ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព ហើយនៅម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨នេះ ។ នេះបើតាមឱ្យដឹងពីលោកមេធាវី ជូង ជូងី ។
ក្នុងផ្ដល់បទសម្ភាសខ្លីជុំវិញការដោះលែង លោក គឹម សុខ នេះ លោក ជូង ជូងី ដែលជាំេធាវីរបស់លោកមិនបានបញ្ជាក់អ្វីច្រើននោះទេ គ្រាន់តែនិយាយថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងហើយ នៅម៉ោង៩ព្រឹកនេះ។
គួររម្លឹកដែរថា សវនាការសាលាដំបូងរាជធានីភ្នំពេញដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងថ្មីនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សម្រាប់សំណុំរឿងទី១ របស់លោក គឹម សុខ តុលាការនឹងអនុវត្តទៅតាមនីតិវិធីបន្ទាប់ពីលោកអនុវត្តទោសបានគ្រប់ចំនួន។
សំណុំរឿងទីមួយនេះ ត្រូវបានប្ដឹងចោទ ប្រឆាំងលោក ពីបទ ញុះញង់ បំផុសបំផុល បញ្ឆេះកំហឹងមហាជនដែលអាចកើតមានអំពើចលាចលធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈសន្ដិសុខសង្គមទាំងមូលដោយសារតែ លោកចោទបក្សកាន់អំណាចថានៅពីក្រោយឃាតកម្មលើ លោក បណ្ឌិតកែមឡី។
ក្នុងសំណុំរឿងនេះ តុលាការបានផ្តន្ទាទោសលោក ១ឆ្នាំ ៦ខែ ដោយគិតពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧។ គិតមកដល់ថ្ងៃទី ១៧សីហា ២០១៨នេះ អ្នកវិភាគវ័យក្មេងនេះ បានអនុវត្តទោសបានគ្រប់ចំនួនហើយ ។
ដោយឡែក សម្រាប់សំណុំរឿងទី ២នេះ តុលាការកំពុងធ្វើតាមនីតិវិធីសាកសួរ ហើយនឹងសាកសួរនៅពេលក្រោយទៀត។សំណុំរឿងទី២នេះ ត្រូវបាន ប្តឹងដោយលោក គី តិច មេធាវីរបសសម្តេច ហ៊ុន សែន ពាក់ព័ន្ធករណី ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ប៉ុន្តែរកឃាតករមិនដែលឃើញ។
ជាលទ្ធផល លោក គឹម សុខ ត្រូវបានដោះលែងពីពន្ធនាគារព្រៃសរនៅថ្ងៃទី ១៧ សីហា ឆ្នាំ២០១៨នេះ ដោយលោក គឹម សុខ នៅស្ថិតក្នុងសាលក្រមប្ដឹងទារជំងឺចិត្តរបស់ដើមបណ្ដឹង ៨០០លានរៀល ៕