en     km
en     km

ក្រសួង​អប់រំ​ ៖​ ដំណើរការ​ប្រឡង​ឆ្នាំ​២០១៨​ ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​

Share

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ម្សិលមិញ​ បាន​បញ្ជាក់​ថា​ ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​។​

​ក្រសួង​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ដំណើ​ការ​ប្រឡង​ឆ្នាំ​នេះ​ ល្អ​ប្រសើរ​ ពីព្រោះ​តែ​គណៈមេប្រយោគ​គ្រប់​លំដាប់ថ្នាក់​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការ​បំពេញភារកិច្ច​ បើ​ទោះជា​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​មាន​ភ្លៀង​ខ្លាំង​ក៏​ដោយ​ ក៏​ប៉ុន្ដែ​គឺ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សំ​ណេ​រ​របស់​បេក្ខជន​នោះ​ទេ​។​ លើស​ពី​នេះ​បេក្ខជន​បាន​គោរព​បទបញ្ញត្ដិ​ នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ​ ដោយ​ស្ទើរតែ​គ្មាន​សិស្ស​ណា​ម្នាក់​នាំ​សំណៅ​ឯកសារ​ ឬ​ឧបករណ៍​ហាមឃាត់​ ចូល​មណ្ឌល​ប្រឡង​ឡើយ​។​

​អំឡុង​ពេល​ប្រឡង​ទាំង​ពីរ​ថ្ងៃនេះ​ មាន​បេក្ខជន​ប្រព្រឹត្ដ​កំហុសឆ្គង​ចំនួន​ ០៧​ ករណី​ ០៥​ករណី​ការ​ដាក់​ទូរស័ព្ទ​តាម​ខ្លួន​ និង​០២​ ករណី​ទៀត​ នាំ​សំណៅ​ឯកសារ​។​ ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ មាន​ចំនួន​ ៦៤​ករណី​ ប៉ុន្ដែ​ពួក​គាត់​អាច​ត្រឡប់​មក​ប្រឡង​វិញ​បាន​ បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម​ លើកលែង​ ០៥​ករណី​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​បាន​ត្រឡប់​មក​ប្រឡង​បាន​។​

​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ ឆ្នាំ​២០១៨​នេះ​ មាន​បេក្ខជន​សរុប​ ១​សែន​ ១​ម៉ឺន​ ៥​ពាន់​ ២៦៨​នាក់​ (១១៥២៦៨​នាក់​)​ ហើយ​សិស្ស​ស្រី​មាន​ ៥​ម៉ឺន​ ៨​ពាន់​ ១៥៨​នាក់​ (៥៨១៥៨​នាក់​)​។​ រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រឡង​នេះ​ មាន​បេក្ខជន​អវត្ដមាន​សរុប​ ១​ពាន់​ ៨៩៩​នាក់​ (១៨៩៩​នាក់​)​ ហើយ​មាន​សិស្ស​ស្រី​ ៧៤៤​នាក់​ ត្រូវជា​ ១.៦៥​ភាគរយ​ នៃ​ចំនួន​បេក្ខជន​សរុប​។​

​ក្រសួង​អប់រំ​ បញ្ជាក់​ថា​ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ និង​ខេត្ដកណ្ដាល​ នា​រសៀល​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ដ​ផ្សេងៗ​ទៀត​ នា​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​៕

Share

Image
Image
Image