គេហទំព័របរទេសមួយឈ្មោះថា Times of Oman ដែលស្រង់ប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១២ សីហា ថា កម្មាភិបាលជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តចិន កំពុងស្ថិតក្នុងស្ថានភាព បែកបាក់គ្នា ដោយពួកគេចាប់ផ្ដើមរិះគន់គោលយោបាយ ដែលលោក ស៊ី ជីនភីង បានប្រកាន់យក ក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
លោក លៀ ស៊ីណា ជូនសេចក្ដីប្រែសម្រួល
ប្រភពសារព័ត៌មានបរទេសនេះបានចុះផ្សាយថា យ៉ាងហោចណាស់ ប្រភពស្និទ្ធនឹងរដ្ឋាភិបាល ចិន ចំនួន៤ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា មានការរិះគន់គ្នា នៅក្នុងចំណោមអ្នកយុទ្ធសាស្ត្រ គោលនយោបាយ បក្សកុម្មុយនិស្តចិន ដែលលើកឡើងថា ចាប់តាំងពីមានសង្គ្រាមពាណិជ្ជកម្មនេះមក រដ្ឋាភិបាលហាក់ប្រកាន់យក ភាពមានះខ្លាំងពេក មានន័យថាទស្សនៈជាតិនិយមជ្រុល។
នៅខណៈ សង្គ្រាមពាណិជ្ជកម្ម កំពុងតែកើនឡើងជាខ្លាំង លោកប្រធានាធិបតី ស៊ី ជីនភីង កាន់តែបង្ហាញជំហរ រឹងរូស ហើយ ប្រើអំណាចកាន់តែខ្លាំង ដែលកម្មាភិបាលទទួលបន្ទុកផ្នែកគោលនយោបាយសេដ្ឋកិច្ចរបស់បក្ស ហាកមិនគាំទ្រការប្រកាន់ជំហរដូចនេះទេ។
តាមប្រភពដដែល មិនត្រឹមតែ កម្មាភិបាលជាន់ខ្ពស់ ក្នុងបក្សកុម្មុយនិស្តចិនប៉ុណ្ណោះតេ ដែលស្ថិតក្នុងស្ថានភាព បែកបាក់ គឺសម្រាប់អ្នកជំនួញធំៗ និងអ្នកសេដ្ឋវិទូល្បីៗ មួយចំនួន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ពីកំណើន សេដ្ឋកិច្ចចិន នៅដំណាក់កាលខាងមុខ បើសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកជំនួញចិនធំៗជាច្រើន ចង់ឃើញរដ្ឋាភិបាលរបស់លោក ស៊ី ជីនភីង ផ្លាស់ប្ដូរជំហរឡើងវិញចំពោះការធ្វើសង្គ្រាមជាមួយអាមេរិក ដែលនាំឲ្យមានការសង្ស័យពីហានិភ័យសេដ្ឋកិច្ចទៅថ្ងៃមុខ។
សង្គ្រាមពាណិជ្ជកម្ម ចាប់ផ្ទុះនៅខែឧសភា
សង្គ្រាមពាណិជ្ជកម្មនេះ គឺផ្តើមចេញពីសហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ ចោទថា ចិនបានលួចកម្មសិទ្ធិបញ្ញាលើទំនិញអាមេរិក។ ពីមុន អាមេរិក គំរាមប្ដឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក តែក្រោយមកក្រុងវ៉ាស៊ីនតោនបាន ប្រកាន់យកដូចនេះវិញ ដោយសារចិនមិនព្រមបញ្ឈប់ការលួចកម្មសិទ្ធិពាណិជ្ជកម្មរបស់អាមេរិក។ នៅថ្ងៃទី៦ ខែកក្កដា លោក ដូណាល់ត្រាំ សម្រេចដំឡើងពន្ធ ដែលកំណត់ក្នុងទឹកប្រាក់ចំនួន ៣៤ពាន់លានដុល្លារ។ ចំណែកឯទីក្រុងប៉េកាំងក៏បានកំណត់លើមុខទំនិញអាមេរិដោយ ដំឡើងពន្ធក្នុងទំហំទឹកប្រាក់ចំនួនស្មើគ្នានេះដែរ។ តែចុងក្រោយនេះ ការបញ្ជាទិញរបស់ចិន បានធ្លាក់ចុះពី៥១,៥ ក្នុងខែមិថុនា មក៥១,៣ ក្នុងខែកក្កដា។
ការិយាល័យស្ថិតិជាតិ របស់ចិនក៏បានបង្ហើបថា ផ្នែកគ្រប់គ្រងការបញ្ជាទិញក៏ធ្លាក់ចុះដែរ គឺធ្លាក់ចុះពី៥៥ នៅក្នុងខែមិថុនា មក ៥៤ នៅក្នុងខែកក្កដា។ អ្នកជំនាញសេដ្ឋកិច្ចប្រទេសចិន Zhao Qinghe ហាក់ព្រមានថា ការបញ្ជាទិញរបស់ចិន មានការធ្លាក់នេះ កំពុងតែបង្ហាញពីសញ្ញា នៃការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មទូទាំងពិភពលោក។
នៅពេលដឹងថា ការបញ្ជាពីចិនមានការធ្លាក់ចុះ ស្រាប់តែ រដ្ឋការរបស់លោក ត្រាំ បញ្ជាឲ្យ ដំឡើងពន្ធបន្ថែមទៀតលើទំនិញចិន គឺដំឡើងពី ១០ ទៅ ២៥%។ ទណ្ឌកម្មថ្មីបន្ថែមនេះ នឹងមានការកំណត់លើទឹកប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារបន្ថែមទៀត។ ទណ្ឌកម្មថ្មី ផ្តោតលើទំនិញពីចិនរួមមាន ម៉ាស៊ីនអេឡិចត្រូនិច ផលិតផលពីស្បែកសត្វ និងអាហារសមុទ្រជាដើម។
មន្ត្រីពាណិជ្ជកម្មអាមេរិក ព្រមានថា បើចិន នៅតែហ៊ានបង្កជម្លោះ ដោយមិនគោរពច្បាប់ ពាណិជ្ជកម្ម ពិភពលោក គឺអាមេរិក នឹងបន្ថែមទណ្ឌកម្មនៃសង្គ្រាមពាណិជ្ជកម្មថែមទៀត។ អ្នកជំនាញសេដ្ឋកិច្ច ឯករាជ្យ ព្រមានថា សង្គ្រាមពាណិជ្ជកម្ម មិនមែនប៉ះពាល់សេដ្ឋកិច្ចអាមេរិក និងចិន នោះទេ គឺប្រទេសមួយចំនួនទៀតក៏អាចប៉ះពាល់ដែល ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍។ តែបែបនេះក្ដី ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៅដើមឆ្នាំ២០១៧មក ឃើញថា កំណើនសេដ្ឋកិច្ច និង អត្រាការងាររបស់ពលរដ្ឋអាមេរិក ហាក់មានសន្ទុះមួយកម្រិត គឺបានកើនជិត ៤ភាគរយ។ នេះបើតាម របាយការណ៍របស់ក្រសួងពិណិជ្ជកម្មអាមេរិក ដែលចុះផ្សាយកាលពីសប្ដាហ៍មុន។
អាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ច ទីមួយ ។ ចំណែកចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ ។ ជប៉ុន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣។ ប្រទេសជប៉ុន ប្រកាសថា ខ្លួនមិនមានការភ្ញាក់ផ្អើលច្រើនទេ ចំពោះសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសអាមេរិក និងចិននេះ។ ចំណែក ឯសហភាពអឺរ៉ុប វិញ ហាក់ព្រួយបារម្ភច្រើន តែព្រមានថា នឹងពិនិត្យមើល ជញ្ជីងពាណិជ្ជកម្ម រវាង ចិនឡើងវិញ ជាមួយនឹងអ្វីដែលសហភាពអឺរ៉ុបថា ជាការលួចកម្មសិទិ្ធបញ្ហា ដែលជាការគួរអាម៉ាស់។ សហភាពអឺរ៉ុប កំពុងពិនិត្យ មើលការបន្ថែមពន្ធលើបន្ទះថាមពលពន្លឺព្រះអាទិត្យដែលនាំចូលទីផ្សារអឺរ៉ុប៕