បន្ទាយមានជ័យ៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចាប់ផ្តើមចុះត្រួតពិនិត្យនិងចាត់វិធានការចំពោះម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនបិទស្លាកតម្លៃ និងទូទាត់រូបិយប័ណ្ណប្រាក់រៀលខ្មែរលើមុខទំនិញ និងសេវាកម្មរបស់ខ្លួន។
នេះបើតាមឱ្យដឹងនៅលើគណីរហ្វេសប៊ុករបស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
នៅក្នុងខ្លឹមសារដែល លោក សាន វិជ្ជាសារ៉ាវុធ លើកឡើងឱ្យដឹងបន្ដថា ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងការចុះផ្សព្វផ្សាយដល់ពលរដ្ឋដែលជាអាជីវករតាមបណ្តាហាងលក់ទំនិញនៅតំបន់កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឡើងកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ គឺដើម្បីចូលរួមអនុវត្តន៍តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការបិទស្លាកតម្លៃជារូបីយប័ណ្ណជាតិ(ប្រាក់រៀល) លើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលត្រូវអនុវត្តចាប់ពីពេលនេះតទៅ។
បញ្ជាក់ផងដែរថា ការចាត់វិធានការរបស់មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្តដូចនេះ បន្ទាប់ពីគេឃើញជាញឹកញប់ថា ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មភាគច្រើន ពេញនិយមប្រើប្រាស់ប្រាក់បាតថៃ ជំនួសប្រាក់រៀលខ្មែរ៕