់សិស្សទាំងអស់នោះ។ លោកពន្យល់ថា បើសិនជាមានការផ្ដល់អាហារូបករណ៍សិក្សាសម្រាប់សិស្សនិទ្ទេស ល្អ គឺគួរតែមានការផ្ដល់ ជាកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ពេញរយៈពេលសិក្សាផងដែរ។
នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា សិស្សដែលមកពីគ្រួសារក្រីក្រ តែងតែបោះបង់ចោលការសិក្សា ខណៈគ្រួសារពួកគេ ជូបប្រទះនៅវិបត្ដិសេដ្ឋកិច្ច។ ទោះជាពួកគេបានទទួលអាហារូបករណ៍សិក្សា ដោយឥតបង់ថ្លៃក៏ដោយ ក៏ប៉ុន្ដែការចំណាយប្រចាំថ្ងៃ សម្រាប់សម្ភារ កន្លែងស្នាក់នៅ អាហារហូបចុក គឺជាបញ្ហាចោទ យ៉ាងធ្ងន់ធ្ងរ ពេលដែលគ្រួសារមានហានិភ័យផ្នែកសេដ្ឋកិច្ច។
លោក សន ជ័យ គិតថា បើមានការផ្ដល់ ការលើកទឹកចិត្ដជាកញ្ចប់ មានទាំងការសិក្សាដោយឥតបង់ថ្លៃ រួមទាំងកន្លែងស្នាក់នៅទៀត នោះនឹងក្លាយជាកត្ដាល្អសម្រាប់សិស្ស ហើយក៏ជាការលើកមុខមាត់របស់រដ្ឋផងដែរ ៖«បាទ អាហ្នឹងធ្វើឲ្យគេមើលឃើញថា អូហ៍ ពិតជាការលើកទឹកចិត្ដដល់ទីបញ្ចប់ ហើយនិស្សិតដែលទទួលបាននូវអាហារូបករណ៍ប្រភេទហ្នឹង គឺគាត់មានឱកាសពេញលេញនៅក្នុងការរៀនសូត្រ។ ទោះបីជាគ្រួសាររបស់គាត់មានបញ្ហានៅកណ្ដាលទី បានន័យថា នៅពេលពាក់កណ្ដាលឆ្នាំសិក្សា ឬក៏ពាក់កណ្ដាលនៃពេលវេលាសិក្សា ៤ឆ្នាំនៅឧត្ដមសិក្សា ថ្នាក់បរិញ្ញាបត្រក៏ដោយ»។
សូមជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនសរុប ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ (១១៥២៦៨នាក់) ហើយមានសិស្សស្រីមាន ៥ម៉ឺន ៨ពាន់ ១៥៨នាក់ (៥៨១៥៨នាក់)។ ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី និងខេត្ដកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្ដផ្សេងៗទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕