en     km
en     km

​នគរបាល​ចរាចរណ៍​ថា​នឹង​ដាក់​វិធានការ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ភ្ជុំបិណ្ឌ​

Share

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រដូវ​បុណ្យ​ទាន​ គឺជា​ប​ញ្ហ​សំខាន់​ដែល​រដ្ឋាភិបាល​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​មានការ​ព្រួយបារម្ភ​ ព្រោះថា​ក្នុង​មួយ​ឆ្នាំៗ​មនុស្ស​មិន​តិច​ជាង​ ២០​ នាក់​ទេ​ ដែល​បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ បាន​ដាក់​វិធានការ​មួយ​ចំនួន​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។​
Traffic-Pchum Ben-2015-cover

​មន្ត្រី​និយាយ​ថា​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ រួម​ទាំង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ បាន​ដាក់​ចេញ​វិធានការ​ និង​អនុសាសន៍​មួយ​ចំនួន​ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥​នេះ​ ។​

​ថ្លែង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​ពី​ចរាចរណ៍​ ក្រោម​ប្រធានបទ​ «​វិធានការ​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​២០១៥»​ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ លោក​ លុយ​ ឈី​ន​ តំណាង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ បាន​ថ្លែង​ថា​ នៅ​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ​ បាន​ដាក់​ចេញ​ផែនការ​មួយ​ចំនួន​ក្នុង​ការ​សម្រួល​ចរាចរណ៍​ ផ្សព្វផ្សាយ​ ណែនាំ​ និង​ឃាត់​រថយន្ត​ល្មើសច្បាប់​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ ។​

​លោក​ លុយ​ ឈី​ន​ បានឱ្យ​ដឹង​ថា​ផែនការ​ទប់ស្កាត់​ទាំងនោះ​រួម​មាន​ នៅ​ថ្ងៃ​ទី​ ២​ និង​ទី​ ៣​ ខែតុលា​នេះ​ នាយកដ្ឋាន​លោក​នឹង​ប្រើប្រាស់​រថយន្ត​ស៊ី​រ៉ែ​ន​ ចំនួន​ ១០​ គ្រឿង​ ដើម្បី​ចុះ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ និង​វិធានការ​ ទៅ​ដល់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ ក៏​ដូច​ជា​អ្នក​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​។​ ឯ​នៅ​ថ្ងៃ​ទី​០៩​ កៀក​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ជា​ថ្ងៃ​កម្មករ​ក​ម្មា​រិ​នី​ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ នាយកដ្ឋាន​របស់​លោក​នឹង​ចុះ​ដល់ទី​តាំង​ម្តងទៀត​ ដើម្បី​ដាក់​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​បើ​បរ​រថយន្តក្រុង​ និង​រថយន្ត​តាក់ស៊ី​តូចៗ​ ដែល​ដឹក​អីវ៉ាន់​សំពីងសំពោង​ ដាក់​មនុស្ស​លើស​ចំណុះ​ និង​ដាក់​មនុស្ស​នៅ​លើដំបូល​។​

​លោក​ លុយ​ ឈី​ន​ បន្ត​ថា​វិធាន​មួយទៀត​កងកម្លាំង​ប៉ូ​លី​ស​ចរាចរណ៍​ នឹង​ចុះ​ទៅ​រៀបចំ​សណ្តាបធ្នាប់​ផ្លូវ​មួយ​ចំនួន​ដែល​ឧស្សាហ៍​កើត​មានការ​កកស្ទះ​។​

​លោក​លុយ​ ឈី​ន​ ថ្លែង​ថា​៖​ «​ខ្ញុំ​នឹង​ដាក់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ ព្រោះ​យើង​ដើម្បី​ទប់ស្កាត់​ ព្រោះ​យើង​ឃើញ​ថា​ រថយន្តក្រុង​ គាត់​តែងតែ​បើកបរ​ អាង​តែ​គាត់​មាឌធំ​ គាត់​បើក​លឿន​ណាស់​ ជា​ពិសេស​រថយន្ត​ដែល​បើកបរ​ទៅ​ប្រទេស​វៀតណាម​ ក្រុមហ៊ុន​វៀតណាម​គឺ​បើកបរ​លឿន​ណាស់​ អ​ញ្ចឹ​ង​គឺថា​បើកបរ​លឿន​ គឺ​អា​ឡាន​តូច​ក៏​ដូច​ជា​ម៉ូតូ​មិន​អាច​រួចខ្លួន​បាន​ទេ​ ស្អែក​ហ្នឹង​ត្រូវ​រឹត​បន្ដឹង​ឡានក្រុង​ហ្នឹង​មែនទែន​»​។​

Traffic-Pchum Ben-2015-01

​បើ​តាម​លោក​ លុយ​ ឈី​ន​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​កាលពី​ឆ្នាំ​២០១៣​ ក្នុង​រយៈពេល​៥​ថ្ងៃ​ មាន​ចំនួន​៦៥​លើក​ រង​របួស​១៦៩​នាក់​ និង​បាត់បង់​ជីវិត​២៤​នាក់​។​ លោក​ក៏​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ធម្មការ​ផង​ដែរ​ សុំ​ឱ្យ​នៅ​តាម​ទី​វត្ត​អារាម​ នៅ​ពេល​ដែល​មានការ​ទេសនា​សុំ​បញ្ចូល​ការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​ចំណែក​លោកស្រី​ ម៉ែ​ន​ ចាន់​សុ​កល​ តំណាង​មក​ពី​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បានឱ្យ​ដឹង​ថា​ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក៏​មាន​វិធាន​មួយ​ចំនួន​ផង​ដែរ​ ក្នុង​ការ​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុ​រដូវ​ភ្ជុំបិណ្ឌ​នេះ​ ។​ លោកស្រី​ថា​ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដោយ​រៀបចំ​ចែក​ខិត​បណ្ណ​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​ការ​បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព​ ទៅ​តាម​តំបន់​គោលដៅ​មួយ​ចំនួន​ដូច​ជា​ នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ នៅ​សាកលវិទ្យាល័យ​បី​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​ទៀត​ ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​ប្រើប្រាស់​ផ្លូវ​។​

​លោក​ គឹ​ម​ បញ្ញា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ តាម​រយៈ​ការ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ តុលា​នេះ​ ឃើញ​ថា​មាន​វិធានការ​ល្អជា​ច្រើន​ក្នុង​ការ​ទប់ស្កាត់​ចរាចរណ៍​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​២០១៥​នេះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ថា​តើ​ការ​អនុវត្ត​ហ្នឹង​បាន​កម្រិត​ណា​។​ លោក​ គឹ​ម​ បញ្ញា​ មាន​ប្រសាសន៍​ថា​៖​ «​ពិសេស​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ ការ​អប់រំ​ផ្សព្វផ្សាយ​ វា​បាន​គ្រាន់​ជួយ​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ ប៉ុន្តែ​បើ​ទាក់ទង​ឥរិយាបថ​ ប្រហែលជា​វា​ទាមទារ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ច្រើន​ ។​ អ​ញ្ចឹ​ង​យើង​រង់ចាំ​មើល​ ថា​តើ​ខាង​នគរបាល​ហ្នឹង​គាត់​អនុវត្ត​បែប​ណា​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ខាង​ក្រុមការងារ​រៀបចំ​នេះ​ គាត់​នឹង​ធ្វើ​ជា​របាយការណ៍​ ឬ​ជា​អនុសាសន៍​អី​ ដើម្បី​ជូន​ទៅ​អង្គភាព​សា​ម៉ី​ ដើម្បី​ឱ្យ​មាន​វិធានការ​បន្ថែម​»​ ។​

​យោង​តាម​ស្ថិតិ​ដែល​បង្ហាញ​ដោយ​លោក​ បូ​រ៉ា​ សត្យា​ មន្ត្រី​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤​ មាន​ ៤៦៤៥​ ករណី​ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ ១៥.៣១៥​ នាក់​ (​មួយ​ម៉ឺន​ប្រាំ​ពាន់​បី​រយ​ដប់​ប្រាំ​នាក់​)​ ក្នុង​នោះ​ដែរ​មាន​អ្នក​ស្លាប់​ចំនួន​ ២២២៦​ នាក់​ និង​អ្នក​រង​របួស​មាន​ ៦០០៥​ នាក់​ ដែល​ជា​មធ្យម​មាន​អ្នក​ស្លាប់​ជាង​៦​នាក់​ក្នុង​មួយ​ថ្ងៃ​។​

​លោក​ បូ​រ៉ា​ សត្យា​ បានឱ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៤​ ចំនួន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​សំខាន់​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។​ លោក​បន្ត​ថា​ ក្នុង​រយៈពេល​៧​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ កាលពី​ឆ្នាំ​២០១៤​ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៥០​នាក់​ ។​ លោក​ថា​ ម៉ោង​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​គឺ​ចន្លោះ​ពី​ម៉ោង​៦​ ដល់​ម៉ោង​៩​ ក្នុង​នោះ​ ប្រភេទ​យានជំនិះ​ដែល​បង្ក​គ្រោះថ្នាក់​ច្រើន​ជាងគេ​ គឺ​ម៉ូតូ​។​ លោក​ថា​ អ្នក​ដែល​រងគ្រោះថ្នាក់​ច្រើន​ជាងគេ​ គឺ​កសិករ​ កម្មករ​ និង​សិស្សសាលា​ ហើយ​ផ្លូវ​ដែល​បង្ក​គ្រោះថ្នាក់​ច្រើន​បំផុត​គឺ​ផ្លូវជាតិ​ លេខ​៤​ និង​លេខ​៥​។​ លោក​បន្ត​ថា​ មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​មូលហេតុ​ទី​១​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​៕

Share

Image
Image
Image