ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន នៅថ្ងៃទី១៥ សីហានេះបានប្រកាសជំហរចង់បើកវេទិកាមួយពិភាក្សាជាមួយបណ្តាគណបក្សដែលគ្មានអាសនៈក្នុងរដ្ឋសភាអោយពួកគេមកពិភាក្សាគ្នា ដើម្បីឈានទៅបង្កើតបក្សប្រឆាំងក្រៅរដ្ឋសភា សម្រាប់តាមដាន រិះគន់ និងស្ថាបនាការអនុវត្តគោលនយោបាយរបស់បក្សកាន់អំណាច។ ពាក់ព័ន្ធការបង្កើតបក្សប្រឆាំងក្រៅរដ្ឋសភា បក្សខ្លះសាទរនិងត្រៀមខ្លួនចូលរួម។ តែអ្នកវិភាគយល់ថា ការបង្កើតនេះទំនងមិនមានប្រសិទ្ធកែលម្អរដ្ឋាភិបាលនោះទេ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាងមួយម៉ឺននាក់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានប្រកាសពីបំណងចង់បើកវេទិកាមួយ ដោយកោះហៅបណ្តាគណបក្សនយោបាយទាំងអស់មកចូលរួមជជែក ពិភាក្សាគ្នា ដើម្បីអាចមានលទ្ធភាពឈានទៅបង្កើតគណបក្សក្រៅរដ្ឋសភា ខណៈលទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សតូចៗទាំងអស់មិនទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។
សម្តេចលើកឡើងថា ការបង្កើតឱ្យមានបក្សប្រឆាំងក្រៅរដ្ឋសភា គឺដើម្បីប្រមូល គំនិត យោបល់ ការរិះគន់ ដោយន័យស្ថាបនាពីគណបក្សទាំងអស់ ដើម្បីជំរុញនិងកែលម្អការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសជួយទប់ស្កាត់កុំឱ្យគណបក្សកាន់អំណាចជិះសេះលែងដៃ។
សម្រាប់សម្តេច ហ៊ុន សែន គណបក្សនយោបាយដែលដើរតួជាប្រឆាំងរដ្ឋសភា នឹងទទួលបានប្រជាប្រិយភាពពីប្រជាជននៅអាណត្តិក្រោយ ព្រោះបានចូលរួមរិះគន់ កែលម្អចំណុចខ្វះខាតរបស់បក្សកាន់អំណាច។
សម្តេចបានបង្ហើបថា សម្តេចមានបំណងចង់អញ្ជើញប្រធាន ឬថ្នាក់ដឹកនាំគណបក្សធ្វើជាទីប្រឹក្សាក្រសួងតាមសមត្ថភាពរបស់បុគ្គលនោះ។
ពាក់ព័ន្ធរឿងនេះ លោក ញេប ប៊ុនជិន អនុប្រធាននិង ជាអ្នកនាំពាក្យរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច បាន គាំទ្រចំពោះការផ្តួចផ្តើមបង្កើតឱ្យមានគណបក្សប្រឆាំងក្រៅរដ្ឋសភា ប្រសិនបើរដ្ឋាភិបាលពិតជាមានឆន្ទៈទទួលយកការរិះគន់ពីបក្សប្រឆាំង ដែលបង្កើតមែននោះ។ លោកបន្តថា ការបង្កើតឱ្យមានបក្សប្រឆាំងក្រៅរដ្ឋសភា គឺជាការវិវត្តនៃលទ្ធិប្រជាធិបតេយ្យថែមមួយកម្រិត ព្រោះថានៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ សំឡេងបក្សប្រឆាំងគឺមានគុណប្រយោជន៍ខ្លាំងណាស់ ក្នុងការកែលម្អចំណុចខ្វះខាតរបស់រដ្ឋាភិបាល។
បើតាមលទ្ធផល បឋម បក្សនយោបាយ ចំនួន ១៩ រួមទាំងគណបក្សរាជានិយមហ៊ុន ស៊ីនប៉ិច ដែលឈ្នះឆ្នោត សភា អាណត្តិទីមួយ ក៏មិនអាចដំណើ្ដមអាសនះមួយឡើយ។ ចំណែកបក្សកាន់អំណាចដឹកនាំដោយសម្ដេចហ៊ុនសែន ទំនងជាបានអាសនះ ទាំងអស់នៃរដ្ឋសភា គឺ១២៥ អាសនះ។
ជុំវិញរឿងនេះ កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេងមានប្រសាសន៍ថា ការបង្កើតគណបក្សប្រឆាំងក្រៅរដ្ឋសភា ដែលផ្តួចផ្តើមចេញពីគំនិតរបស់ប្រមុខរដ្ឋាភិបាលនេះ ទំនងមិនសូវមានគុណភាព និងប្រសិទ្ធិភាពដើម្បីទៅរិះគន់ កែលម្អ និងធ្វើឱ្យមានការផ្លាស់ប្តូរភាពអវិជ្ជមានរបស់រដ្ឋាភិបាលនោះទេ។ កញ្ញាបន្តថា គណបក្សប្រឆាំងមួយដែលរឹងមាំ គឺត្រូវមានគោលដៅ ការគ្រប់គ្រង និងរចនាសម្ព័ន្ធត្រឹមត្រូវនិងច្បាស់លាស់ ហើយមិនកើតចេញពីការអំពាវនាវរបស់បក្សឈ្នះឆ្នោតនោះទេ។
អ្នកវិភាគនយោបាយរូបនេះយល់ថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិត គឺគណបក្សប្រឆាំង និងគណបក្សកាន់អំណាចត្រូវមាននិន្នាការនយោបាយដាច់ពីគ្នា ។ គណបក្សប្រឆាំងពិតប្រាដកមិនកើតចេញពីការផ្តួចផ្តើមរបស់រដ្ឋាភិបាល នឹងមានឆន្ទៈពិត សកម្មភាព ក្នុងការតាមដានត្រួតពិនិត្យសកម្មភាពអសកម្មណាមួយរបស់រដ្ឋាភិបាល ពេលអនុវត្តមានភាពចន្លោះប្រហោងលើគោលនយោបាយដឹកនាំ។
កាលពីអាណត្តិមុន គណបក្សសង្រ្គោះជាតិ ដែលមានអាសនះ ក្នុងសភា ត្រូវបានលើកដំកើងជាគណបក្សតំណាងសំឡេងភាគតិច នៃរដ្ឋសភា ដែលមានតុល្យភាពនឹងបក្សកាន់អំណាច៕