ភ្នំពេញ ៖របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ស្រ្តីពុំទាន់ទទួលបានសិទ្ធិស្មើគ្នាក្នុងជំនុំជម្រះក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍!
របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ស្រ្តីខ្វះភាពយុត្តិធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍ហើយជាពិសេសស្រ្តីមានផ្ទៃពោះ និងស្រ្តីជាម្តាយមានកូនក្នុងពន្ធនាគារ។ ក្រុមស្រ្តីទំាំងនោះខ្វះការទទួលបានភាពស្មើភាពគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័។
តាមរយបាយការណ៍របស់ CCHR ក្នុងសវនាការនៅសាលាឧទ្ធរណ៍លើសំណុំរឿងសរុប ៤៥៣។ ក្នុងនោះសំណុំរឿង ៧៦ មានជនជាប់ចោទជាស្រ្តី ៩៧ នាក់ ដែលមានជនជាប់ជាស្រ្តី ២៧ នាក់ ឬ២៨ភាគរយ ពុំមានវត្តមានក្នុងសវនាការ ដោយសារខ្វះការទំនាក់ទំនងរវាងសាលាឧទ្ធរណ៍ជាមួយមណ្ឌលកែប្រែ។
របាយការណ៍អង្កេតមានរយៈពេលជិតពីរឆ្នំាចាប់ពី ថ្ងៃទី ១ វិច្ឆិកា ឆ្នំា ២០១៦ ដល់ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១៨ បានបង្ហាញទៀតថា ជនជាប់ចោទជាស្រ្តីចំនួន ២៥ នាក់ ឬស្មើនឹង ២៦ ភាគរយ ពុំមានមេធាវីតំណាង ហើយជនជាប់ចោទ ១៤ ភាគរយ ក្នុងចំណោមជនជាប់ចោទជាស្រ្តី ៩៧ នាក់ ស្លៀកពាក់ឯកសណ្ឋានទណ្ឌិតនៅចំពោះមុខតុលាការដែលផ្ទុយទៅនឹងការសន្មតទុកជាមុនថា គ្មានទោស។
របាយការណ៍ CCHR បន្ថែមថា សំណុំរឿងចំនួន ៩ ក្នុងចំណោមសំណុំរឿង ២៥ ដែលមានជនជាប់ចោទជាស្រ្តីគ្មានមេធាវីតំណាង ព្រោះពួកគេមិនបានប្រាប់ពីសិទ្ធិមានមេធាវី ឬពន្យល់អំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ជាមួយគ្នានេះ សំណុំរឿង ៧០ ភាគរយ ក្នុងចំណោមសំណុំរឿង ៤៥៣ ដែលទាក់ទងនឹងស្រ្តីចៅក្រមមិនបានប្រាប់និងពន្យល់ពីសិទ្ធិរក្សាភាពស្ងៀមស្ងាត់របស់ជនជាប់ចោទ ប៉ុន្តែសំណុំរឿងចំនួន៥ប៉ុណ្ណោះដែលជនជាប់ចោទជាស្រ្តីបានប្រាប់ និងពន្យល់ពីសិទ្ធិពួកគាត់ច្បាស់លាស់។
ចំពោះការរកឃើញថា ស្រ្តីខ្វះភាពយុត្តិធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងអ្នកនំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មន្រ្តីក្រសួងយុត្តិធម៌នឹងពិនិត្យលើរបាយការណ៍នេះ ហើយអាចនឹងមានការជួបពិភាក្សាលម្អិតបន្ថែមទៀតជាមួយម្ចាស់របាយការណ៍ ដើម្បីកែលម្អចំណុចខ្វះខាត។ តែបែបនេះក្តី លោក ជិន ម៉ាលីននៅមានមន្ទិលចំពោះនីតិវិធីនៃការអង្កេតនេះពុំមានលក្ខណៈវិទ្យាសាស្រ្តត្រឹមត្រូវ។
លោក ជិន ម៉ាលីន៖«តាមមើលវិធីសាស្រ្តរបស់គាត់អ្នកទៅសង្កេតសវនាការគឺមានតារាងដើម្បីចំាឱ្យធីក បើឃើញមួយធីកមួយ ឃើញពីរធីកពីរ អត់ឃើញអត់ធីក អញ្ចឹងអាហ្នឹងវាអត់មានលក្ខណៈវិទ្យាសាស្រ្តទេ ព្រោះថាដើម្បីវាយតម្លៃសិទ្ធិទទួលបានយុត្តិធម៌បានគេមិនមែនមើលពេលសវនាការនឹងមួយទេ គេមើលតំាងពីដំណាក់កាលនីតិវីធីចាប់ផ្តើមមក ការឃុំខ្លួន ដំណើរស៊ើបអង្កេតនៅដំណាក់កាលនគរបាលយុត្តិធម៌ អយ្យាការស៊ើបសួរ ដំណាក់កាលចៅក្រមស៊ើបសួរ រហូតមកដល់ដំណាក់កាលសវនាការ ដើម្បីអាចវាយតម្លៃពីសិទ្ធិទទួលបានយុត្តិធម៌របស់ស្រ្តី។តែទោះយ៉ាងណាយើងនឹងធ្វើការពិនិត្យមើលរបាយការណ៍របស់ហើយប្រហែលជាមានការជួបគ្នា ដើម្បីចង់បានបំភ្លឺការបកស្រាយការពន្យល់របស់គាត់មួយចំនួន ដើម្បីយើងស្វែងរកមើលថាតើមានកន្លែងមានកន្លែងនៅមានចំណុចខ្វះខាត ហើយមានបញ្ហាយើងគួរដោះស្រាយរបៀបម៉ិច »។
ទោះបីយ៉ាងណា របាយការណ៍ CCHRចង់ឱ្យតុលាការសាលាឧទ្ធរណ៍យកគំរូតាមលំនំាអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា(អ.វ.ត.ក) ដែលជាផ្នែកមួយនៃប្រព័ន្ធច្បាប់កម្ពុជាមានវិធានការខ្លះ ដើម្បីការពារផលប្រយោជន៍ស្រ្តីក្នុងប្រព័ន្ធយុត្តិធម៌ ហើយចៅក្រមមានក្រមសីលធម៌វិជ្ជាជីវៈធានាការពារជនរងគ្រោះ និងសាក្សី។
យោងតាមរបាយការណ៍ប្រចំាឆ្នាំ ២០១៧ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ពុំទទួលស្គាល់ថា ជាបទល្មើសព្រហ្មទណ្ឌទេ។
ស្រ្តីភាគច្រើនជ្រើររើសមិនប្តឹង ឬដកពាក្យប្តឹង។ ក្នុងរបាយការណ៍សង្កេតនៅឆ្នំា ២០១៤ និងចុងឆ្នំា ២០១៦ សំណុំរឿងអំពើហិង្សាក្នុងគ្រួសារមានត្រឹមតែ ២០ភាគរយ ត្រូវបានបើកសវនការជំនុំជម្រះក្តី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើគោលនយោបាយជំនួយផ្នែកច្បាប់ដើម្បីធានាថា ស្រ្តីទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ និងជំនួយមេធាវីប្រកបដោយប្រសិទ្ធិភាព។ បន្ថែមពីនេះ CCHR ក៏ស្នើឱ្យយកគំរូតាមអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហម ក្នុងកិច្ចការពារសាក្សី និងជនរងគ្រោះ ព្រមទំាងការគំាពារផ្លូវច្បាប់ និងផ្លូវចិត្ត ហើយបំប៉នមន្រ្តីតុលាការទាក់ទងនឹងយ៉េនឌ័រ៕