អង្គការសិទ្ធិមនុស្សរបស់អាមេរិក Human Rights Watch បានទាមទារជាថ្មីម្ដងទៀតឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលអង្គការនេះចាត់ទុកការឃុំស្ត្រីសកម្មជនដីធ្លីរូបនេះ គឺជាហិង្សាមួយ។ការទាមទាររបស់អង្គការអន្តរជាតិនេះ ធ្វើឡើងចំពេលអង្គការនេះ ចេញសេចក្ដីថ្លែងការណ៍រំលឹកខួពីរឆ្នាំនៃការឃុំខ្លួនអ្នកស្រីទេពវន្នី នៅថ្ងៃទី ១៥សីហានេះ។
សេចក្ដីថ្លែងការណ៍របស់អង្គការ Human Rights Watch ដែលបានទាមទារជាថ្មីទៀតឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយហៅសកម្មភាពរបស់ សកម្មជនដីធ្លីរូបនេះបានដឹកនាំការវ៉ាកន្លងមកថាបានធ្វើការតវ៉ាដោយសន្ដិវិធី ហើយក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍សហគមន៍។
នាយករងអង្គការ លោក Phil Robertson បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកស្រី ទេ ពវន្នី បានចំណាយពេល ២ឆ្នាំ នៅក្នុងរបាំងពន្ធនាគារ ដោយសាររឿង ប្រឌីត ចោទប្រកាន់ប្រឆាំងលោកស្រីដែល លោកថា ករណី នេះ គឺជាកំហុស នៃការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ធ្វើទុក្ខបុកម្នេញ សកម្មជន ដីធ្លី។
វិទ្យុស្ត្រីមិនទាន់សុំការឆ្លើយតបពីលោកអ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះ។ តែបែបនេះ បក្សកាន់អំណាចកម្ពុជា តែងតែងច្រានចោល រាល់ចោទថា ករណីអ្នកស្ត្រីរូបនេះ ជាការរំលោភសិទ្ធិមនុស្សដោយចាត់ទុកថា ជាកិច្ចការច្បាប់របស់កម្ពុជាព្រោះអ្នកស្រីបានប្រព្រឹត្តរំលោភច្បាប់របស់ប្រទេស។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេលអ្នកស្រីចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប.មួយរូប ព្រមទាំងជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខរកឃាតករពិត នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿងចាស់កាលពីឆ្នាំ២០១៣ មកចោទប្រកាន់អ្នកស្រី ទេព វន្នី ដោយចោទពីបទ «ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងផ្តន្ទាទោសដាក់គុក ២ឆ្នាំកន្លះ(៣០ខែ)ពិន័យប្រាក់ ៥លានរៀល និងបង្គាប់ឲ្យបង់ប្រាក់ទៅដើមបណ្តឹងជាសន្តិខណ្ឌដូនពេញ ចំនួន ៩លានរៀល។គិតមកដល់ពេលនេះ អ្នកស្រីទេពវន្នីបានជាប់ឃុំរយៈពេល ២ឆ្នាំហើយ។
កាលពីថ្ងៃទី៩ កក្កដា អង្គការលើកលែងទោស អន្តរជាតិ Amnesty International ក៏បាន ចេញសេចក្ដីថ្លែង ទាមទារអោយមានការដោះលែងអ្នកស្រីទេពវន្នីនេះដែរ ។ អង្គការបានហៅ ការកាត់ទោស សកម្មជនស្ត្រីរូបនេះ ជាការបំពានគោលការណ៍សិទ្ធិមនុស្សធ្ងន់ធ្ងរ។
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីទេពវន្នី
សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានអ្នកបឹងកក់ជាច្រើនចាត់ទុកថា ជាស្ត្រីឆ្នើម ក្លាហាន និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍។ អ្នកស្រីបានរងការចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនលើកមកហើយ ។
អ្នកស្រី ទេព វន្នី ចាប់ផ្ដើមចេញតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ជាង ៧ឆ្នាំហើយ បន្ទាប់ពីសហគមន៍នេះរងការធ្វើទុក្ខបុកម្នេញដោយក្រុមហ៊ុន ស៊ូ កាគូ អភិវឌ្ឍន៍តំបន់បឹងកក់ ផ្ដល់សំណងមិនសមរម្យ និងបណ្ដេញអ្នកភូមិចេញពីលំនៅឋាន យកគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះ និងបូមខ្សាច់ពន្លិចផ្ទះពលរដ្ឋជាដើម។ នេះបើ់តាម របាយការណ៍អង្គការសិទិ្ធមនុស្សទាំងអង្គការជាតិ និងអន្តរជាតិ ។
កាលពីពាក់កណ្ដាលឆ្នាំ ២០១២ សាលារាជធានីបានប្ដឹងស្ត្រី ១៣នាក់រួមទាំងអ្នកស្រី ទេព វន្នី ឲ្យជាប់ឃុំអស់ ៣៤ថ្ងៃ ពីបទរំលោភកម្មសិទ្ធិសាធារណៈ និងប្រឆាំងមន្ត្រីរាជការសាធារណៈ។
ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី ពេលនេះ គឺជាលើកទី៤ ដោយមិនគិតការតវ៉ាកន្លងមក ដែលអាជ្ញាធរចាប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាប់ភ្លេចនោះ។
កាលពីខែមិថុនា ឆ្នាំ២០១៣ អ្នកស្រីត្រូវបានអង្គការ វ៉ាយថល វ៉យស៍ (Vital Voices) អញ្ជើញទៅសហរដ្ឋអាមេរិក ទទួលជ័យលាភីពានរង្វាន់ស្ត្រីឆ្នើម ស្ត្រីជាមេដឹកនាំពិភពលោក។ អ្នកស្រី ទេព វន្នី មានកូនពីរនាក់។ ខណៈអ្នកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានរាយការណ៍ មកថា ប្ដីរបស់អ្នកស្រីបានសុំបែកគ្នា៕