ការចរចារវាងគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា នាល្ងាចថ្ងៃព្រហស្បតិ៍ទី១ ខែតុលាម្សិលមិញ បានបញ្ចប់ ដោយមិនបានបង្ហាញលទ្ធផលជាដុំកំផួនដល់អ្នកសារព័ត៌មាននោះទេ។ អ្នកនយោបាយនៃគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រាន់តែប្រាប់ថា មានចំណុចត្រូវរូវគ្នាច្រើន ហើយចំណុចសេសសល់តិចតួចទៀត នឹងពិភាក្សាបន្តនៅសប្ដាហ៍ក្រោយ ព្រមទាំងអះអាងផងដែរថា នឹងបង្ហាញលទ្ធផលនៅពេលក្រោយ។
ក្រោយបញ្ចប់ការពិភក្សាលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើនៅវិមានរដ្ឋសភា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ លោកស ខេង ដែលជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា មិនបានមានប្រសាសន៍ពាក់ព័ន្ធនឹងការចរចានោះទេ ដោយលោកបានប្រគល់ភារៈក្នុងការផ្ដល់ព័ត៌មានទៅលោកប៉ែន បញ្ញា និងលោកអេង ឆៃអ៊ាង។
ចំណែកឯលោកសម រង្ស៊ីវិញ ក៏មិនបានមានប្រសាសន៍ពាក់ព័ន្ធនឹងលទ្ធផលនៃការចរចានោះដែរ ប៉ុន្តែលោកបានបញ្ជាក់ថា ការជួបជជែកគ្នារវាងគណបក្សទាំងពីរ គឺបន្តបង្ហាញថា វប្បធម៌សន្ទនានៅមានជីវិតនៅឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានឲ្យអ្នកសារព័ត៌មានដឹងថា ការពិភាក្សាលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺមានការឯកភាពគ្នាស្ទើរតែទាំងស្រុង ឯចំណុចដែលនៅសល់តិចតួច នឹងត្រូវពិនិត្យកែសម្រួល ហើយនឹងដាក់ជូនថ្នាក់ដឹកនាំជាចុងក្រោយ។ លោកអេង ឆៃអ៊ាងបញ្ជាក់ថា លទ្ធផលរួមនៃកិច្ចប្រជុំ នឹងដឹងនៅសប្ដាហ៍ក្រោយ។
ទាក់ទងនឹងបញ្ហាពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតឃុំសង្កាត់វិញ លោកអេង ឆៃអ៊ាង ក៏បញ្ជាក់ដែរថា ប្រហែលជានឹងត្រូវលើកទៅពិភាក្សារួមគ្នានៅសប្ដាហ៍ក្រោយ។
ពាក់ព័ន្ធនឹងការកែទម្រង់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាឯនោះវិញ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា គឺលោកប៉ែន បញ្ញា ដែលជាប្រធានក្រុមនីតិកម្ម និងជាប្រធានក្រុមជជែកពិភាក្សា បានឲ្យអ្នកសារព័ត៌មានដឹងថា គណបក្សទាំងពីរបានឯកភាពគ្នាកែសម្រួលប្រការចំនួន១៤ ក្នុងចំណោមប្រការទាំង៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។ លោកថា នៅមានចំណុចមិនទាន់ត្រូវគ្នាតិចតួចប៉ុណ្ណោះ ដែលនឹងត្រូវពិភាក្សាគ្នាឡើងវិញ «តាមការពិតទៅ យើងបានខិតខំនៅក្នុងការងារនេះប្រជុំជាច្រើនលើក ហើយយើងបានស្រុះស្រួលគ្នាធ្វើការកែសម្រួល១៤ប្រការ លើ៨៣ប្រការ នៃបទបញ្ជាផ្ទៃក្នុងចាស់ ។ យើងនៅសល់តែចំណុចបន្តិចបន្តួច ដែលត្រូវពិភាក្សាគ្នាឡើងវិញ ដើម្បីដាក់ជូនប្រធានក្រុមតំណាងរាស្ត្រ គណៈដឹកនាំក្រុមតំណាងរាស្ត្រ លោកនឹងពិនិត្យចុងក្រោយ ហើយនឹងសម្រេចដើម្បីបញ្ចូលទៅកិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំពេញអង្គរបស់រដ្ឋសភា»។
យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានបានសួរបញ្ជាក់ទៅលោកប៉ែន បញ្ញា និងលោកអេង ឆៃអ៊ាង អំពីចំណុចដែលបានព្រមព្រៀងគ្នា និងចំណុចសេសសល់ ដែលត្រូវជជែកពិភាក្សាបន្ត ដើម្បីឲ្យអ្នកសារព័ត៌មានមានមូលដ្ឋានច្បាស់លាស់ក្នុងការរាយករណ៍។ ប៉ុន្តែលោកអេង ឆៃអ៊ាង គ្រាន់តែបញ្ជាក់ថា មានចំណុចឯកភាពគ្នាច្រើន ដែលមិនអាចយកមកធ្វើអត្ថាធិប្បាយអស់ ហើយចំណុចដែលនៅសេសសល់ ក៏មិនមែនជាចំណុចតានតឹងនោះដែរ។
លោកអេង ឆៃអ៊ាង បញ្ជាក់ថា ការកែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺខុសពីការកែច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ។ លោកថា ការកែបទបញ្ជាផ្ទៃក្នុង មិនមែនធ្វើតែម្ដង ហើយចប់នោះទេ គឺនៅតែមានការកែជាបន្តបន្ទាប់។ ឯលោកប៉ែន បញ្ញា ថានឹងបង្ហាញលទ្ធផលនៅពេលក្រោយ «កែលម្អបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានេះ មិនមែនថា កែពេលនេះចប់ទេ គឺអាចធ្វើជារាងរាល់ រាងរាល់ចាំបាច់ រាងរាល់អាណត្តិ ហើយក៏ពេលខ្លះអាចរាងរាល់ចាំបាច់ផង ។ ឯកឧត្តមបណ្ឌិតអាចជម្រាបជូនថា ថាបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះយើងធ្វើវិសោធនកម្មប៉ុន្មានដឹងហើយ ។ វាអត់មានដូចច្បាប់ដទៃទៀតថាចេញទៅ វាលំបាកនឹងការយកមកធ្វើវិសោធនកម្មទេ ។ ប៉ុន្តែបទបញ្ជាផ្ទៃក្នុងនេះការយល់ឃើញរបស់រដ្ឋសភា»។
សូមជម្រាបថា ការជជែកពិភាក្សាលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានចាប់ផ្ដើមតាំងពីខែកុម្ភៈ ឆ្នាំ២០១៥មក ហើយតាមគម្រោងនឹងត្រូវឲ្យសភាអនុម័តនៅចុងខែតុលានេះ៕