en     km
en     km

លោក សុខ ឥសាន្ត ច្រានចោលការប្រៀបធៀបសម្ដេច ហ៊ុន សែន ទៅនឹងលោកមូហ្គាបេ

Share

សមាជិកសភាម្នាក់នៃប្រទេសអូស្ត្រាលីគឺលោក Julian Hill ព្រមានពិភពលោកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្លាយជាមេដឹកនាំប្រទេសហ្សិមបាវ៉េទី ២ ។ អ្វីដែលសមាជិកសភាបរទេសម្នាក់នេះ ធ្វើការប្រៀបធៀបបានធ្វើអោយអ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជាច្រឡោត ខឹងដោយបានទាត់ចោលនូវការប្រៀបប្រដូចនេះ។

លោក រឿន ឬទី្ធ ជូនសេចក្ដីរាយការណ៍ !

 

មិនយូរប៉ុន្មាននោះទេ ប្រទេសកម្ពុជាជាពិសេសសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្លាយជា លោក​ រ៉ូប៊ឺត មូហ្គាបេ អតីតប្រធានាធិបតីនៃប្រទេសហ្សិមបាវ៉េ។

លោក Julian Hill ជាសមាជិកសភាអូស្ត្រាលីនៅរដ្ឋវិកតូរៀលបានធ្វើការព្រមានថា ៖« ប្រសិនបើពិភពលោក មិនមានសកម្មភាពអ្វីជាក់ស្ដែងនោះទេ ចាប់ពីឥឡូវនេះ គឺ សម្ដេចហ៊ុន សែនក្លាយជារ៉ូបឺតមូហ្គាបេ ដែល បង្កការភ័យខ្លាចដល់ប្រជាជនកម្ពុជា ដើម្បីស្ថានសួគ៌ានៃជីវិតរបស់ខ្លួន»

លោក Julian Hill បានថ្លែងដូចនេះ នៅក្នុងសម័យប្រជុំសភានៃប្រទេសអូស្រ្តាលីកាលពីពេលថ្មីៗនេះ។

ក្នុងកិច្ចប្រជុំសភានោះ លោក Julian Hill បានស្នើទៅនាយករដ្ឋមន្ត្រីលោក Malcolm Turnbull ឲ្យធ្វើការជាមួយបណ្ដាប្រទេស និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ជួប​ប្រជុំគ្នា​ពិភាក្សា​ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ​។

លោក Julian Hill ក៏ទាមទារឲ្យរដ្ឋាភិបាលអូស្ដ្រាលីថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃទី ២៩កក្កដា ដោយដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសារ។

នៅក្នុងបទសម្ភាសខ្លីមួយជាមួយ​វិទ្យុស្ត្រីដែលសុំប្រតិកម្មទាក់ទិនការវាយប្រហាររបស់សមាជិកសភា Julian Hill  លោក សុខឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ដោយផ្ដាំផ្ញើថា សមាជិកបរទេសរូបនេះ មិនស្គាល់អ្វីទៅជាច្បាប់ការទូតអន្តរជាតិដែលហាមការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ លោកបានទាត់ចោលការប្រៀបធៀបសម្ដេចនាយករដ្ឋមន្ត្រីទៅនឹងលោក រ៉ូប៊ឺត មូហ្គាបេ អតីតមេដឹក នាំនៃប្រទេសហ្សិមបាវ៉េ។ លោកថា សម្ដេច ហ៊ុន សែន ជាមេដឹកនាំទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។

លោក មូហ្គាបេ បានកាន់អំណាចនៅប្រទេសហ្សិមបាវ៉េ អស់រយៈពេល ៣៧ឆ្នាំ ហើយគិតមកដល់ថ្ងៃដែលពួកយោធាធ្វើរដ្ឋប្រហារទំម្លាក់ គឺលោកមានអាយុ ៩៣ឆ្នាំ។ ការគ្រប់គ្របរបស់លោកមានសន្តិភាពបរិបូរណ៍ ប៉ុន្តែសន្តិភាពផ្លូវចិត្ដវិញ មានភាពចង្អៀតចង្អល់ជាខ្លាំងព្រោះប្រជាជនប្រទេសនេះ គ្មានសេរីភាពច្រើនឡើយ។ តែបែបនេះក្ដី លោក សុខ ឥសាន្ត នៅតែចាត់ទុកថា ការដឹកនាំរបស់សម្ដេច ហ៊ុន សែន ធ្វើអោយប្រទេសរីកចម្រើន និងមានសេរីភាពគ្រប់គ្រាន់។

សម្ដេច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ១៩៨៥ ហើយបើកបូក ៥ឆ្នាំទៀត ដែលបក្សប្រជាជនបានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោត សភាកាលពីថ្ងៃទី ២៩ កក្កដា គឺសម្ដេចបានកាន់អំណាចបាន ៣៨ឆ្នាំ។ សម្ដេច ហ៊ុន សែន ជាមេដឹកនាំតែម្នាក់គត់ សម្រាប់កម្ពុជាដែលបានកាន់អំណាចយូរជាងគេ ហើយយូរជាងមេដឹកនាំដទៃទៀតនៅលើពិភពលោក៕

Share

Image
Image
Image