en     km
en     km

បក្សគ្មានអាសនៈនៅរដ្ឋសភាបន្តគ្នាគាំទ្រឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់របស់បក្សកាន់អំណាច

Share

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតដោយសម្ដេច ហ៊ុនសែន កាលពីថ្ងៃទី ២១ សីហារួចមក មានស្ថាប័នជាតិ ពិសេសគណបក្សតូចៗ និងមន្ត្រីបរទេសខ្លះគាំទ្រ ខណៈមជ្ឈដ្ឋានមួយចំនួន មិនទទួលស្គាល់ ហើយថា បង្កើតនេះជាភាពល្ងង់ខ្លៅ។

លោក សោម លាភ រាយការណ៍ជូនពីព័ត៌មាននេះ!

 

ក្រោយពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលមានគណបក្សនយោបាយមិនទទួលបានអាសន្នៈក្នុងរដ្ឋសភាក្នុងការបោះឆ្នោតសភានីតិកាលទី៦ មានគណបក្សចំនួន១៦បានចូលរួមនោះ គេឃើញមានប្រទេសជិតខាង និងបក្សដែលចូលរួមពេញចិត្តនិងគាំទ្រចំពោះការបង្កើតនេះ។

លោក ម៉ាក ហ្វៀល អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក របស់ចក្រភពអង់គ្លេស ត្រូវបាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្រង់សម្ដីលោកថា  បានគាំទ្រការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដែលលោកថា លោកម៉ាក ហ្វៀល យល់ថា ជាស្មារតីផ្សះផ្សារជាតិខ្មែរ។ នេះបើតាមប្រសាសន៍របស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះ។ តែសម្រាប់ប្រសាសន៍ផ្ទាល់របស់លោក ម៉ាក ហ្វៀលដែលបានជួបលោកប្រាក់សុខុន បែរជាបានទទូចឱ្យកម្ពជាស្ដារលទិ្ធប្រជាធិបតេយ្យឡើងវិញដោយមានវត្តមានអ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិធ្វើសកម្មនយោបាយឡើងវិញ ដោយគ្មានការភ័យខ្លាច។

​ បន្ទាប់​ចេញពី​ជំនួបជាមួយសម្ដេចហ៊ុនសែន ​ លោក​ ម៉ាក​ ហ្វៀ​ល​ បានបង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ របស់លោកថា ​លោក​បាន​លើ​កឡើង​នៅ​ចំពោះ​មុខ​ សម្ដេច​ ហ៊ុន​ សែន​ ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជាដក​ការ​រឹតត្បិត​ខាង​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយផងដែរ​។​

ចំណែកឯ គណបក្សសញ្ជាតិកម្ពុជាវិញ ​តាមរយៈលោក លោក សេង សុខខេង បានចេញសេចក្ដីថ្លែងថាការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» របស់សម្ដេចតេជោ ហ៊ុន សែនថា គឺដើម្បីបុព្វហេតុជាតិ និងមាតុភូមិ មិនមែនដើម្បីបក្ស ឬក្រុមណាមួយនោះទេ។ គណបក្សនេះ ពេញចិត្តយ៉ាងខ្លាំងលើការបង្កើតនេះ ហើយក៏នឹងចូលរួមអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ឱ្យចូលរួមក្នុងវេទិការនេះ។

ដោយលែកគណបក្សខ្មែរតែមួយ ក៏ចេញសេចក្តីថ្លែងការណ៍យល់ព្រមចំពោះការបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរ។

លោក កែម រិទ្ធិសិទ្ធិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ថា ខ្លួនយល់ព្រមធ្វើការក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីរួមគ្នាបន្តរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ គណបក្សខ្មែរតែ បញ្ជាក់ថា គណបក្សរបស់ខ្លួនដែលចូលរួមក្នុងវេទិការនេះដើម្បីជំរុញការអនុវត្តការងារដល់មន្ត្រីថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរួមគ្នាបន្តការពារថែរក្សាមាតុភូមិកម្ពុជា និងការពង្រឹងគោលការណ៍ប្រជាធិបតេយ្យសេរី និងការគោរពសិទិ្ធមនុស្ស។

គណបក្សយុវជនកម្ពុជា ក៏មិនខុសគ្នាពីនេះប៉ុន្មាននោះទេ ដោយបានបបង្ហាញសារសម្ដែងការពេញចិត្ត និងគាំទ្រ​ ចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»នេះឡើងមក។ ជាក់ស្ដែង លោក ពេជ្រ​​​​ ស្រស់ ថាការបង្កើតវេទិកានេះ ដោយសម្តេច ហ៊ុន សែន គឺដើម្បីផ្តល់ប្រយោជន៍ជូនជាតិ និងផ្តល់ឱកាសគណបក្សនយោបាយ មិនមានសំឡេងក្នុងរដ្ឋសភា បានចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍។

ជាមួយគ្នានេះដែរ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ក៏សម្ដែងការពេញចិត្តដែរ។ លោក គង់ មុនីការថា ការបង្កើតវេទិកានេះឡើង ដើម្បីឱ្យគណបក្សផ្សេងៗដែលគ្មានអាសន្នៈនៅក្នុងរដ្ឋសភា មានឱកាសចូលរួមបម្រើប្រជាពលរដ្ឋដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបពិភាក្សា ក្នុងវេទិកា ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះ ដែលមានគណបក្សតូចៗ ចូលរួមចំនួន ១៦ នោះ មានគណបក្ស១៥ បានគាំទ្រគំនិតផ្ដួចផ្ដើមនេះ។ ដោយឡែក គណបក្សសាធារណរដ្ឋមិនទាន់បានឆ្លើយតបភ្លាមៗអំពីការគាំទ្រ ឬមិនគាំទ្រនោះទេ។ លោក លន់ ឫទ្ធិ កូនប្រុស​អតីត​សេនាប្រមុខ លន់ នល់ បាន​សុំ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​របស់បក្ស​លោក​ជា​មុន​សិន។

ទោះជា​យ៉ាងណា មាន​គណបក្ស​នយោបាយ​ចំនួន​៤ ដែល​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ ប៉ុន្តែ​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​ជាមួយ​លោក​ហ៊ុន សែន ថ្ងៃទី២១ សីហានោះទេ។ គណ​បក្សដែលមិនចូលរួមនោះមានដូចជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​មាតុភូមិ​យើង។

តែជាមួយគ្នានេះ អតីតប្រធានគណបក្សប្រឆាំងវិញបានរិះគន់ការបង្កើតកិច្ចពិភាក្សានេះផងដែរ។ លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសបុករបស់លោកថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះឡើង គឺជាការគិតខុសរបស់សម្ដេច ហ៊ុនសែន។

លោក សម រង្ស៊ីសរសេរថា សម្ដេច ហ៊ុន សែន គិតខុស ដែលតែងតាំងមនុស្សមកពីគណបក្សអំពិលអំពែកទាំង ១៩ ឲ្យធ្វើជា “រដ្ឋមន្ត្រីអាយ៉ង” ក្នុង “រដ្ឋាភិបាលថ្មី” របស់លោក ដែលការណ៍នេះ មិនស្របច្បាប់នោះទេ។ លោក បន្ថែមថា ការរៀបចំវេទិកានេះឡើង គឺរិតតែធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាកាន់តែធ្លាក់ដុនដាបខ្លាំង។

គួររំឭកថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលទទួលបានជ័យជំនះទាំងស្រុងលើការបោះឆ្នោតសភានីតិកាលទី ៦ ហើយទទួលបានអាសន្នៈទាំង ១២៥លើ១២៥ ក្នុងរដ្ឋសភា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»នេះ គឺជាយន្ដការថ្មីមួយទៀត ក្នុងការបម្រើផលប្រយោជន៍ប្រជាជនទូទៅ ហើយវាមិនមែនផ្ដល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះទេ។ សម្រាប់គណបក្សដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ នឹងទទួលបានការតែតាំងដោយព្រះរាជក្រិត្យ ស្នើដោយនាយករដ្ឋមន្ត្រី ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ យ៉ាងណាក្ដី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ នឹងត្រូវបញ្ចប់នៅពេលដែលផុតអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕

Share

ព័ត៌មានទាក់ទង

Image