loader

មន្ដ្រី​ក្រសួង​ធនធានទឹក​ ៖​ ទឹកនឹង​មិន​អាច​ជន​លិច​ហូរ​ចូល​រាជធានី​ឡើយ​

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​ក្រសួង​ធនធានទឹក​ បាន​អះអាង​ថា​ ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​ គឺ​ខណៈ​នេះ​ក្រសួង​អាច​គ្រប់គ្រង​បាន​ ដែល​នឹង​គ្មាន​ទឹក​ជន់​ឡើង​ ហូរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ម្សិលមិញ​ មាន​ក្ដី​បារម្ភ​ថា​ ទឹកស្ទឹង​ព្រែក​ត្នោត​ អាច​នឹង​កើនឡើង​ខ្លាំង​ ហើយ​ហូរ​ចូល​ក្នុង​ខណ្ឌ​ដ​ង្ហោ​ បង្ក​ជា​ទឹកជំនន់​ តែ​មន្ត្រី​ជំនាញ​អះអាង​ថា​ស្ថានភាព​ទឹក​មិន​បន្ដ​ឡើង​ទៀត​នោះ​ទេ​ គឺ​នៅ​ហ្នឹង​ ហើយ​ចាប់ពី​រសៀល​នេះ​ទៅ​ ទឹកនឹង​ស្រក​ទៅ​វិញ​សន្សឹមៗ​។​

​លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​នាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ នេះ​ថា​ ពេល​នេះ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទៀត​នោះ​ទេ​ ពីព្រោះ​តែ​ស្ថានភាព​ទឹកបាន​ស្រក​ជា​បណ្ដើរៗ​ហើយ​នៅ​ខេត្ដកំពង់ស្ពឺ​ អាង​ទឹក​ តា​សាល​ និង​អាង​ទឹក​ រលាំង​ជ្រៃ​។​ មន្ដ្រី​នាំពាក្យ​បន្ដ​ថា​ តាំង​តែ​ពី​ម្សិលមិញ​មក​ មន្ដ្រី​ជំនាញ​របស់​ក្រសួង​បាន​ទម្លាក់​ចុះ​ទ្វារ​ទឹក​ទាំង​ពីរ​ខាងលើ​នេះ​ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​បុក​ខ្លាំង​ពេក​មក​ខាងក្រោម​។​

​ក៏​ប៉ុន្ដែ​នៅ​លើ​ទំនប់​ ៧​មក​រា​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ០៣​ ស្ថានភាព​ទឹក​មិន​ទាន់​ស្រក​នោះ​ទេ​ ក៏​ប៉ុន្ដែ​ទឹក​គឺ​នៅ​ហ្នឹង​។​ តែ​យ៉ាង​មន្ដ្រី​នាំពាក្យ​បញ្ជាក់​ថា​ ទឹក​អាច​នឹង​ធូរស្រាល​ទៅ​វិញ​អំឡុង​ថ្ងៃស្អែក​។​ យ៉ាងណា​លោក​អះអាង​ថា​ ទឹកនឹង​មិន​កើនឡើង​ ហើយ​ហូរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ៖«​បាទ​អត់​ទេ​ អត់​ទេ​ យើង​ធានា​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​ មក​ដល់​ពេល​នេះ​ ហើយ​ទឹក​ចាប់ផ្ដើម​ខ្សោយ​ហើយ​ យើង​ត្រូវការ​ពេល​ប៉ុន្មាន​ប្រហែល​ ១២​ ឬ​ ១៥​ ម៉ោង​ទៀត​ អាហ្នឹង​ស្ថានភាព​កាន់តែ​ធូរស្រាល​»​។​

​ជាមួយ​គ្នា​នេះ​ លោក​ ចាន់​ យុ​ត្ថា​ បន្ថែម​ទៀត​ថា​ ស្ថានភាព​នឹង​កាន់តែ​ធូរស្រាល​ទៅ​វិញ​ជា​បន្ដបន្ទាប់​ ពីព្រោះ​ក្នុង​រង្វង់​ពី​២​ ឬ​ ៣​ថ្ងៃនេះ​ នឹង​មិន​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ ក្រសួង​ធនធានទឹក​ បាន​ជូនដំណឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​២២​ ខែសីហា​នេះ​ តទៅ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ដ​មួយ​ចំនួន​ជាប់​ទន្លេមេគង្គ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ពីព្រោះ​តែ​ស្ថានភាព​ទឹក​ នឹង​ហក់​ឡើង​ខ្លាំង​ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​។​ ខេត្ដ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​រួម​មាន​ ខេត្ដស្ទឹងត្រែង​ ក្រចេះ​ និង​ខេត្ដកំពង់ចាម​ ។​ ដោយឡែក​ ទន្លេបាសាក់​-​ទន្លេចតុមុខ​ នៅ​រាជធានី​ភ្នំពេញ​ ទឹក​អាច​កើនឡើង​ដល់​កម្ពស់​ ៩.៩០​ ម៉ែត្រ​។​ បន្ថែម​ពី​នេះ​ ក្រសួង​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ទន្លេមេគង្គ​ក្រោម​ ទន្លេបាសាក់​ ទន្លេសាប​ និង​បឹង​ទន្លេសាប​ ទឹកនឹង​បន្ដ​កើនឡើង​សន្សឹមៗ​បន្ថែម​ទៀត​។​

​យោង​តាម​ការ​ព្យាករណ៍​នេះ​ ក្រសួង​ធនធានទឹក​ បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​ដូច​ជា​ប្រពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​កើតឡើង​ជាយថាហេតុ​៕

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត