en     km
en     km

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខេត្ដកណ្ដាល​ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ទស​វត្ស​ឆ្នាំ​១៩៧០​។​ អាជ្ញាធរ​ បញ្ជាក់​ថា​ គ្រាប់​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​នេះ​ សុទ្ធតែ​នៅ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​គេហទំព័រ​អគ្គ​ស្នងរ​ដ្ឋា​ន​នគរបាល​ជាតិ​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ថា​ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ មិន​ទាន់​ផ្ទុះ​ ១​គ្រាប់​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែសីហា​ ស្ថិត​ក្នុងភូមិ​តា​នូ​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាត​ ខេត្ដកណ្ដាល​។​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នោះ​ គឺជា​ប្រភេទ​គ្រាប់​ DK៧៥​ ដែល​បន្សល់​ទុក​កាលពី​កម្ពុជា​ជួប​សង្គ្រាម​អំឡុង​ទស​វត្ស​ឆ្នាំ​ ១៩៧០​។​

​អធិការរង​នគរបាល​ស្រុក​ស្អាង​ លោក​ សយ​ សារ​វ័​ន្ដ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ជា​និច្ច​ជា​កាល​ប្រជា​ពល​ដ្ឋ​តែងតែ​ប្រទះ​ឃើញ​ ជា​ញឹកញាប់​ នៅ​កន្លែង​ផ្សេងៗ​គ្នា​។​ លោក​អធិការរង​បន្ដ​ថា​ គ្រាប់​ទាំង​អស់នោះ​ បើ​ទោះជា​កន្លង​ទៅ​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ​ ប៉ុន្ដែ​ពួក​វា​នៅ​តែ​មានគុណ​ភាពល្អ​ ហើយ​ងាយ​បង្ក​គ្រោះថ្នាក់​បំផុត​ ប្រសិនបើ​មានការ​ប៉ះទង្គិច​ចំ​។​

​លោក​អធិការរង​នគរបាល​ស្រុក​ស្អាង​ នៅ​តែ​បង្ហាញ​ពី​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុងស្រុក​នេះ​ ដោយសារ​តែ​តំបន់​ជា​ច្រើន​ គឺ​សុទ្ធសឹងតែ​មាន​បន្សល​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ កុំ​ព្យាយាម​កែ​ច្នៃ​ ឬ​ប៉ះពាល់​គ្រាប់​ទាំងនោះ​ បើ​ទោះជា​ឃើញ​សភាព​គ្រាប់​មាន​ច្រែស​ ឬ​បែប​ណា​ក៏​ដោយ​។​ លើស​ពី​នេះ​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​កាន់​អាច​ជ្ញា​ធរ​ ៖«​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ឲ្យ​គាត់​ជៀសវាង​ឲ្យ​ឆ្ងាយ​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​យើង​ ដែល​នៅ​ជិត​បំផុត​ ហើយ​ដាក់​សញ្ញា​សម្គាល់​ ឬ​ចំណាំ​ ដើម្បី​កុំ​ឲ្យ​អ្នក​ក្រោយ​គាត់​ដើរ​ចូល​ទៅ​ដោយ​មិន​បានដឹង​»​។​

​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​រក​ឃើញ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មី​ត​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ជាតិ​មាន​បេសកកម្ម​ក្នុង​ការ​កំចាត់​មីន​ និង​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​។​

​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពីដើម​ខែសីហា​កន្លង​ទៅ​នេះ​ លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ មាន​ប្រសាសន៍​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ភាគច្រើន​ត្រូវ​បាន​ទម្លាក់​នៅ​ខេត្ដ​ភាគ​កើត​ និង​ខាងត្បូង​កម្ពុជា​ ដែល​មាន​ដូច​ជា​ខេត្ដកំពង់ចាម​ ត្បូងឃ្មុំ​ ស្វាយ​រៀង​ តាកែវ​ និង​ខេត្ដកណ្ដាល​ ។​

​រយៈពេល​ ២៥​ឆ្នាំ​កន្លង​មកនេះ​ អង្គភាព​ ស៊ី​ម៉ាក់​ ដែល​ជា​ស្ថាប័ន​ជាតិ​ក្នុង​ការ​ដោះ​មីន​ បាន​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ ២​លាន​ ៧​សែន​គ្រាប់​ ដែល​ស្មើ​ប្រមាណ​ ៧២​ភាគរយ​ នៃ​លទ្ធផល​សរុប​នៅ​ទូ​ទាំង​ប្រទេស​។​ អគ្គនាយក​ស៊ី​ម៉ាក់​ បញ្ជាក់​ថា​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​៕

Share

Image
Image
Image