ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងនឹងជួសជួលកំណាត់ផ្លូវជាតិលេខ ៤៨ ឡើងវិញក្រោយរងការខូចខាតជាង ៣០ គីឡូម៉ែត្រដោយសារទឹកជំនន់។គម្រោងជួសជុលផ្លូវជាតិនេះគ្រោងនឹងចំណាយថវិកាប្រមាណ ៧៥ លានដុល្លារ។
ទឹកជំនន់នៅខេត្តកោះកុងនៅពេលកន្លងមកបណ្តាលឱ្យផ្លូវជាតិលេខ៤៨រងការខូចខាតធ្ងន់ធ្ងរ។
ករណីនេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះទៅត្រួតពិនិត្យផ្ទាល់ដោយវាយតម្លៃអំពីផលប៉ះពាល់ ដើម្បីជួសជុលស្តារឡើងវិញ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ផ្លូវជាតិលេខ៤៨ ចាប់ពីស្រុកស្រែអំពិលរហូតដល់ទីរួមខេត្តកោះកុងរងការខូចខាតដោយសារទឹកជំនន់ជាង ៣៥ គីឡូម៉ែត្រ ស្មើនឹងជាង២២ភាគរយ ដែលក្រសួងត្រូវការជួលជុលជាបន្ទាន់។
លោករដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងជួសជុលផ្លូវជាតិនេះ នឹងចំណាយថវិកាប្រមាណ ៧៥ លាន ដុល្លារដែលមានប្រវែងសរុបជិត ១៦០ គីឡូម៉ែត្រ។ ប៉ុន្តែផ្លូវនេះក្រុមការងារក្រសួងកំពុងដំណើរការជួសជុលជា បណ្តោះអាសន្នដែលរងការខូចខាតដោយទឹកជំនន់ ហើយក្រុមហ៊ុននឹងចាប់ផ្តើមជួសជុលជាផ្លូវការនៅពេលឆាប់ៗនេះ។
លោក ស៊ុន ចាន់ថុល៖ «កូរ៉េគាត់ឱ្យប្រាក់កម្ចីប្រហែល៦៧លានដុល្លារសហរដ្ឋអាមេរិក ហើយថវិកាជាតិយើងបន្ថែម ៨ លានថែមទៀត ដូច្នេះប្រហែលជា ៧៥ ទៅ៧៦ លានដុល្លារ ដើម្បីយកមកស្តារផ្លូវនេះទំាងស្រុងតែម្តង។យើងកំពុងតែរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស ដើម្បីរៀបចំសៀវភៅដេញថ្លៃតាមលក្ខណទេសរបស់គេ។ឥឡូវនេះ យើងជួសជុលបណ្តោះអាសន្នសិន»។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា គម្រោងជួសជុលផ្លូវជាតិ ៤៨ នេះ រាជរដ្ឋាភិបាលទទួលបានកម្ចីប្រមាណ ៦៧ លានដុល្លារពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិការបដិភាគប្រមាណ ៨ លានដុល្លារពីរដ្ឋាភិបាល៕