ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសព័ត៌មានថា ខ្លួននឹងមិនអនុវត្តដាច់ខាតចំពោះការបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែរ បើអាមេរិកនៅបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួនទៀតនោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុងព្យុងយ៉ាងធ្វើឡើងនៅថ្ងៃសុក្រ ទី ១០ សីហានេះ បន្ទាប់ពីរបបកុំម្មុយនិស្តនេះ បានសុំអង្វរអាមេរិកអោយដក ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន ហើយអាមេរិកមិនយល់ស្របតាម។
តាមសេចក្ដីប្រកាសនេះ ទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនមិនអាចធ្វើសកម្មភាពដោយឯកតោភាគីបានទេ បើភាគីមួយទៀត មិនព្រមអនុវត្តនោះ។
តាមបណ្ដាញផ្សាយព័ត៌មានBBC ក្រសួងការបរទេសកូរ៉េខាងជើងបានចោទក្រុមចរចាអាមេរិកថា កំពុងរំលោភលើកិច្ចព្រមព្រៀង គីមជុងអ៊ុន -ដូណាល់ត្រាំ កាលពីថ្ងៃទី ១២ មិថុនា នៅប្រទេសសិង្ហបុរី។
ស្មារតីនៃកិច្ចព្រមព្រៀងនោះ បានចែងថា ក្រុងព្យុងយ៉ាងបានយល់ព្រមរំលាយអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការផ្ដល់សន្តិសុខពេញសម្រាប់ឧបទ្វីបកូរ៉េ។
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompea និងលោកស្រី Niki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យមានការរឹតបន្តឹងបន្តទៀតការដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង ព្រោះតែប្រទេសនេះ មិនទាន់អនុវត្តជាក់ស្ដែងការរំលាយរោងចក្រនុយក្លេអ៊ែរ។
អ្នកសង្កេតការណ៍ព្រមានថា បើមិនមានការចរចាម្ដងទៀតរវាងលោកត្រាំ និងលោក គីម ជុងអ៊ុន ក៏មិនអាចមានកិច្ចព្រមព្រៀងអ្វីទៀតទេ៕