en     km
en     km

ទឹកទន្លេ​មេគង្គ​នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ចាប់ពី​ថ្ងៃ​ទី​២២​ ខែសីហា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកទន្លេ​មេគង្គ​នឹង​បន្ដ​ឡើង​ខ្ពស់​ជា​បន្ដបន្ទាប់​ទៀត​ ចាប់ពី​ថ្ងៃ​ទី​២២​ ខែសីហា​ ខាង​មុខ​នេះ​ ដែល​ក្រសួង​អះអាង​ថា​ ជា​ស្ថានភាព​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ ម្សិលមិញ​ បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​ទី​១៦​ ឈ្មោះ​ បេ​ប៊ី​ន​កា​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ នៅ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ របស់​ទន្លេមេគង្គ​ ទន្លេសេកុង​ និង​ទន្លេសេសាន​ ដែល​ធ្វើ​ឲ្យ​ទឹកទន្លេ​ទាំងនេះ​ ជន់​ឡើង​។​

​ក្រសួង​ធនធានទឹក​ បន្ដ​ទៀត​ថា​ ឥទ្ធិពល​របស់​ព្យុះ​នេះ​ នឹង​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ ហក់​ឡើង​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ក្នុង​ខេត្ដ​មួយ​ចំនួន​ ដែល​មាន​ដូច​ជា​ ៖

​ទន្លេមេគង្គ​ស្ទឹង​ត្រែង​ កម្ពស់​ទឹក​អាច​នឹង​កើន​ដល់​ ១១.០០​ ម៉ែត្រ​ នា​ថ្ងៃ​ទី​ ២២​ ខែសីហា​ (​កម្ពស់​ទឹក​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ១០.៧០​ម៉ែត្រ​)​។​

​ទន្លេមេគង្គ​ក្រចេះ​ កម្ពស់​ទឹក​អាច​នឹង​កើន​ដល់​ ២២.២០​ ម៉ែត្រ​ នា​ថ្ងៃ​ទី​ ២៣​ ខែសីហា​ (​កម្ពស់​ទឹក​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ២២.០០​ ម៉ែត្រ​)​។​

​ទន្លេមេគង្គ​កំពង់ចាម​ កម្ពស់​ទឹក​អាច​នឹង​កើន​ដល់​ ១៥.៤៥​ ម៉ែត្រ​ នា​ថ្ងៃ​ទី​ ២៤​ ខែសីហា​ (​កម្ពស់​ទឹក​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ១៥.២០​ ម៉ែត្រ​)​។​

​ទន្លេបាសាក់​-​ចតុមុខ​ រាជធានី​ភ្នំពេញ​ ទឹក​អាច​កើនឡើង​ដល់​កម្ពស់​ ៩.៩០​ ម៉ែត្រ​ នា​ថ្ងៃ​ទី​ ២៤​ ខែសីហា​ (​កម្ពស់​ទឹក​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ១០.៥០​ ម៉ែត្រ​)​។​

​បន្ថែម​ពី​នេះ​ ក្រសួង​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ទន្លេមេគង្គ​ក្រោម​ ទន្លេបាសាក់​ ទន្លេសាប​ និង​បឹង​ទន្លេសាប​ ទឹកនឹង​បន្ដ​កើនឡើង​សន្សឹមៗ​បន្ថែម​ទៀត​។​ ដោ​ឡែក​ទន្លេសេកុង​ និង​ទន្លេសេសាន​ ទឹក​អាច​នឹង​ស្រក​ចុះ​មក​វិញ​ ក្នុង​អំឡុង​ ២​ ឬ​ ៣​ថ្ងៃ​ខាង​មុខ​នេះ​។​

​យោង​តាម​ការ​ព្យាករណ៍​នេះ​ ក្រសួង​ធនធានទឹក​ បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​ដូច​ជា​ប្រពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​កើតឡើង​ជាយ​ថា​ ហេតុ​៕

Share

Image
Image
Image