ភ្នំពេញ ៖ ប្រធានមន្ទីរកសិកម្មខេត្ដបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ ប្រយោជន៍ដើម្បីការពារការវិនាសផុតពូជ ពពួកសត្វព្រៃ។ ការអំពាវនាវនេះបន្ទាប់ពីសមត្ថកិច្ចខេត្ដបន្ទាយមានជ័យ ចាប់បានឈ្មួញដែលលួចនាំអណ្ដើកជាង ១០០ក្បាល ពីប្រទេសថៃឆ្លងកាត់ខេត្ដនេះ។
លោក រឿន ឬទ្ធី រាយការណ៍ ៖
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដបន្ទាយមានជ័យ អំពាវនាវដូចនេះបន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបក្រុមឈ្មួញ ដែលបានប្រព្រឹត្ដបទល្មើសលួចនាំយកសត្វអណ្ដើកជាច្រើនក្បាលពីប្រទេសថៃ ឆ្លងកាត់ខេត្ដនេះ។ លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា សត្វព្រៃបានបាត់បង់ ហើយក៏នឹងអាចឈានដល់ការវិនាសផុតពូជផងដែរ ប្រសិនបើប្រជាពលរដ្ឋនៅតែនាំគ្នានិយមបរិភោគសាច់សត្វព្រៃបន្ដទៀត ៖«សុំឲ្យប្រជាជនចូលរួមហ្នឹងហើយ កុំហូបសត្វព្រៃ ព្រោះសត្វវាជិតអស់ហើយ យើងជួយការពារវាទៅ ទាំងអស់គ្នាហ្នឹង។ យើងមិនចាំបាច់ហូបសាច់សត្វព្រៃទេ សត្វយើងចិញ្ចឹមអីមួយគរគោកយើងហូបទៅ កុំឆ្ងាញ់តែសត្វព្រៃហ្នឹងពេក»។
ការអំពាវនាវរបស់ប្រធានមន្ទីរកសិកម្មខេត្ដបន្ទាយមានជ័យដូចនេះ គឺបន្ទាប់ពីសមត្ថកិច្ចក្នុងខេត្ដបន្ទាយមានជ័យ បង្ក្រាបបានក្រុមឈ្មួញជាបន្ដបន្ទាប់ ដែលបានលួចនាំសត្វព្រៃពីក្រៅប្រទេសឆ្លងកាត់ខេត្ដនេះ បំណងយកទៅលក់នៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្ដបន្ទាយជ័យ សហការជាមួយមន្ដ្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបន្ទាយមានជ័យ បង្ក្រាបឈ្មួញមួយក្រុមដែលបាននាំសត្វអណ្ដើកចំនួន ១៣០ក្បាលពីប្រទេសថៃ ដោយខុសច្បាប់។ ក្រោយបង្ក្រាប សត្វអណ្ដើកទាំងនោះត្រូវបាននាំយកទៅប្រលេងនៅតំបន់អភិរក្ស អូររន្ទះបាញ់ ស្ថិតក្នុងខេត្ដនេះ។ យ៉ាងណានេះមិនមែនជាលើកទី១ ទេ ដែលសមត្ថកិច្ចបង្ក្រាបបានពួកឈ្មួញ ដែលលួចនាំសត្វព្រៃ ដើម្បីយកទៅជួញដូរដោយខុសច្បាប់។
សត្វព្រៃមួយចំនួន តែងតែត្រូវបានគេនិយាយតៗគ្នាថា ជាប្រភេទសត្វដែលអាចព្យាបាលជំងឺ។ ក៏ប៉ុន្ដែមន្ដ្រីអភិរក្សសត្វព្រៃ របស់អង្គការ WCS បានបដិសេធការលើកឡើងនេះ ហើយបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានវិទ្យាសាស្ដ្រណាមួយចេញមុខមកអះអាង ថា សាច់ ស្នែង ស្បែង ក្រចក ស្រកា ធ្មេញ ឬឆ្អឹងសត្វព្រៃ គឺជាឱសថ ដែលអាចយកមកប្រើប្រាស់សម្រាប់ការព្យាបាលរោគ ជំនួសឱសថ វិជ្ជសាស្ដ្រ បានឡើយ។ ក៏ប៉ុន្ដែក្រុមពេទ្យសត្វ ដែលបានធ្វើការសិក្សាស្រាវជ្រាវលើសត្វព្រៃ រកឃើញថា ក្នុងខ្លួនសត្វព្រៃ គឺជាប្រភពផ្ទុកជំងឺច្រើនប្រភេទ។
មន្ដ្រីរបស់អង្គការ WCS ស្នើសុំឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថា មន្ដ្រីរាជរដ្ឋាភិបាល ឬប្រជាពលរដ្ឋនោះទេ ត្រូវគិតថា «ការបរិភោគសាច់សត្វព្រៃ ត្រឹមតែមួយពេលរបស់ខ្លួន គឺអាចធ្វើឲ្យបាត់បង់សត្វព្រៃជារៀងរហូត»៕