ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២១ ខែសីហានេះ អវត្តមានជាង១៨០០នាក់ ហើយបេក្ខជនមានបញ្ហាសុខភាពពេលប្រឡងប្រមាណ២៨ករណី។
ក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហោះនៅថ្ងៃនេះថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូនល្អ គ្មានបាតុកម្មមិនប្រក្រតីគួរឱ្យកត់សម្គាល់ទេ។
ជាមួយគ្នានេះ ស្ថានភាពប្រឡងនៅតាមមណ្ឌលនីមួយៗ បានដំណើរការដោយស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយពុំមានសំណៅឯកសារ ឬ ឧបករណ៍ហាមឃាតឡើយ។
ក្រសួងបញ្ជាក់ថា បេក្ខជនប្រឡងអវត្តមាននៅថ្ងៃប្រឡងទី២នេះ មានចំនួន ១៨០៦ នាក់។ក្នុងនោះស្ត្រី ៧២៣ នាក់។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់អំពីមូលហេតុនោះទេ។ ក្រសួងអប់រំបន្ថែមថា បេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរមាន ២៨ ករណី។ ក្នុងចំណោមនោះ បេក្ខជនប្រឡងមិនអាចវិលមកប្រឡងវិញមាន២ករណី។ ជាមួយគ្នានេះ អនុរក្សមានបញ្ហាសុខភាព ២ ករណី និង អ្នកសង្កេតស្ម័គ្រចិត្តមាន ១ ករណី។
នៅឆ្នាំ ២០១៨ ដែលជាកំណែទម្រងប្រព័ន្ធអប់រំលើកទី ៥ មានបេក្ខជនប្រឡងបាក់ឌុបសរុប១១៥២៦៨ នាក់។ក្នុងនោះបេក្ខនារីប្រឡងបាក់ឌុបមានចំនួន ៥៨១៥៨ នាក់៕