en     km
en     km

តុលាការរដ្ឋធម្មនុញ្ញបញ្ជាឱ្យផ្អាកការចូលកាន់តំណែងប្រធានាធិបតីខណៈបក្សប្រឆាំងប្ដឹងតវ៉ា

Share

ហ្សិមបាវ៉េ៖ នៅទីបំផុតតុលាការរដ្ឋធម្មនុញ្ញនៃប្រទេសហ្សិមបាវ៉េ បានបង្គាប់អោយផ្អាកជាបន្ទាន់ ការស្បថចូលកាន់តំណែងប្រធានាធិបតីរបស់ លោកEmmerson Mnangagwa ដោយសារតែមេដឹកនាំបក្សប្រឆាំង លោក Nelson Chamisa បានប្ដឹងតវ៉ាប្រឆាំងជ័យជម្នះរបស់លោក​ ណាន់ហ្គាវ៉ា ដែលចោទថា មានការបន្លំនៃការរាប់សន្លឹកឆ្នោត។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC លោក Mnangagwa នឹងធ្វើពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់លោកនៅថ្ងៃ  អាទិត្យ ទី ១២សីហានេះ ស្រាប់តែភ្លាមៗ តុលាការរដ្ឋធម្មនុញ្ញ នៃប្រទេសហ្សិមបាវ៉េ ក៏បានចេញដីកាបង្គាប់ដូចនេះ កាលពីfថ្ងៃសុក្រម្សិលមិញនេះ។

លោក នេសុន ឆាមីសា បេក្ខជនប្រធានាធិបតីដែលក្រុមប្រឹក្សាបោះឆ្នោតប្រកាសថា បានសន្លឹកឆ្នោត តិចជាងលោកណាន់ហ្គាវ៉ាបាននិយាយថា លោកមានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ថា មានការបន្លំរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតី ។ លោកថា ជាការពិតលោកបានឈ្នះឆ្នោត គឺមានសំឡេងឆ្នោត ៥៦ភាគរយ។  តែបើតាមលទ្ធផល បោះឆ្នោត របស់ក្រុមប្រឹក្សាបោះឆ្នោតបានប្រកាសជាផ្លូវការថា លោកMnangagwa ទទួលបាន ៥០,៨ភាគរយ ហើយ លោក ឆាមីសា បាន៤៤,​៣ភាគរយ។​តាមលទ្ធផលនេះ គឺ លោក ណាន់ហ្គាវ៉ា ជាអ្នកទទួលជ័យជម្នះ។

អ្នកគាំទ្រគណបក្ស ប្រឆាំង គឺចលនាប្រជាធិបតេយ្យដើម្បីផ្លាស់បដូរ MDC បានផ្ទុះការតវ៉ាភ្លាមៗនៅថ្ងៃទី ១សីហា ដោយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។

មនុស្សច្រើនម៉ឺននាក់បានដើរអុកឡុកនៅពាសពេញរដ្ឋធានី ហារ៉ារេ ដោយបណ្ដាលអោយមានអ្នកស្លាប់ ៦នាក់ ខណៈពួកយោធាត្រូវគេហៅមកជួយគ្រប់គ្រងស្ថានការណ៍ បានចាប់ខ្លួនបាតុករ​ ១៨នាក់។ មកដល់ពេលនេះ ពួកគេត្រូវបានដាក់អោយនៅក្រៅឃុំបណ្ដោះអាសន្ន ដោយរង់ចាំឡើងសវ នការ។  

លោក Ziyambi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសថា ការស្បថចូលកាន់តំណែងរបស់បេក្ខជនជាប់ឆ្នោតប្រធានាធិបតីត្រូវតែផ្អាកជាបន្ទាន់ ដោយរង់ចាំការដោះស្រាយវិវាទការបោះឆ្នោតតាមបណ្ដឹងរបស់លោក ឆាមីសា រូចរាល់សិន។

រដ្ឋធម្មនុញ្ញប្រទេសហ្សិមបាវ៉េ បានកំណត់អោយបេក្ខជនឈ្នះឆ្នោតប្រធានាធិបតីចូលកាន់តំណែងនៅរយះពេល ១២ថ្ងៃ ក្រោយការបោះឆ្នោត។ តែ បើតាមលោករដ្ឋមន្ត្រីគេត្រូវលើកពេលស្បថចូលកាន់តំណែងរយៈពេល ១៤ថ្ងៃ។

បើតាមមេធាវីរបស់លោក ឆាមីសា ដើមបណ្ដឹងបានប្ដឹងទៅតុលាការរដ្ឋធម្មនុញ្ញ ដោយសុំចេញដីកាបង្គាប់ទុកលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៣០កក្កដា ទុកជាអាសាបង់ ឬមោឃៈ ៕

 

Share

ព័ត៌មានទាក់ទង

Image