ភ្នំពេញ៖ តុលាការកំពូលនៅថ្ងៃ ពុធ ទី ២២ ខែ សីហានេះ បានសម្រេចបន្តឃុំខ្លួនប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តទៅទៀត ។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងសវនាការនៅព្រឹកមិញនេះ ដោយក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
ក្នុងសវនការជំនុំជម្រះសុំនៅក្រៅឃុំក្នុងជុំទី២របស់ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែលដោយបន្តឃុំខ្លួនប្រធានអតីតគណបក្សប្រឆាំងនៅក្នុងពន្ធនាការត្រពាំងផ្លុងតទៅទៀត។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅកណ្តាលអាធ្រាត្រក្នុងគេហដ្ឋានរបស់លោកកាលពីដើមខែកញ្ញា ឆ្នាំ ២០១៧។ លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងស្ថិតនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនប្រទេសវៀតណាម។ ប្រធានអតីតគណបក្សប្រឆាំងដ៏ធំជាងគេរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទក្បត់ជាតិ។
លោក ផែង ហេង មេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានក្រោយពីចេញពីបន្ទប់សវនការថាកូនក្តីរបស់លោកគួរតែត្រូវបានឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីព្យាបាលជំងឺឆ្អឹងកៀបសរសៃ ព្រោះស្ថានភាពជំងឺលោក កឹម សុខា គួរឱ្យព្រួយបារម្ភជាខ្លាំង។
លោក ផែងហេង៖ «តុលាការចុងបញ្ចប់បានសម្រេចតម្កល់សាលដីការបស់សាលឧទ្ធរណ៍ទុកជាបានការដដែល មានន័យថា មិនសម្រេចដោះលែងឱ្យនៅក្រៅឃុំទេ។ចំពោះស្ថានភាពជំងឺគាត់ ជំងឺនឹងគឺត្រូវការវះកាត់ ប្រសិនបើយើងមិនវះកាត់ជំងឺនោះវានៅតែមិនអាចស្រាកស្រានបាន។ ចំណែកឯជំងឺសម្ពាធឈាមឬក៏លើសជាតិស្ករជាជំងឺធម្មតាទេសំខាន់គឺរឿងឆ្អឹងដែលកៀបសរសៃដែលយើងចង់ឱ្យគាត់ចេញទៅព្យាបាលជំងឺ»។
លោកមេធាវីសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជំម្រះមិនអនុញ្ញាតឱ្យកូនក្តីរស់នៅក្រៅឃុំ។ ទោះបីយ៉ាងណា លោកមេធាវីនឹងពិភាក្សាជាមួយកូនក្តីរបស់លោក ដើម្បីប្តឹងទាស់នឹងសេចក្តីសម្រេចនេះឬយ៉ាងណា។
លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១១ខែ ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ធិដិ្ឋភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។លោក កឹម សុខា អាចប្រឈមមុខជាប់ពន្ធនាគារពី១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពមែននោះ។
ការជំនុំជម្រះសំណុំរឿងលោក កឹម សុខា មានការរឹតបណ្តឹងសន្តិសុខសុវត្ថិភាពដោយមានដាក់ពង្រាយកងម្លាំងមានសមត្ថកិច្ច និងមានរនាំងការពារមិនឱ្យមានចរាចរណ៍នៅបរិវេណតុលាការកំពូលនោះទេ៕