ភ្នំពេញ៖ អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រប្រទានការលើកលែងទោសឱ្យមានសេរីភាព ក្រោយពេលសរសេរលិខិតសុំទោសសម្តេច ហ៊ុន សែន។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ២៣ សីហា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលើងទោស លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ។
លោក សួន សេរីរដ្ឋាត្រូវបានតុលាការចោទប្រកានពីបទប្រមាថដល់ថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរភូមិន្ទ។លោក ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១៣ សីហា ឆ្នាំ ២០១៧។
ក្នុងសំណុំរឿងនជតុលាការបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលជាប់ពាក់ព័ន្ធការប្រមាថដល់ថ្នាក់ដឹកនាំកងទ័ពនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីឆ្នាំមុន។
ការដោះលែងនោះ បន្ទាប់ពី លោក សួន សេរីរដ្ឋ អតីតប្រធានគណបក្សអំណាចខ្មែរ បានផ្ញើលិខិតស្នើសុំលើកលែងទោសទៅសម្តេច ហ៊ុន សែន ស្របពេលដែលសម្តេច ប្រកាសពីគម្រោងលើកលែងទោសដល់សកម្មជនគណបក្សប្រឆាំង។ក្នុងលិខិតនោះ លោកសេរីរដ្ឋា ទទួលកំហុសខុសឆ្គងរបស់លោកករណីប្រមាថថ្នាក់ដឹកនាំកងទ័ព។
សូមបញ្ជាក់ថា ក្រោយជាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គេសង្កេតឃើញថា ប្រមុខរដ្ឋាភិបាលធ្វើការលើកលែងទោសសកម្មជនដីធ្លី គណបក្សនយោបាយ អ្នកសារព័ត៌មាន និងអ្នកវិភាគ៕