en     km
en     km

ចំណូលអ្នករកស៊ីថតរូបធ្លាក់ចុះ ខណ:ទូរស័ព្ទស្មាតហ្វូនជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ

Share

WatPhnom-Cover

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​ សម្ភារៈ​បរិក្ខារ​ទំនើបៗ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ ក្នុង​នោះ​ក៏​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ (Smart Phone) ​ផង​ដែរ​។​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​មាន​តួនាទី​ច្រើន​យ៉ាង​ ដូច​ជា​ឧបករណ៍​ចាក់​បទ​ចម្រៀង​មើល​វី​ដេ​អូ​ ប្រើ​អ៊ី​ម៉ែ​ល​ លេង​ហ្វេ​ស​ប៊ុ​ក​ រួម​ជាមួយ​តួនាទី​ជា​ច្រើន​ទៀត​ ជា​ពិសេស​គឺ​កា​ម៉េ​រ៉ា​ថតរូប​។​ ដោយសារ​តែ​កា​ម៉េ​រ៉ា​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​អ្នក​ប្រកប​របរ​ថតរូប​នៅ​តាម​រមណីយដ្ឋាន​មួយ​ចំនួន​ ក្នុង​​រាជធានី​ភ្នំពេញ​​កំពុង​បាត់​ចំណូល​ប្រចាំ​ថ្ងៃ​។​ តើ​អ្នក​ប្រកប​របរ​ថតរូប​តាម​ទី​សាធារណៈ​​យល់​ឃើញ​បែប​ណា​ចំពោះ​ករណី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​?

​កញ្ញា​ មឿង​ ស្រី​ភា​ មាន​ភារៈ​នាំ​លោក​អ្នក​នាង​ទៅ​ជួប​អ្នក​ថតរូប​ទាំងនោះ​ ៖

​នៅ​ក្រោម​ម្លប់ឈើ​ធំ​មួយ​ដើម​ក្នុង​រមណីយដ្ឋាន​វត្ត​ភ្នំ​ មាន​អ្នក​ថតរូប​ប្រុស​ស្រី​ជា​ច្រើន​កំពុង​អង្គុយ​ជជែក​គ្នា​ ខណៈ​ពួក​គេ​កំពុង​រង់ចាំ​ដើរ​កម្សាន្ត​ហៅ​ថតរូប​។​ បុរស​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​ម្នាក់​ គឺ​លោក​ ឌី​ សុភា​ កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​អ្នក​ថតរូប​ទាំងនោះ​។​

​ខណៈ​កំពុង​រង់ចាំ​ហៅភ្ញៀវ​ចូល​ថតរូប​ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​ប្រាក់​ចំណូល​របស់​ជាង​ថតរូប​ កំពុង​ថយ​ចុះ​ចន្លោះ​ពី​ ៧០%​ ទៅ​ ៨០%​ ដោយសារ​តែ​មា​នប​ចេ្ច​ក​វិទ្យា​ទំនើបៗ​ច្រើន​។​ លោក​ថា​ កាលពីមុន​ប្រាក់​ចំណូល​ក្នុង​មួយ​ថ្ងៃ​បាន​២​ឬ​៣​ ម៉ឺន​រៀល​ តែ​បច្ចុប្បន្ន​ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ច្រើន​ ទើប​រូប​លោក​ត្រូវ​ដើរ​ថត​ចល័ត​គ្រប់​ទីកន្លែង​ ​ជា​ពិសេស​​នៅ​​តាម​​ទី​វត្ត​អារាម​ ឬ​ទីកន្លែង​កម្សាន្ត​នានា​។​

«​ថត​ចុះ​ខ្សោយ​ជាង​មុន​ ព្រោះ​ឥឡូវនេះ​វា​ការ​អភិវឌ្ឍ​ វា​ច្រើន​ដល់​ពេល​ចឹ​ង​ ទូរស័ព្ទ​ដូច​ជា​អីហ្នឹង​ វា​ទំនើបៗ​ ដល់​ចឹ​ង​ការ​រកស៊ី​វា​ចុះថោក​ ៧០%​ ទៅ​ ៨០%​  ដោយសារ​អតិថិជន​ឥឡូវ​គេ​មក​ភាគច្រើន​ គេ​យក​ទូរស័ព្ទ​ថត​ ឬ​ក៏​ឡេ​ប​ថប់​ ឡេ​ប​អីចឹង​។​ ដល់​ពេល​ចឹ​ង​មិន​ដូច​សម័យ​មុន​ សម័យ​មុន​វា​មាន​តែ​ម៉ាស៊ីន​ទេ​ អត់​មាន​ទូរស័ព្ទ​ណា​ទំនើបៗ​ទេ​។​ និយាយ​ទៅ​ភាគច្រើន​មិនសូវ​បាន​ ពី​មុន​ថា​ក្នុង​មួយ​ថ្ងៃ​វា​អាច​បាន​ពីរ​ បី​ម៉ឺន​  បួន​ ប្រាំ​ម៉ឺន​ចឹ​ង​។​ ដល់​ឥឡូវនេះ​បី​ថ្ងៃ​មិន​ទាន់​បាន​ផង​។​ ពី​មុន​ខ្ញុំ​ថត​នៅ​ហ្នឹង​រយៈពេល​ ៨​ឆ្នាំ​ តែ​ឥឡូវ​ហ្នឹង​ វាទី​តាំង​វត្ត​ភ្នំ​វារ​កលែង​បាន​។​ អ៊‍ីចឹង​ខ្ញុំ​ចេះ​តែ​ដើរ​ចល័ត​តាម​វត្ត​តាម​អ៊‍ីចឹង​ណា​។​ ទាល់តែ​ដើរ​ថត​រោងការ​អ៊‍ីចឹង​ទៅ​នាយ​ឱ្យ​ អី​ទៅ​ ហើយ​ទៅ​វត្ត​ ទៅ​អីចឹង​ទៅ​ កម្មវិធី​បុណ្យ​អ​ចឹ​ង​ ហ្នឹង​បាន​អាច​ទប់​គ្រួសារ​យើង​។​ បើ​នៅ​វត្ត​ភ្នំ​នេះ​រក​មិន​បាន​ទេ​ឥឡូវ​»​។​

​ចំណែក​លោក​ ឌឿ​ន​ ជា​អ្នក​ប្រកប​របរ​ថតរូប​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ដែរ​នោះ​ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ដែរ​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ចំណូល​បាន​ប្រហែល​តែ​ ១​ម៉ឺន​ ឬ​ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ លោក​ថា​ សព្វថ្ងៃ​ការ​ថតរូប​មានការ​ធា្ល​ក់​ចុះ​ ព្រោះ​ភ្ញៀវ​ដែល​មក​កម្សាន្ត​ភាគច្រើន​ ថតរូប​តាម​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​។​

WatPhnom-Cover-01

​លោក​បន្ថែម​ថា​ កាលពីមុន​មាន​ភ្ញៀវ​ថតរូប​ច្រើន​ ព្រោះ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​សត្វ​ស្វា​ ឬ​ សត្វ​ដំរី​ តែ​បច្ចុប្បន្ន​មិន​មាន​សត្វ​ទាំងនោះ​ទៀត​ទេ​ ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​មិនសូវ​ថតរូប​ដូច​មុន​។​ លោក​ថា​ ថតរូប​មួយ​សន្លឹក​ថ្លៃ​ជាង​ ៣០០០​ រៀល​ប៉ុណ្ណោះ​ ហើយ​ភ្ញៀវ​ក៏​មិន​រង់ចាំ​យូរ​ដែរ​ គឺ​ចាំ​ប្រហែលជា​ ៥​ ទៅ​៦​ នាទី​ រួច​ជា​ការ​ស្រេច​។​ លោក​ថា​  «​ចំណូល​មួយ​ថ្ងៃ​បាន​មួយ​ម៉ឺន​ជាង​ពីរ​ម៉ឺន​ហ្នឹង​ គ្រាន់​ថា​ឥឡូវ​ចុះ​ថយ​ជាង​មុន​ ឆ្ងាយ​ពី​មុន​មក​គេ​អត់​មាន​ទូ​ស័ព្ទ​ទំនើបៗ​ ឥឡូវ​គេ​ប្រើ​ទូរស័ព្ទ​ទំនើបៗ​ អត់​សូវ​មាន​ពី​ណា​គេ​ថត​ទេ​ឥឡូវ​ ដូច​ថា​យើង​ហៅ​គេ​ទៅ​ ភាគច្រើន​គេ​មាន​ទូរស័ព្ទ​។​ ពី​មុន​មក​ដូច​ថា​សម្បូរ​ អ្នក​ថត​ណាស់​ មាន​ស្វា​ មាន​ដំរី​អី​ទៅ​សម្បូរ​ណាស់​ឥឡូវ​អត់​ទេ​ស្ងាត់​មនុស្ស​មែនទែន​ ។​ ថត​ភ្លាម​ យក​ភ្លាម​ តែ​ប្រហែលជា​ប្រាំ​នាទី​ជាង​អីហ្នឹង​ ព្រោះ​អី​យើង​មាន​ម៉ាស៊ីន​ផ្ដិត​នឹង​ឥឡូវ​ណ៎ះ​ មួយ​សន្លឹក​៣០០០»​។​

​អ្នក​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ម្នាក់​ គឺ​កញ្ញា​ ណា​ ភី​ន​ មក​ពី​ខេត្តព្រះវិហារ​។​ កញ្ញា​និយាយ​ថា​ កញ្ញា​ចូល​ចិត្ត​ថតរូប​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ខ្លួនឯង​ផ្ទាល់​ ព្រោះថា​ បើ​ជួល​ជាង​ថតរូប​ឱ្យ​នោះ​កញ្ញា​ត្រូវ​ចំណាយ​លុយ​ទៅ​លើ​ការ​ថតរូប​នោះ​។​ «​ខ្ញុំ​មក​ដើរមក​លេង​តែឯង​ ខ្ញុំ​ចូល​ចិត្ត​ថត​ដាក់​ទូរស័ព្ទ​ដាក់​ពីមុខ​ហ្មង​ អត់​សូវ​ថត​ឱ្យ​គេ​ថត​ទេ​ ព្រោះ​អី​អស់​លុយ​ ជួនកាល​ចឹ​ង​ ខ្ញុំ​ទៅ​ថត​មុខ​វាំង​អីចឹង​ណ៎ះ​ ចាស​នឹង​បាន​យើង​យូរៗ​យើង​ថត​ដាក់​មើល​ម្ដង​អីចឹង​ណា​»​។​

​យុវតី​ដែល​ជា​អ្នកទេសចរ​ម្នាក់​ទៀត​ ដែល​កំពុង​ដើរ​កម្សាន្ត​ជាមួយ​មិត្តភក្ដិ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ដែរ​នោះ​ គឺ​កញ្ញា​ ណេ​ង​ ស្រី​ណុ​ច​ ជា​និស្សិត​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​។​ កញ្ញា​បាន​និយាយ​ថា​ ភាគច្រើន​កញ្ញា​ចូល​ចិត្ត​ថតរូប​ដោយ​ប្រើ​ទូរ​សព្ទ​ដៃ​ ព្រោះ​កញ្ញា​គិត​ថា​ ការ​ថតរូប​ក្នុង​ទូរស័ព្ទ​ដៃ​ធ្វើ​ឱ្យ​កញ្ញា​ចង់​មើលរូប​ភាព​ពេល​ណា​ក៏​បាន​ ហើយ​ទូរ​សព្ទ័​ដៃ​អាច​ថតរូប​បាន​ច្រើន​ថែម​ទៀត​ផង​ «​ខ្ញុំ​ភាគច្រើន​ ចូល​ចិត្ត​ថត​ជាមួយនឹង​ទូរស័ព្ទ​ដៃ​របស់ខ្ញុំ​ ពីព្រោះ​ខ្ញុំ​គិត​ថា​បើសិនជា​ខ្ញុំ​ថត​ក្នុង​ទូរស័ព្ទ​ដៃ​ខ្ញុំ​ ខ្ញុំ​ចង់​បើក​មើល​ពេល​ណា​ពេល​ហ្នឹង​ ហើយ​វា​អាច​ថត​បាន​ច្រើន​សន្លឹក​ទៀត​។​ បើ​ខ្ញុំ​ដើរ​ជាមួយ​គ្រួសារ​ ខ្ញុំ​អាច​ជួល​គេ​ថត​ហើយ​ខ្លះ​ទៀត​ខ្ញុំ​ថត​ទូរស័ព្ទ​​ដៃ​ដែរ​»​។

​ចំណែក​អ្នកស្រី​ ថា​ន់​ សា​រៀម​ មក​ពី​ខេត្តស្វាយរៀង​កំពុង​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​នៅ​មុខ​ព្រះ​បរមរាជវាំង​ បាន​និយាយ​ថា​ អ្នកស្រី​ចូល​ចិត្ត​ថតរូប​ជា​លក្ខណ​:​គ្រួសារ​ តាម​ទូរស័ព្ទ​ដៃ​ហើយ​ពេល​ខ្លះ​ អ្នកស្រី​តែងតែ​ជួល​ជាង​ឱ្យ​ថតរូប​ដែរ​ ដើម្បី​បាន​រូបថត​ល្អ​ ទុកដាក់​តាំង​ឱ្យ​កូន​មើល​នៅ​ពេល​ខ្លួន​ចាស់ជរា​  «​ចូល​ចិត្ត​ថត​ជា​លក្ខណ​:​គ្រួសារ​ ចង់​ថត​ទូរស័ព្ទ​ដៃ​ ថត​មើល​លេង​អីចឹង​ណា​ ហើយ​ថត​ជា​រូប​ចឹ​ង​ទៅ​ឱ្យ​គេ​ផ្ដិត​មក​ជា​សន្លឹក​ចឹ​ង​ទុក​តាំង​មើលទៅ​ថ្ងៃក្រោយ​ទៀត​។​ ភាគច្រើន​ខ្ញុំ​ចង់​ជួល​គេ​ថត​ឱ្យ​មាន​ជា​សន្លឹក​ចឹ​ង​ណា៎​!​ ដាក់​តាំង​ទុក​មើល​ថ្ងៃក្រោយ​ចឹ​ង​ទៅ​អនាគត​ទៅ​ព្រោះ​ខ្ញុំ​ថត​អី​ ព្រោះ​ខ្ញុំ​ថត​ជា​សន្លឹក​ចឹ​ង​ទុក​ឱ្យ​កូន​មើលទៅ​អនាគត​ពេល​ ដែល​ខ្ញុំ​ចាស់​អីចឹង​ទៅ​ហើយ​ណា៎​!​»​។​

​រីឯ​អ្នក​ប្រកប​របរ​ថតរូប​នៅ​មុខ​ព្រះ​បរមរាជវាំង​ឯណោះ​វិញ​ គឺ​លោក​ ស៊ួ​ង​ នួន​ មាន​វ័យ​ជាង​៤០​ឆ្នាំ​។​ ខណៈ​កំពុង​រង់ចាំ​ភ្ញៀវ​ថតរូប​ លោក​បាន​និយាយ​ថា​ ភាគច្រើន​ភ្ញៀវ​មក​ពី​តាម​ជនបទ​ ចូល​ចិត្ត​ថតរូប​ច្រើន​ជាង​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​។​ លោក​ថា​ ប្រាក់​ចំណូល​បាន​ពី​ការ​ថតរូប​ បាន​ចំណេញ​តិច​តូច​ប៉ុណ្ណោះ​ ព្រោះ​ត្រូវ​ចំណាយ​ទៅ​លើ​ទឹក​ថ្នាំ​ និង​ម៉ាស៊ីន​ព្រី​ន​។​ លោក​បន្ថែម​ថា​ បានជា​លោក​ចាប់​យក​អាជីព​ជា​អ្នក​ថតរូប​ ព្រោះ​លោក​ជា​យោធិន​ពិការ​ ហើយ​ការងារ​នេះ​មាន​ភាព​ងាយស្រួល​ ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំង​ខ្លាំង​ដូច​ការងារ​ផ្សេង​។​

​លោក​ថា៖​ «​ភ្ញៀវ​តាម​ក្រុងភ្នំពេញ​កម្រ​ថត​ណាស់​ បើ​ថា​ប្រហែល​ ១០០​នាក់​អីហ្នឹង​ប្រហែលជា​ពីរ​បី​នាក់​នឹង​ថត​ ភាគច្រើន​គេ​មក​ពី​ជនបទ​ជួនកាល​៥០%​គេ​អាច​ថត​។​ បើសិនជា​យើង​ថត​មួយ​ថ្ងៃ​បាន​ឧទាហរណ៍​ថា​ហេង​៤​ម៉ឺន​ ចឹ​ង​ផាត់​ទឹក​ថ្នាំ​ផាត់​អី​ទៅ​វា​សល់​មួយ​ម៉ឺន​ពីរ​ ម៉ឺន​អីចឹង​ទៅ​អាហ្នឹង​សល់​ចំណេញ​ ហើយ​នៅ​យើង​ស៊ីចាយ​ណេះណោះ​ទៀត​ ជួនកាល​វា​ទាល់​ដើម​ក៏​មាន​ វា​អត់​ទៀង​។​ បានជា​ខ្ញុំ​ចាប់​យក​អាជីព​អ្នក​ថត​ ព្រោះ​អាជីព​អ្នក​ថត​វា​អត់​លំបាក​ទេ​។​ ណាមួយ​ខ្ញុំ​ជា​យោធិន​ពិការ​ ពិការ​ជើង​ណា៎​!​ បើសិនជា​ខ្ញុំ​ទៅ​លី​សែង​អី​ គឺ​ខ្ញុំ​ទៅ​មិន​រួច​ ។​ អ​ញ្ចឹ​ង​ខ្ញុំ​យក​អាជីព​ថត​ វា​ការងារ​វា​អត់​ធ្ងន់​ទី​មួយ​  ទី​ពីរ​វា​អាច​ទទួលយក​បានការ​ងារ​ហ្នឹង​ណា៎​!»៕

Share

ព័ត៌មានទាក់ទង

Image