ភ្នំពេញ៖ នារីវ័យក្មេងនៅតាមតំបន់ដាច់ស្រយ៉ាលដែលទទួលព័ត៌មាន និងមានចំណេះដឹងនៅមានកម្រិតនៅតែក្លាយជាក្រុមគោលដៅ ឬជាជនងាយគ្រោះពីការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទទាំងក្នុងនិងក្រៅប្រទេស។ ទាក់ទិនរឿងនេះ អ្នកជំនាញ យល់ថា រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលមានផលវិបាកក្នុងការកំណត់អត្ថសញ្ញាណ ដើម្បីជួយសង្គ្រោះឱ្យទាន់ពេលវេលាព្រោះក្រុមមេខ្យល់មានក្បិចកលក្នុងភាពថ្មីៗក្នុងការបោកបញ្ជោតជនរងគ្រោះ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍!
អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា ស្ត្រីវ័យក្មេងនៅប្រឈមនឹងការជួញដូរផ្លូវភេទ និងកម្លាំងពលកម្មទៅក្រៅប្រទេស។ ជនរងគ្រោះត្រូវបានជួយសង្គ្រោះច្រើនតែជាជនអន្តោប្រវេសន៍ចំណាក់ស្រុកដោយខុសច្បាប់តាមរយៈមេខ្យល់ ឬ តាមក្រុមហ៊ុននាំពលករគ្មានអាជ្ញាប័ណ្ណស្របច្បាប់ចុះបញ្ជីនៅក្រសួងការងារ។
យោងតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលចំនួនពីរដែលធ្វើការពាក់ព័ន្ធនឹងការទប់ស្កាត់អំពើជួញដូរមនុស្ស បានបង្ហាញថា គេបានជួយសង្គ្រោះជនរងគ្រោះ និងធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញជិត១០០ករណី ក្នុងឆមាសទី១ ដើមឆ្នាំនេះ។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៃអង្គការសមាគមអាដហុកមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៨ អង្គការអាដហុកបានជួយសង្គ្រោះជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិន ម៉ាឡេស៊ី ថៃ និងអារ៉ាប៊ីសាអូឌីតសរុប ៧៩ នាក់ ដែលមាន២៧ ករណី។ក្នុងនោះស្ត្រី ៤០នាក់ និងបុរស ៣៩ នាក់។
អ្នកស្រី សុគន្ធា បន្ថែមថា ក្នុងចំណោម ២៧ ករណីនេះ ជនល្មើសពីរនាក់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ។ ទោះបីយ៉ាងណា អ្នកស្រី យល់ថា ជនល្មើស ឬ មេខ្យល់មិនខ្លាចរអានឹងច្បាប់ព្រោះតែបញ្ហានិទណ្ឌភាព។
ជនរងគ្រោះស្ត្រីនិងកុមារ ៩៩ ភាគរយ ត្រូវបានកេងប្រវ័ញ្ចកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មផ្លូវភេទ ហើយ ៥៨ ភាគរយ ក្នុងវិស័យផ្សេងទៀត។ នេះបើតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ(ILO)។
ក្នុងរបាយការណ៍របស់អង្គការសម្ព័ន្ធចាប់ដៃនៅឆមាសទី១ដើមឆ្នាំនេះ បានជួយសង្គ្រោះជនរងគ្រោះនិងមាតុភូមិនិវត្តន៍មកកម្ពុជាមាន ៧២ ករណី។ ក្នុងចំណោមនោះស្ត្រីរងគ្រោះ ៦០ ករណី ត្រូវបានចាញ់បោកមេខ្យល់យកទៅលក់ ដើម្បីរៀបការដោយបង្ខំជាមួយជនជាតិចិន។ ហើយជនរងគ្រោះ ៦ នាក់ ត្រូវបានគេលក់ទៅម៉ាឡេស៊ី និងម្នាក់នៅអារ៉ាប់ប៊ីសាអូឌីត។
លោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោងក្នុងគម្រោងគាំទ្រការទប់ស្កាត់អំពើជូញដូរមនុស្សរបស់អង្គការសម្ព័ន្ធចាប់ដៃ អះអាងថា ការជួយសង្គ្រោះជនរងគ្រោះពីប្រទេសចិនមានចំនួនច្រើនករណីដោយសារការសហការណ៍គ្នាល្អរវាងរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងជាមួយអាជ្ញាធរចិនក្នុងការអន្តរាគមន៍ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានគេជួញដួរ។
លោកស្រ៊ន់ឡង់ដា៖«ផ្លាស់ប្តូរអរិយាបថគេហៅថាគាត់រាយការណ៍ជូនមកអគ្គស្នងការប៉ូលិសប្រឆាំងការជួញដូរមនុស្សនៅរាជធានីភ្នំពេញ ឯរាជធានីភ្នំពេញគេបានបញ្ជូនសំណុំរឿងទៅក្រសួងការបរទេស ក្រសួងការបរទេសគេរុញសំណុំរឿងទៅស្ថានទូតប្រចាំប្រទេសគោលដៅ ដើម្បីស្រាវជ្រាវករណីមួយនេះអញ្ចឹងខ្ញុំគិតថាវារាងបានល្អតែតោះបីយ៉ាងណាក៏ដោយយើងនូវតែមានកម្រិតផ្នែកមួយចំនួនដូចជាការចូលរួមទាក់ទងផ្លូវច្បាប់យើងហាក់ដូចជាពិបាកក្នុងការទទួលសំណងដោយសារមេខ្យល់គាត់មានលុយច្រើនគាត់អាចប្រើប្រាស់លុយការដោះដូរឬបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដកពាក្យបណ្តឹងជាដើម»។
ក្រៅពីការជួញដូរទៅក្រៅប្រទេសជនរងគ្រោះជាស្ត្រីភាគច្រើនត្រូវគេជួញដូរកម្លាំងពលកម្មនិងផ្លូវភេទនៅក្នុងស្រុក។បើតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះការបង្ក្រាបជួញដូរមនុស្សមានការថយចុះជាងឆ្នាំមុនបន្តិច បើធៀបនឹងរយៈពេលដូចគ្នា។
លោកស្រី ជូ ប៊ុនអេង អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឱ្យដឹងថា អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្សក្នុងស្រុកមានចំនួន ១៨ ករណី ខណៈដែលឆ្នាំមុនមាន១៦ករណី បើធៀបទៅនឹងរយៈពេលដូចគ្នា។ លោកស្រី បន្ថែមថា ការបង្ក្រាបអំពើជួញដូរផ្លូវភេទបានចំនួន ៤៤ ករណី ខណៈដែលឆ្នាំមុន មាន ៥០ ករណី បើគិតរយៈពេលដូចគ្នា។
លោកស្រី ជូ ប៊ុនអេង៖«យើងមើសឃើញភាពសកម្មនៅក្នុងសហប្រតិបត្តិការណ៍របស់សមត្ថកិច្ចយើង ក៏ដូចជាអ្នករងគ្រោះដែលគាត់ធ្វើការរាយការណ៍ឬផ្តល់ព័ត៌មានដើម្បីឱ្យយើងបានទទួលព័ត៌មានច្បាស់លាស់សិនហើយការស៊ើបអង្កេតក្នុងការប្រតិបត្តិទាន់ពេលវេលា។ក្នុងឆ្នាំក៏យើងមានកិច្ចសហការណ៍ជាមួយនឹងប្រទេសថៃ ដើម្បីធ្វើការបង្ក្រាបករណីជួញដូរឆ្លងដែន»។
បើតាម លោក ស្រ៊ន់ ឡង់ដា មន្ត្រីអង្គការសម្ព័ន្ធចាប់ដៃ មានប្រសាសន៍ថា អង្គការលោកជួយសង្គ្រោះក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៤នាក់នៅពេលមានការប៉ុនប៉ងលក់នៅតាមហាងការ៉ាអូខេ និងក្លឹមកម្សាន្ត នៅរាជធានីភ្នំពេញ។
តែបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅឆ្នាំ ២០១៧ អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្ស ៤៨ ករណី បើធៀបនឹងឆ្នាំ ២០១៦ មាន ២៧ ករណី ហើយការបង្ក្រាបអំពើជួញដូរផ្លូវភេទមានចំនួន ១១១ ករណីនៅឆ្នាំ ២០១៧ ខណៈដែលឆ្នាំ ២០១៦ មាន ៦៥ ករណី៕