ខណៈដែលអតិផរណា បានហក់ឡើងកប់ពពកប្រជាជន វេណេហ្សូអេឡា ត្រូវបានរាយការណ៍មកថា មិនអាចកាន់ប្រាក់ របស់ខ្លួនទៅទីផ្សារបានទេ ដើម្បីទិញម្ហូបគឺ សូម្បីតែមាន់ ១ក្បាល តម្លៃបានឡើងដល់ ១៤លានបូលីវ៉ា ទៅហើយ ដែលស្មើប្រមាណជាង ៥៦ដុល្លារ។
កាសែត The Guardian បានចុះផ្សាយថា សេដ្ឋកិច្ចនៅរដ្ឋធានី ការ៉ាកាស ទំនងនឹងដួលរលំ ក្នុងពេលឆាប់ៗនេះ។ រូបិយ័ណ្ណអន្ដរជាតិ IMF បានព្យាករណ៍ថា អតិផរណាប្រាក់ បូលីវ៉ា របស់ប្រទេសនេះ នឹងធ្លាក់ដល់អត្រា ១លានភាគរយ ហើយព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសនេះ អាចនឹងក្រឡាប់ទៀតផង។
កាលពីសប្ដាហ៍មុន កាហ្វេមួយកែវមាន តម្លៃ ២លាន បូលីវ៉ា ឬស្មើប្រមាណ ៨ដុល្លារ។ ប្រជាជន វេណេហ្សូអេឡា ដែលកំពុងរងគ្រោះដោយវិបត្ដិសេដ្ឋកិច្ច និងនយោបាយ បានសម្រុកចាក់ចេញពីប្រទេស ច្រើនឡើងៗ ទៅប្រទេស កូឡុំប៊ី ប្រេស៊ីល ប៉េរ៉ូ ដើម្បីរកការងារធ្វើ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានបន្ដទម្លាក់ជំនួយរាប់សិបលានដុល្លារ ទៅឲ្យជនភៀសខ្លួន។ ប្រទេស វេណេហ្សូអេឡា ស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលអន្ដរជាតិមិនទទួលស្គាល់ ថា ជាមេដឹកនាំស្របច្បាប់នោះទេ។ បើទោះបីប្រទេសនេះ បានឆ្លងកាត់ការបោះឆ្នោត កាលពីថ្ងៃ ២០ ឧសភា ក៏ដោយ។ អ្វីដែលនាំឲ្យសហគមន៍អន្ដរជាតិ មិនឲ្យតម្លៃលើមេដឹកនាំ នីកូឡាស ម៉ាឌូរ៉ូ ដោយសារតែការបោះឆ្នោតមិនមានវត្ដមានគណបក្សប្រឆាំង។
បន្ថែមលើនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានហុំព័ទ្ធសេដ្ឋកិច្ច ដោយបង្កកប្រាក់ក្រុមហ៊ុន និងអ្នកជំនួញ មន្ដ្រីរដ្ឋការ ជាន់ខ្ពស់របស់ប្រទេសនេះទៀតផង។ សហរដ្ឋអាមេរិក បានព្រមានថា នឹងបិទការបញ្ជាទិញប្រេង ពីប្រទេស វេណេហ្សូអេឡា ប្រសិនបើលោក នីកូឡា ម៉ាឌូរ៉ូ មិនធ្វើឲ្យមានការបោះឆ្នោតឡើងវិញ។
រូបិយ័ណ្ណអន្ដរជាតិ IMF បានព្រមានថា ប្រសិនបើសហគមន៍អន្ដរជាតិ មិនជួយស្ដារសេដ្ឋកិច្ចឡើងវិញទេ គឺសេដ្ឋកិច្ចរបស់ប្រទេសវេណេហ្សូអេឡា នឹងក្រឡាប់នៅចុងឆ្នាំ២០១៨នេះ៕