ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ ពុធ ទី ២២ សីហានេះ លោក ម៉ាក ហ្វៀល អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានបន្តទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការរឹតត្បិតផ្នែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
លោក ម៉ាក ហ្វៀល អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកបានមកធ្វើទស្សនកិច្ច នៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ ២៣ សីហា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបដោយផ្ទាល់ជាមួយ សម្ដេចនាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព។
បន្ទាប់ចេញពីជំនួប លោក ម៉ាក ហ្វៀល បង្ហោះសារនៅលើបណ្តាញសង្គម Twitterថាលោកបានលើឡើងនៅចំពោះមុខ សម្ដេច ហ៊ុន សែន ដោយទទូចឱ្យរាជរដ្ឋាភិបាលដកការរឹតត្បិតខាងនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំំងពីរ ហើយលើកឡើងអំពីការផ្តល់អាហារូបករណ៍ទៅសិក្សានៅចក្រភពអង់គ្លេស និងគម្រោងជំនួយក្នុងវិស័យដោះមីនផងដែរ។
តែជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា តាមរយៈលោក ម៉ាក ហ្វៀល ចក្រភពអង់គ្លេសនឹងបន្តជាមិត្តកម្ពុជា ដោយចង់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។ សម្តេចថា អង់គ្លេស នឹងបន្តជួយកម្ពុជាលើវិស័យដោះមីន។
ក្រោយពីការបោះឆ្នោតសភាថ្ងៃទី ២៩ កក្កដា គេសង្កេតឃើញ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង ស៊ុយអ៊ែត និង ជប៉ុន សម្ដែងការខកចិត្តប្រកាសជំហរមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដោយចាត់ទុកការបោះឆ្នោតនេះ មិនឆ្លើយតបនឹងឆន្ទៈអ្នកបោះឆ្នោត។ ស្របពេលជាមួយគ្នា លោក លោក ម៉ាក ហ្វៀល ដែលមុនមកកម្ពុជា លោកក៏បានប្រកាន់ជំហរបែបនេះដែរ។ទោះជា លោកជំរុញអោយមានការចរចានយោបាយជាមួយអតីតគណបក្សប្រឆាំងឡើងវិញក្ដី។
ក្រៅពីជំនួបជាមួយ សម្ដេច ហ៊ុន សែន លោក ម៉ាក ហ្វៀល ត្រូវជួប ជាមួយមន្ត្រីសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ គេរំពឹងថា ជំនួបជាមួយមន្ត្រីសង្គមស៊ីវិល គឺមន្ត្រីការទូតប្រទេសអង់គ្លេសរូបនេះ នឹងស្ដាប់របាយការណ៍ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា ៕