ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឲ្យដឹងថា ទឹកទន្លេមេគង្គនឹងបន្ដឡើងខ្ពស់ជាបន្ដបន្ទាប់ទៀត ចាប់ពីថ្ងៃទី២២ ខែសីហា ខាងមុខនេះ ដែលក្រសួងអះអាងថា ជាស្ថានភាពត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍របស់ក្រសួងធនធានទឹក ផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ម្សិលមិញ បានបញ្ជាក់ថា កម្ពុជាកំពុងរងឥទ្ធិពលព្យុះទី១៦ ឈ្មោះ បេប៊ីនកា ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ដែលធ្វើឲ្យទឹកទន្លេទាំងនេះ ជន់ឡើង។
ក្រសួងធនធានទឹក បន្ដទៀតថា ឥទ្ធិពលរបស់ព្យុះនេះ នឹងនាំឲ្យទឹកទន្លេមេគង្គ ហក់ឡើងដល់កម្រិតប្រុងប្រយ័ត្នក្នុងខេត្ដមួយចំនួន ដែលមានដូចជា ៖
ទន្លេមេគង្គស្ទឹងត្រែង កម្ពស់ទឹកអាចនឹងកើនដល់ ១១.០០ ម៉ែត្រ នាថ្ងៃទី ២២ ខែសីហា (កម្ពស់ទឹកប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ)។
ទន្លេមេគង្គក្រចេះ កម្ពស់ទឹកអាចនឹងកើនដល់ ២២.២០ ម៉ែត្រ នាថ្ងៃទី ២៣ ខែសីហា (កម្ពស់ទឹកប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។
ទន្លេមេគង្គកំពង់ចាម កម្ពស់ទឹកអាចនឹងកើនដល់ ១៥.៤៥ ម៉ែត្រ នាថ្ងៃទី ២៤ ខែសីហា (កម្ពស់ទឹកប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។
ទន្លេបាសាក់-ចតុមុខ រាជធានីភ្នំពេញ ទឹកអាចកើនឡើងដល់កម្ពស់ ៩.៩០ ម៉ែត្រ នាថ្ងៃទី ២៤ ខែសីហា (កម្ពស់ទឹកប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៥០ ម៉ែត្រ)។
បន្ថែមពីនេះ ក្រសួងប្រាប់ឲ្យដឹងទៀតថា ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត។ ដោឡែកទន្លេសេកុង និងទន្លេសេសាន ទឹកអាចនឹងស្រកចុះមកវិញ ក្នុងអំឡុង ២ ឬ ៣ថ្ងៃខាងមុខនេះ។
យោងតាមការព្យាករណ៍នេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថា ហេតុ៕