en     km
en     km

ជនជាតិចិនដើរចែក​ខិត្តប័ណ្ណ​រក​ស៊ី​ផ្លូវ​ភេទនឹងត្រូវដោះលែងវិញក្រោយធ្វើការអប់រំ

Share

ព្រះសីហនុ៖ ជនជាតិចិន ៦នាក់នឹងត្រូវបានដោះលែងវិញ ក្រោមពីសមត្ថកិច្ចធ្វើការអប់រំ និងណែនាំពួកគេឱ្យគោរពទំនៀមទំលាប់ វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា បន្ទាប់ពីពួកគេបានដើរចែកខិត្តប័ណ្ណដែលបង្កប់នូវសេវារកស៊ីផ្លូវភេទ។​

 

                                       រូបភាពខិត្តប័ណ្ណដែលជនជាតិចិនចែកថាមានសេវាកម្មផ្លូវភេទ។រូបភាពពីហ្វេសប៊ុក

 

លោក​ឧត្ដម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៤ សីហានេះថា សមត្ថកិច្ចនឹងដោះលែងជនជាតិចិនទាំង ៦នាក់វិញ បន្ទាប់ពីបានសិក្សាផ្លូវច្បាប់ជាមួយព្រះរាជអាជ្ញាដោយរកពុំឃើញធាតុផ្សំនៃច្បាប់សម្រាប់ចោទប្រកាន់ពួកគេ។ តែយ៉ាងណាសកម្មភាព ដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយពិសេសកម្មម៉ាស្សាដែលមានបង្កប់នូវសេវារកស៊ីផ្លូវភេទរបស់ជនជាតិចិនទាំងនេះ លោក ជួន ណារិន្ទ បញ្ជាក់ថាសមត្ថកិច្ចបានចាត់វិធានការណែនាំ អប់រំ និងធ្វើកិច្ចសន្យាឱ្យពួកគេបញ្ឈប់សកម្មភាពទាំងនេះបន្តទៀត ព្រោះបានប៉ះពាល់សេចក្តីថ្លៃថ្នូរ និងប្រពៃណីល្អរបស់កម្ពុជា។ លោកបន្តថា ប្រសិនបើពួកគេមិនរាងចាល សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់អន្តោប្រវេសន៍ដោយបណ្ដេញពួកគេចេញពីកម្ពុជា។​

                                                                        ​លោក ជួន ណារិន្ទ ស្នងការនរគបាលខេត្តព្រះសីហនុ។

 

កាលពីថ្ងៃទី១២ សីហាកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានឆ្មក់ចាប់បានជនជាតិចិនចំនួន ៦នាក់ដែលធ្វើសកម្មភាពដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយពីសេវាម៉ាស្សា​ និងសេវាមួយចំនួនពាក់ព័ន្ធនឹងសុខភាព ដែលក្នុងនោះមានបង្កប់នូវសេវាកម្មរកស៊ីផ្លូវភេទផងដែរ។​នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក  ជួន ណារិន្ទ។

លោក ជួន ណារិន្ទ បញ្ជាក់ថា បើទោះបីជាការពិភាក្សាផ្លូវច្បាប់ពីករណីនេះ ជាមួយព្រះរាជអាជ្ញារកពុំឃើញមានបទចោទក្តី តែអាជ្ញាធរបានដឹងប្រាដកថាជនជាតិចិនទាំងនោះ បានធ្វើសកម្មភាពដោយបង្កប់នូវការរកស៊ីផ្លូវភេទ ទើបសមត្ថកិច្ចចាត់វិធានការអប់រំដល់ពួកគេ។

បើតាមលោក ជួន ណារិន្ទ សកម្មភាពដើរចែកខិត្តប័ណ្ណនេះរបស់ពួកគេ ធ្វើឡើងនៅពេលយប់ហើយមានលក្ខណៈលួចលាក់ដោយជនជាតិចិនទាំងនោះដាក់ខិត្តប័ណ្ណតាមកញ្ចក់រថយន្ត​ តាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងកន្លែងកំសាន្តនានាជាដើម។

លោកស្នងការនគរបាលខេត្តព្រះសីហនុរូបនេះបន្ថែមថា កាលពីពេលកន្លងទៅសមត្ថកិច្ចធ្លាប់បានបង្រ្កាប និងណែនាំជនជាតិចិនមួយក្រុមផងដែរ ករណីដូចគ្នានេះ។

ជាការកត់សម្គាល់ ការឃាត់ខ្លួនជនជាតិចិនដែលធ្វើសកម្មភាពចែកខិត្តប័ណ្ឌរកស៊ីផ្លូវភេទនេះ ធ្វើឡើងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះចែកចាយខិត្តប័ណ្ណដែលមានសេវាកម្មរកស៊ីផ្លូវភេទនេះ។ នៅក្នុងខិត្តប័ណ្ណដែលត្រូវបានមើលឃើញលើបណ្តាញសង្គមនេះ មាន​ដាក់​រូបភាព​ស្ត្រី​​ចិន​អាក្រាត​កាយ សរសេរ​អក្សរ​ចិន និង​លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង​​ផង​ដែរ។

ជុំវិញរឿងនេះលោកមេធាវី ជូង ជូងី មានប្រសាសន៍ថា ការដោះលែងឱ្យជនជាតិចិនទាំង ៦នាក់មានសេរីភាពឡើងវិញដោយគ្រាន់តែប្រើវិធានការអប់រំបែបនេះ អាចដោយសារសកម្មភាពទាំងនោះពុំមានចែងក្នុងច្បាប់ទើបព្រះរាជអាជ្ញាខេត្តព្រះសីហនុមិនអាចចោទប្រកាន់។ តែយ៉ាងណាលោកមេធាវីបញ្ជាក់ថា ទង្វើដេលបានប្រព្រឹត្តិដោយជនជាតិចិនទាំង៦នាក់នោះ គឺបានបំពានលើសីលធម៌ ប្រពៃណី និងវប្បធម៌ល្អរបស់កម្ពុជា។

 

                                                                                        ​     លោកមេធាវី ជូ ជូងី

 

សូមរំលឹកថា កាលពីចុងខែសីហាឆ្នាំ២០១៨នេះ ប្រតិភូ​ពី​ស្ថានទូត​ចិន​បានពិភាក្សាជាមួយអាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជុំវិញការការពារ​សន្តិសុខ​ដល់​អ្នក​វិនិយោគ​ចិន ខណៈ​ចំនួន​ជនជាតិ​ចិន​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ​បាន​កើន​ឡើង​ដល់​ប្រមាណ​ ៤ ​ម៉ឺន​នាក់ ខណៈ​សារព័ត៌មាន​នានា​តែងតែ​ចុះផ្សាយ​ពី​ការកើត​មាន​បទល្មើស​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​។

យ៉ាងណាលោកអភិបាលខេត្តព្រះសីហនុគូសបញ្ជាក់ថា ជនជាតិចិនដែលកំពុងស្នាក់នៅ និងរកស៊ីក្នុងប្រទេសកម្ពុជាគឺត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា ហើយករណីបានប្រព្រឹត្តិបទល្មើសគឺអាជ្ញាធរត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា។

កាលពីពេលកន្លងទៅ ស្ថាន​ទូត​ចិន​​ប្រចាំ​កម្ពុជាបាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ចំពោះ​ជន​ជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រពឹត្ត​​អំពើ​ល្មើស​ច្បាប់ បានធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​ប្រជាជន​ចិន​ទាំង​មូល។ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្ត​​បទ​ល្មើស​ទាំង​នោះ​ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ទាំង​ឡាយ​ ​ដែល​​មក​កម្ពុជា រក្សា​ភាព​ត្រឹម​ត្រូវ ស្អាត​បាត និងជៀស​វាង​ពីល្បែង​​ស៊ី​សង​៕

 

Share

ព័ត៌មានទាក់ទង

Image