ភ្នំពេញ ៖ មន្ដ្រីនាំពាក្យក្រសួងធនធានទឹក បានអះអាងថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត គឺខណៈនេះក្រសួងអាចគ្រប់គ្រងបាន ដែលនឹងគ្មានទឹកជន់ឡើង ហូរចូលក្នុងរាជធានីភ្នំពេញនោះទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
កាលពីថ្ងៃទី២១ ខែសីហា ម្សិលមិញ មានក្ដីបារម្ភថា ទឹកស្ទឹងព្រែកត្នោត អាចនឹងកើនឡើងខ្លាំង ហើយហូរចូលក្នុងខណ្ឌដង្ហោ បង្កជាទឹកជំនន់ តែមន្ត្រីជំនាញអះអាងថាស្ថានភាពទឹកមិនបន្ដឡើងទៀតនោះទេ គឺនៅហ្នឹង ហើយចាប់ពីរសៀលនេះទៅ ទឹកនឹងស្រកទៅវិញសន្សឹមៗ។
លោក ចាន់ យុត្ថា មន្ដ្រីនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែសីហា នេះថា ពេលនេះគ្មានអ្វីដែលគួរឲ្យបារម្ភទៀតនោះទេ ពីព្រោះតែស្ថានភាពទឹកបានស្រកជាបណ្ដើរៗហើយនៅខេត្ដកំពង់ស្ពឺ អាងទឹក តាសាល និងអាងទឹក រលាំងជ្រៃ។ មន្ដ្រីនាំពាក្យបន្ដថា តាំងតែពីម្សិលមិញមក មន្ដ្រីជំនាញរបស់ក្រសួងបានទម្លាក់ចុះទ្វារទឹកទាំងពីរខាងលើនេះ ដើម្បីកុំឲ្យទឹកហូរបុកខ្លាំងពេកមកខាងក្រោម។
ក៏ប៉ុន្ដែនៅលើទំនប់ ៧មករា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ០៣ ស្ថានភាពទឹកមិនទាន់ស្រកនោះទេ ក៏ប៉ុន្ដែទឹកគឺនៅហ្នឹង។ តែយ៉ាងមន្ដ្រីនាំពាក្យបញ្ជាក់ថា ទឹកអាចនឹងធូរស្រាលទៅវិញអំឡុងថ្ងៃស្អែក។ យ៉ាងណាលោកអះអាងថា ទឹកនឹងមិនកើនឡើង ហើយហូរចូលក្នុងរាជធានីភ្នំពេញនោះទេ ៖«បាទអត់ទេ អត់ទេ យើងធានាយើងគ្រប់គ្រងបានទាំងស្រុង មកដល់ពេលនេះ ហើយទឹកចាប់ផ្ដើមខ្សោយហើយ យើងត្រូវការពេលប៉ុន្មានប្រហែល ១២ ឬ ១៥ ម៉ោងទៀត អាហ្នឹងស្ថានភាពកាន់តែធូរស្រាល»។
ជាមួយគ្នានេះ លោក ចាន់ យុត្ថា បន្ថែមទៀតថា ស្ថានភាពនឹងកាន់តែធូរស្រាលទៅវិញជាបន្ដបន្ទាប់ ពីព្រោះក្នុងរង្វង់ពី២ ឬ ៣ថ្ងៃនេះ នឹងមិនមានភ្លៀងធ្លាក់ច្រើនដូចកាលពីប៉ុន្មានថ្ងៃមុននោះទេ។
កាលពីថ្ងៃទី១៩ ខែសីហា ក្រសួងធនធានទឹក បានជូនដំណឹងថា ចាប់ពីថ្ងៃទី២២ ខែសីហានេះ តទៅប្រជាពលរដ្ឋរស់នៅក្នុងខេត្ដមួយចំនួនជាប់ទន្លេមេគង្គ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះតែស្ថានភាពទឹក នឹងហក់ឡើងខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន។ ខេត្ដដែលត្រូវប្រុងប្រយ័ត្នរួមមាន ខេត្ដស្ទឹងត្រែង ក្រចេះ និងខេត្ដកំពង់ចាម ។ ដោយឡែក ទន្លេបាសាក់-ទន្លេចតុមុខ នៅរាជធានីភ្នំពេញ ទឹកអាចកើនឡើងដល់កម្ពស់ ៩.៩០ ម៉ែត្រ។ បន្ថែមពីនេះ ក្រសួងប្រាប់ឲ្យដឹងទៀតថា ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត។
យោងតាមការព្យាករណ៍នេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕
ព័ត៌មានទាក់ទង