ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែសីហា ម្សិលមិញ បានបញ្ជាក់ថា ដំណើរការប្រឡងរយៈពេលពីរថ្ងៃកន្លងមកនេះ គឺមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។
ក្រសួងបញ្ជាក់ថា មូលហេតុដែលនាំឲ្យដំណើការប្រឡងឆ្នាំនេះ ល្អប្រសើរ ពីព្រោះតែគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច បើទោះជានៅតាមបណ្ដាខេត្ដមួយចំនួនមានភ្លៀងខ្លាំងក៏ដោយ ក៏ប៉ុន្ដែគឺមិនបង្កឲ្យប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជននោះទេ។ លើសពីនេះបេក្ខជនបានគោរពបទបញ្ញត្ដិ នៃការប្រឡងបានយ៉ាងល្អ ដោយស្ទើរតែគ្មានសិស្សណាម្នាក់នាំសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ ចូលមណ្ឌលប្រឡងឡើយ។
អំឡុងពេលប្រឡងទាំងពីរថ្ងៃនេះ មានបេក្ខជនប្រព្រឹត្ដកំហុសឆ្គងចំនួន ០៧ ករណី ០៥ករណីការដាក់ទូរស័ព្ទតាមខ្លួន និង០២ ករណីទៀត នាំសំណៅឯកសារ។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ មានចំនួន ៦៤ករណី ប៉ុន្ដែពួកគាត់អាចត្រឡប់មកប្រឡងវិញបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម លើកលែង ០៥ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិនបានត្រឡប់មកប្រឡងបាន។
សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនសរុប ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ (១១៥២៦៨នាក់) ហើយសិស្សស្រីមាន ៥ម៉ឺន ៨ពាន់ ១៥៨នាក់ (៥៨១៥៨នាក់)។ រយៈពេលពីរថ្ងៃនៃការប្រឡងនេះ មានបេក្ខជនអវត្ដមានសរុប ១ពាន់ ៨៩៩នាក់ (១៨៩៩នាក់) ហើយមានសិស្សស្រី ៧៤៤នាក់ ត្រូវជា ១.៦៥ភាគរយ នៃចំនួនបេក្ខជនសរុប។
ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី និងខេត្ដកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្ដផ្សេងៗទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕