en     km
en     km

បក្សកាន់អំណាចស្វាគមន៍អ្នកការទូតថ្មីអាមេរិកតែអ្នកវិភាគសង្ឃឹមថានឹងមានដំណោះស្រាយនយោបាយ

Share

កាលពីថ្ងៃទី១០ សីហា  រដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសព័ត៌មាន ពីការ ផ្លាស់ប្ដូរ ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជា គឺ លោក Patrick Murphy នឹងមកជំនួសលោក William Heidt ដែលចប់អាណត្តិ។ អ្នកនាំពាក្យបក្សកាន់អំណាចនិយាយថា កម្ពុជា ស្វាគមន៍អ្នក កាទូតថ្មីរបស់អាមេរិកខណៈអ្នកវិភាគសង្ឃឹមថា អ្នកកាទូតថ្មីដែលមានបទពិសោធន៍ រឿងប្រទេសភូមានឹងធ្វើអោយជម្លោះនយោបាយនៅកម្ពុជា អាចមានដំណោះស្រាយ ឡើងវិញ។

លោក រឿន ឬទ្ធី ជូនសេចក្ដីរាយការណ៍ !

 

លោក Patrick Murphy នឹងមកធ្វើជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពនៅកម្ពុជា នៅពេលឆាប់ៗនេះ បើព្រឹទ្ធសភាអាមេរិកអនុម័តហើយនោះ។

លោក Patrick Murphy  កំពុងបម្រើការងារក្នុងក្រសួងការបរទេសអាមេរិក​ជាឧបការីរង ។ លោកធ្លាប់មានតំណែងមួយទៀត គឺអនុប្រធានបេសកកម្ម និងជាភារៈធារី ប្រចាំប្រទេសថៃ ពីឆ្នាំ ២០១៣-២០១៦ ហើយក្នុងឋានៈនេះ លោកក៏ជាតំណាងស្ដីទីពិសេស និងអ្នកសម្របសម្រួល សម្រាប់ប្រទេសភូមា និងប្រទេសឡាវ ពីឆ្នាំ២០១២ ដល់​ឆ្នាំ២០១៣។

ការដោះដូរ អ្នកកាទូតអាមេរិកនៅពេលនេះ ចំពេលស្ថានភាពនយោបាយ ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កំពុងប្រែប្រួលដ៏គួរអោយព្រួយបារម្ភដែលក្រុមលោកសេរីថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបគ្រោះថ្នាក់។ ស្របពេលនេះដែរ ទំនាក់ទំនងអាមេរិក និងកម្ពុជា ក៏មានភាពតានតឹងបន្តិច ដោយសារអាមេរិកបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រីជាន់ខ្ពស់កម្ពុជា ចំនួន ១២រូប ក្នុងនោះមានទាំងសម្ដេចហ៊ុន សែនផងដែរ។

តើវត្តមានរបស់អ្នកការទូតអាមេរិកថ្មីនេះ ធ្វើអោយមានស្ថានភាពទំនងទំនងអាមេរិកនិងកម្ពុជាល្អប្រសើរ ឬក៏កាន់តែអាក្រក់ទៀត ឬយ៉ាង        ណា ?

លោក សុខ ឥសាន្ត គ្រាន់តែអ្នកសាព័ត៌មានវិទ្យុស្ត្រីបានសួរពីវត្តមាន លោក Patrick Murphy ភ្លាមៗ លោក មានប្រសាសន៍ថា កម្ពុជាសូមស្វាគមន៍វត្តមានអ្នកការទូតអាមេរិករូបនេះ។ អ្នកការទូតចាស់របស់អាមេរិកប្រចាំនៅកម្ពុជា គឺ William Heidt  ក៏ធ្លាប់សម្ដេចនាយករដ្ឋមន្ត្រីវាយប្រហារដែរ ខណៈលោករិះគន់ការដឹកនាំរបស់សម្ដេច។

សម្រាប់ លោក សុខ ឥសាន្ត ចាត់ទុកអ្នកកាតទូតអាមេរិក ទាំងចាស់ទាំងថ្មី គឺដូចតែគ្នា។

យ៉ាងណាសម្រាប់លោក Patrick Murphy  ជាអ្នកឯកទេសកិច្ចការភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍។  លោកត្រូវបានមើលឃើញថា ជាអ្នកផ្ដួចផ្ដើម អោយមានការប្រែប្រួលនយោបាយនៅប្រទេសភូមាដែរ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហានយោបាយហាក់មានសុទិដ្ឋិនិយមខ្លះដែរថា វត្តមានអ្នកការទូតអាមេរិករូបនេះ អាចធ្វើអោយធូរស្រាលបន្តិចព្រោះ លោក Patrick Murphy  មានបទពិសោធន៍ករណីប្រទេសភូមា។ តែលោកថា ដំណោះស្រាយដែលជាការលំបាក គឺករណីគណក្សសង្រ្គោះជាតិត្រូវបានរំលាយ ថាតើ ត្រូវរស់ឡើងវិញដោយរបៀបណា។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ២៧ប្រទេស អង់គ្លេស ស៊ុយអែត កាណាដា និងជប៉ុន មានការខកចិត្តចំពោះលទ្ធផលបោះឆ្នោតសភាដែលពួកគេថា មិនឆ្លើយតបនឹងឆន្ទៈរបស់ពលរដ្ឋកម្ពុជា ព្រោះអវត្តមានបក្សសង្រ្គោះជាតិ។ ទាំងអាមេរិក និងសហភាពអឺរ៉ុប បានព្រមានពីការបន្តដាក់ទណ្ឌកម្មថែមទៀត។

យ៉ាងនេះក្ដី គេឃើញប្រទេស ចិន វៀតណាម ឡាវ ហ្វីលីពីន រុស្ស៊ី បានប្រកាសទទួលស្គាល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន ។

គេរំពឹងថា បក្សកាន់អំណាចនឹងបង្កើតរាជរដ្ឋាភិបាលនៅថ្ងៃទី៥ កញ្ញា បន្ទាប់ពីសមាជិកសភាជាប់ឆ្នោតនៅអាណត្តិថ្មីនេះ នឹងស្បថទទួលសុពលភាពជាអ្នកតំណាងរាស្រ្ដជាប់ឆ្នោត។ 

សម្ដេច ហ៊ុន សែន ប្រកាសថា ទោះជាមានការប្រឆាំងលទ្ធផលបោះឆ្នោតក៏ដោយ ក៏សម្ដេចនឹងទៅកាន់អង្គការសហប្រជាជាតិ ដើម្បីថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតលើកទី៧៣ ដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ។​សម្ដេចថា វត្តមានរបស់សម្ដេច នៅឆាកអន្តរជាតិគឺជាផ្នែកបង្ហាញពីភាពស្របច្បាប់នៃរាជរដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image