ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាកសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់មិនតម្រូវឱ្យមកចុះបញ្ជីនៅក្រសួងនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនេះ ចុះផ្សាយកាលពីថ្ងៃទី ១៣ សីហា ម្សិលមិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រសួងកសិកម្ម បានពិនិត្យឃើញថា ថ្មីៗនេះមានមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ម្ចាស់កសិដ្ឋានឈើហូបផ្លែទាំងអស់ត្រូវទៅចុះបញ្ជីនៅក្រសួង ដែលការណ៍នេះជាការធ្វើឱ្យមានការភាន់ច្រឡំពីសាធារណៈជន។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្មបានបញ្ជាក់ថា ម្ចាស់កសិដ្ឋានដែលចាំបាច់តម្រូវឱ្យមកចុះបញ្ជីនៅក្រសួងកសិកម្ម គឺតម្រូវឱ្យតែក្រុមហ៊ុន ឬកសិដ្ឋានដាំដំណាំចេកណា ដែលមានបំណងចង់នាំចេញទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺដើម្បីឱ្យសមត្តកិច្ចជំនាញរបស់ប្រទេសទាំងពីរ អាចវាយតម្លៃលើបច្ចេកទេស ការវេចខ្ចប់ ឱ្យស្របតាមលក្ខខ័ណ្ឌដែលតម្រូវ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម កាលពីថ្ងៃទី ២ សីហា បានចុះហត្ថលេខា ជាមួយនឹងស្ថានទូតចិនតំណាងឱ្យរដ្ឋបាលគយ លើលក្ខខណ្ឌតម្រូវមានអនាម័យសម្រាប់ការនាំចេកទៅកាន់ប្រទេសចិន៕