ភ្នំពេញ ៖ នាយកប្រតិបត្តសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា កំណែទម្រង់ការប្រឡងបាក់ឌុបបានឈានដល់ចំណុចកាន់តែប្រសើរ ខណៈរដ្ឋមន្ដ្រីក្រសួងអប់រំ អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៨នេះ កាន់តែល្អប្រសើរ ដោយឈរលើគោលការណ៍ ៤ ចំណុច។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅថ្ងៃទី២០ ខែសីហា នេះ គឺថ្ងៃដំបូងនៃការចាប់ផ្ដើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា ប្រឡងបាក់ឌុប។ ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី០៥ ដែលក្រសួងអប់រំ អនុវត្ដន៍ទៅតាមគោលការណ៍ ច្បាប់ យុត្ដិធម៌ តម្លាភាព នឹងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំបានអនុវត្ដន៍តាមគោលការណ៍នេះ កាលពីឆ្នាំ២០១៤ ដែលកាលនោះ មានអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ហាសង្គមជាច្រើនរូប បានតាមដាន នឹងឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ នៅពេលដែលគោលការណ៍នេះបានអនុវត្ដន៍ ពេលកំពុងប្រឡង។ ដោយឡែកនៅឆ្នាំ២០១៨នេះ អ្នកឃ្លាំមើលពីបញ្ហាសង្គមមួយរូបបានបញ្ជាក់ឲ្យដឹងថា ការអនុវត្ដរបស់ក្រសួងអប់រំ គឺបានឈានដល់ចំណុចដែលកាន់តែល្អប្រសើរ។
លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២០ ខែសីហានេះថា នៅឆ្នាំនេះ លោកមិនបានចុះទៅសង្កេតមើលនៅតាមមណ្ឌលប្រឡងដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។ ពីព្រោះតែគិតមកដល់ឆ្នាំ២០១៨នេះ យន្ដការណ៍របស់ក្រសួងអប់រំ បានឈានដល់ឆ្នាំ៥ ទៅហើយ ដែលគ្មានអ្វីគួរឲ្យកត់សម្គាល់ និងគួរកែតម្រូវបន្ថែមនោះទេ ៖«ខ្ញុំគិតថា ជាឆ្នាំមួយដែលមានការអនុវត្ដហ្នឹងប្រសើរដែរហើយ អញ្ចឹងបានយើងមិនបាច់ទៅអង្កេតអីថែមទៀតទេ»។
ការមើលឃើញរបស់នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជានេះ គឺស្របពេលដែលលោករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះដែរបានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែល្អ ហើយលោកគ្រូ អ្នកគ្រូ ក៏ទទួលបានការគោរព និងឲ្យតម្លៃកាន់តែខ្ពស់។
លោកបណ្ឌិត ហង្ស ជូនណារ៉ុន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី២០ ខែសីហានេះ ដោយបញ្ជាក់ថា កំណែទម្រង់លើការអប់រំ បានធ្វើឲ្យសិស្សានុសិស្សផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ ពីការពឹងផ្អែកទៅសំណៅឯកសារ មកយកចិត្ដទុកដាក់ក្នុងការសិក្សាវិញ។ ជាមួយគ្នានេះលោកបណ្ឌិត ហង្ស ជូនណារ៉ុន អះអាងថា ការប្រឡងនេះ នឹងប្រព្រឹត្ដទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្ដិធម៌ តម្លាភាព និងអាចទទួលយកបាន ៖«ការប្រឡងនេះ នឹងប្រព្រឹត្ដទៅដោយឈរលើគោលការណ៍ចំនួន ០៤ គឺគោលការណ៍ច្បាប់ ទី២គោលការណ៍តម្លាភាព អញ្ចឹងយើងឃើញហើយទាំងអស់គ្នា គឺយើងបើកការប្រឡងនេះឲ្យមានអ្នកស្ម័គ្រចិត្ដចូល ឲ្យមានអង្គភាពពាក់ព័ន្ធចូលត្រួតពិនិត្យ ក៏ដូចជាអ្នកសារព័ត៌មាន ទី៣ ការប្រឡងនេះរៀបចំឡើងដោយភាពយុត្ដិធម៌ អញ្ចឹងគឺអ្នកចេះជាប់ ទី៤ លទ្ធផលអាចទទួលយកបាន»។
សូមជម្រាបថា យោងតាមការវាយតម្លៃពីក្រសួងអប់រំ ដំណើរការប្រឡងនៅតាមមណ្ឌលនីមួយៗ នៅទូទាំងប្រទេស បានដំណើការដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ដោយមានការយកចិត្ដទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការ មេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ដ្រី អ្នកសង្កេត់ការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមគេហទំព័រក្រសួងអប់រំបានបញ្ជាក់ថា ក្នុងដំណើរការសំណេរថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី០១នេះ មានបេក្ខជនប្រឡងសរុបចំនួន ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ (១១៥២៦៨នាក់) ហើយមានស្សិសស្រី ៥ម៉ឺន ៨ពាន់ ១៥៨នាក់ (៥៨១៥៨នាក់) ខណៈមានសិស្ស អវត្ដមានសរុប ១ពាន់ ៧០៨នាក់ ហើយមានសិស្ស ស្រី ៦៩២នាក់៕