en     km
en     km

អ្នកវិភាគ៖ កម្តៅនយោបាយថយចុះជាតម្រុយបើកផ្លូវឱ្យមានការដោះលែងលោក កឹម សុខា

Share

ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងអ្នកវិភាគ សកម្មដីធ្លី និងអ្នកសារព័ត៌មានឱ្យមានសេរីភាពឡើងវិញជាបន្តបន្ទាប់ អ្នកវិភាគបញ្ហាសង្គម និងនយោបាយមើលឃើញប្រហាក់ប្រហែលគ្នាថា លោក កឹម សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិនឹងអាចត្រូវបានដោះលែងនៅពេលខាងមុខឆាប់ៗនេះ ព្រោះស្ថានភាពនយោបាយកំពុងចុះកម្តៅ ខណៈសហគមន៍អន្តរជាតិកំពុងដាក់សម្ពោធមកលើរដ្ឋាភិបាលកម្ពុជា។

 

អ្នកគាំទ្របក្សសង្គ្រោះជាតិកំពុងលើកបាដាទាមទារឱ្យដោះលែងលោក កឹម សុខា នៅបរិវេ​នតុលាការកំពូល។រូបភាពដោយ កែវ សុខា/WMC

 

មិនដល់មួយសប្តាហ៍ស្រួលបួលផង អ្នកវិគាគនយោបាយរិះគន់រដ្ឋាភិបាលមិនសំចៃមាត់លោក គឹម សុខ សកម្មជនដីធ្លីតំបន់បឹងកក់ដ៏ល្បីល្បាញអ្នកស្រី ទេព វន្នី និងអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប ត្រូវបានដោះលែងជាបន្តបន្ទាប់ ដែលអ្នកវិភាគមើលឃើញថា ដោយសារសម្ពោធអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

អ្នកវិភាគដាក់ក្តីរំពឹងថា ការថយចុះនៃកម្តៅនយោបាយ និងសម្ពោធពីអន្តរជាតិនេះ អាចជាតម្រាយផ្លូវមួយបើកឱ្យមានការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឱ្យនៅក្រៅឃុំផងដែរ។

កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេងរបស់លោកបណ្ឌិត កែម ឡី ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២២សីហានេះថា កញ្ញាមានសុទិដ្ឋិនិយមថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជននៃបក្សនេះ អាចនឹងត្រូវបានដោះលែងវិញនាពេលខាងមុខឆាប់ៗនេះ ខណៈស្ថានភាពនយោបាយបានថយកម្តៅ ព្រោះមានការដោះលែងអ្នកវិភាគ សកម្មជនដីធ្លី និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីជាបន្តបន្ទាប់។ កញ្ញា ស្រីស្រស់ បន្ថែមថា ការដោះលែងអ្នកទាំងអស់នេះនារយៈពេលចុះក្រោយនេះ គឺដោយសារការដាក់សម្ពោធផ្សេងៗពីសហគមន៍អន្តរជាតិ ពិសេសការដកពន្ធអនុគ្រោះលើទំនិញកម្ពុជាជាថ្នូរឱ្យកម្ពុជាគោរពគោលការណ៍សិទ្ធមនុស្ស និងលទ្ធប្រជាធិបតេយ្យ។

កញ្ញា លី ស្រីស្រស់៖«ចំពោះការទាមទាររបស់អន្តរជាតិខ្ញុំមើលឃើញថា គេមិនផ្ដោតតែទៅលើសកម្មជនទាំងអស់ហ្នឹងទេ ប៉ុន្តែអ្វីដែលគេផ្ដោតគឺមេដឹកនាំគណបក្ស។ បើនិយាយឱ្យស្រួលស្ដាប់ទៅគឺលោក កឹម សុខា មានន័យថាគេចង់ឱ្យមានការដោះលែងលោក កឹម សុខា និងសកម្មជននយោបាយផ្សេងៗ ដែលជាអតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវបានជាប់ឃុំ។ ទោះបីជាយ៉ាងណា ក៏លទ្ធផលនៃការដោះលែងហ្នឹងវាអាចបង្ហាញអំពីភាពវិជ្ជមានច្រើន ចំពោះកម្ពុជា នៅក្នុងការដោះស្រាយបញ្ហាដែលជាប់គាំង ពីសេសគឺការតទល់ជាសមាគមន៍អន្តរជាតិ»។

                                               កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេងរបស់លោក កែម ឡី ។

 

ចំណែកលោក ឯម សុវណ្ណារ៉ា អ្នកវិភាគស្ថានភាពនយោបាយនិយាយថា ការដោះលែងសកម្មជនមួយចំនួនជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃនេះ គឺជាសញ្ញាមួយបញ្ជាក់ថា ស្ថានភាពនយោបាយកម្ពុជាកំពុងឈានទៅរកភាពវិជ្ជមាន។ លោកបន្តថា សម្ពោធពីមជ្ឈដ្ឋានអន្តរជាតិ បូករួមនឹងស្ថិរភាពអំណាចរបស់បក្សកាន់អំណាចដែលទើបឈ្នះឆ្នោត អាចជាតម្រុយមួយបើកផ្លូវឱ្យមានការដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំជាបណ្តុះអាសន្នផងដែរ។

លោក ឯម សុវណ្ណារ៉ា៖«យើងអាចឃើញថា ប៉ុន្មានថ្ងៃនេះឃើញថា លែងសកម្មជនដីធ្លី លែងសកម្មជននៅខាងតស៊ូមតិអីហ្នឹង និងអ្នកសារព័ត៌មានអ៊ីចឹង ជាសញ្ញាណមួយ ដែលអាចថាលោក កឹម សុខា ក៏អាចមានសញ្ញាណ ឬក៏ជិតនៅក្រៅឃុំដែរ ដើម្បីជាការបង្ហាញពីស្ថានភាពនៃការវិលទៅរកភាពដើមមុនដូចការបោះឆ្នោតឃុំសង្កាត់មានលក្ខណៈធូរស្បើយដូចមុនវិញ»។

លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ។

 

កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាតិនីតិកាលទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ហើយលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៤០ឆ្នាំ បានយកឈ្នះលើគណបក្សទាំង១៩ផ្សេងទៀត ដោយក្រសោបយកអាសនៈទាំង១២៥ លើ១២៥តែម្តង។ យ៉ាងណាសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបមាន២៨ប្រទេស ប្រទេសណូវែសេឡង់ កាណាដា អង់គ្លេស បារាំង អាឡឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនេះ ហើយថាការបោះឆ្នោតនេះបានប្រព្រឹត្តិដោយមិនមានភាពសេរី យុត្តិធម៌ មានការគាប់សង្កត់ និងបានបំបិទសំឡេងបក្សប្រឆាំងដ៏ធំមិនឱ្យចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ យ៉ាងណាមន្រ្តីកម្ពុជាឆ្លើយតបវិញថា ការលើកឡើងរបស់សហគមន៍អន្តរជាតិនេះ គឺមានហេតុផលនយោបាយនៅពីក្រោយ៕

 

Share

Image
Image
Image