en     km
en     km

ការអបអរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាបានបន្តធ្លាក់មកបណ្ដើរៗ

Share

សហជីពចំនួន៦ កាលពីថ្ងៃទី ១៦សីហា បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ដោយប្រកាសគាំទ្រ លទ្ធផល នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែល គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតតែឯងគ្រប់គ្រងទាំង ១២៥អាសនៈ ក្នុងរដ្ឋសភា។

ស្របពេលនេះ ក្រសួងការបរទេសកម្ពុជាបានបញ្ចេញ លិខិតរបស់មេដឹកនាំឥណ្ឌា និងសិង្ហបុរី ដែលសាទរ ជ័យជម្នះរបស់បក្សកាន់អំណាចហើយ ក្នុងនោះគេឃើញសម្ដេចសង្ឃទេពវង្ស និងសម្ដេច សង្ឃ បួរ គ្រីក៏មានលិខិត អបអរ បក្សកាន់អំណាច បន្តឈ្នះឆ្នោតម្ដងទៀត។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍ !

 

តាមសេចក្ដីថ្លែងការណ៍ដែលត្រូវបានអង្គភាពព័ត៌មាន Fresh News បានបង្ហោះជាសាធារណៈ គឺសហជីពទាំង៦បានប្រកាសដូចៗគ្នានេះថា៖ «​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនដែល ពិតជាបង្ហាញឆន្ទៈ ពិតប្រាកដ និងមោះមុតរបស់ប្រជាជនកម្ពុជា ជឿជាក់លើលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ពិតជាទទួលបានដោយកិត្តិយសនិងថ្លៃថ្នូរ»

សហជីពទាំង ៦នេះ រួមមាន ​សហភាពសហជីពយុវជនកម្មករកម្ពុជា, សហភាពជាតិកម្ពុជាការពារកម្មករ, សហភាពសហជីពជាតិឯករាជ្យកម្ពុជា, សហភាពកម្ពុជាពន្លឺកម្មករ, សហភាពសិទ្ធិកម្មករកម្ពុជា, សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ។

ទោះជាយ៉ាងណា គេពុំទាន់ឃើញ សហជីពឯករាជ្យធំៗដែលមានសមាជិកកម្មករច្រើនម៉ឺ​ននាក់ ចេញសេចក្ដីថ្លែងការណ៍ ប្រកាសគាំទ្រ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅឡើយទេខណៈសហជីពទាំងនោះ តែងតែសម្ដែងការព្រួយបារម្ភចំពោះវិធានការ បិទពន្ធអនុគ្រោះលើទំនិញ ពីកម្ពុជា ទៅសហភាពអឺរ៉ុបថាអាចនាំអោយមានការប៉ះពាល់ វិស័យវាយនភណ្ឌនិង សមាជិកគ្រួសារកម្មករ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។ ចំណែក គណបក្សផ្សេងៗដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។

លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថាអត្រាប្រជាជនដែលបានចូលរួមបោះឆ្នោតមានកម្រិតខ្ពស់រហូតដល់ ៨៣.០២ភាគរយ។ តាមលទ្ធផលបោះឆ្នោត បក្សខ្លះទទួលបានសន្លឹកឆ្នោតគាំទ្រតិចតួចបំផុត។

ស្របពេលនេះដែរ គេឃើញក្រសួងការបរទេសកម្ពុជា បានបញ្ចេញសេចក្ដីថ្លែងការណ៍របស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌាបានសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងនាយករដ្ឋមន្ត្រីនៃប្រទេសសីង្ហបុរី បានផ្ញើលិខិតសារទចំពោះជ័យជំនះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតសភានីតិកាលទី៣។

យោងតាមលិខិតរបស់ប្រទេសសិង្ហបុរីដែលអបអរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈមិនសូវជាខុសគ្នាប៉ុន្មានពីលិខិតសាទររបស់ឥណ្ឌានោះទេ។

ជាក់ស្ដែងលិខិតទាំងពីររបស់សីង្ហបុរី និងឥណ្ឌា មានសេចក្ដីថា ជាការអបអរសាទរ ចំពោះសម្ដេចហ៊ុនសែន អំពីជ័យជំនះរបស់គណបក្សប្រជាជន ទៅលើការបោះឆ្នោតសភានីតិកាលទី៦។ ជ័យជម្នះនេះបញ្ជាក់បានថា ជាសញ្ញាថាកម្ពុជា ស្ថិតក្រោមការដឹកនាំសរបស់សម្ដេចហ៊ុនសែន ដែលរកមកឱ្យប្រទេសនូវសុវត្តិភាព ភាពរុងរឿងយ៉ាងក្រៃលែង។

យ៉ាងណាមិញ ប្រទេសសីង្ហបុរី និងឥណ្ឌា មានជំនឿ និងត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជាបន្តទៅមុខទៀត។

ចំពោះប្រទេសសីង្ហបុរីបញ្ជាក់ថា ខ្លួនរង់ចាំទទួលស្វាគមន៍កម្ពុជាចូលរួមប្រជុំកំពូលអាស៊ានលើកទី ៣៣ ដែលនិងប្រព្រឹត្តនៅខែវិច្ចិការខាងមុខនេះ។

ចំណែកឯគណៈសង្ឃទាំងពីរគណៈ និងតំណាងព្រះសង្ឃទូទាំងប្រទេសវិញ ក៏បានប្រកាសគាំទ្រយ៉ាងចំពោះដំណើរការ និងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦នេះដែរ។

ក្នុងញត្តិគាំទ្រ របស់សម្ដេចសង្ឃទេពវង្ស និងគណៈសង្ឃ បួរ គ្រី ដែលចុះនៅថ្ងៃទី ៨ សីហា បានចុះផ្សាយថា ញត្តិគាំទ្រនេះធ្វើឡើងតំណាងឱ្យព្រះសង្ឃទូទាំងប្រទេស ដែលគាំទ្រយ៉ាងពេញទំហឹង និងឱឡារិកចំពោះដំណើរការនិងលទ្ធផលនៃការបោះឆ្នោតសភានីតិកាលទី៦។

ក្នុងញត្តិនេះបន្ថែមទៀតថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៩ កក្កដា បានប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យសេរី ពហុបក្ស និងគ្មានការបង្ខិតបង្ខំ។ យ៉ាងណាក្ដី ព្រះសង្ឃទាំងពីរគណៈនេះ​ បានប្រកាសគាំទ្រសម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៦នេះ បន្តទៀត។

ការបោះឆ្នោតសភាអាណត្តិថ្មីនេះ គ្មានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមនោះទេ ដោយសារបក្សប្រឆាំងធំនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦វិច្ឆិកា ឆ្នាំ ២០១៧ ក្រោមហេតុផលចោទមេបក្សនេះ គឺ លោក កឹម សុខា  ពីទោសក្បត់ជាតិ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ទោះជាមានតែសមាជិកសភា របស់បក្សកាន់អំណាចនៅក្នុងរដ្ឋសភាក៏ដោយ​ក៏មិនមានន័យថា បក្សកាន់អំណាចជិះ សេះលែងដៃបានឡើយ។ប៉ុន្តែលោកថា គ្មានវត្តមានតំណាងសំឡេងភាគតិច គឺសភារបស់បក្សកាន់អំណាច មិនមានឧបសគ្គក្នុងតាក់តែងច្បាប់ដើម្បីផលប្រយោជន៍ជាតិនោះទេ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថ្មីដែលនឹងបង្កើតឡើងនៅថ្ងៃទី ៥ កញ្ញា ទំនងមិនសូវពេញមុខមាត់លើឆាកអន្តរជាតិនោះទេព្រោះតែ សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប ២៧ប្រទេស សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ស៊ុយអែត ជប៉ុន ជាដើម ចាត់ទុកលទ្ធផលបោះឆ្នោតមិន ស្របតាមគោលការណ៍ប្រជាធិបតេយ្យឡើយ។

សម្រាប់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថា លោកនឹងទៅថ្លែងសុន្ទរកថានៅឯមហហាសន្និបាតលើកទី ៧៣ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅពាក់កណ្ដាលខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលវត្តមាន និងសាររបស់សម្ដេច គឺ ចាត់ទុកជាការតំណាងអោយប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិ ៕

Share

Image
Image
Image