ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ខេត្ដជាប់សមុទ្រ ពិសេសខេត្ដកោះកុង និងខេត្ដព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជោគជាំច្រើនថ្ងៃបន្ថែមទៀត ខណៈខេត្ដនៅតំបន់ខ្ពង់រាប និងខេត្ដជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នឹងមានភ្លៀងធ្លាក់រហូតដល់ចុងសប្ដាហ៍។
សេចក្ដីជូនដំណឹងដែលក្រសួងធនធានទឹកផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែសីហា ម្សិលមិញបញ្ជាក់ថា មានប្រព័ន្ធសម្ពាធទាបមួយកំពុងអូសកាត់លើអាងទន្លេមេគង្គ។ នៅក្នុងសម្ពាធទាបនេះ មានសម្ពាធទាបសកម្មមួយកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង។ ឥទ្ធិពលនៃសម្ពាធទាបនេះ នឹងវិវត្ដទៅជាកូនព្យុះ ស្ថិតនៅចន្លោះកោះហៃណាំ និងទីក្រុងហុងកុង។ ស្របពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើឆ្នេរប្រទេសកម្ពុជា។
ព្រោះតែបែបនេះ ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា សម្រាប់ខេត្ដ នៅតំបន់មាត់សមុទ្រ ពិសេសខេត្ដកោះកុង និងខេត្ដព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ជោគជាំច្រើនថ្ងៃបន្ថែមទៀត។ លើលំហសមុទ្រ នឹងមានភ្លៀងខ្យល់ បក់បោកខ្លាំង រួមជាមួយនិងរលកខ្ពស់ៗ។ ចំណែកតំបន់ខ្ពង់រាប នឹងបណ្ដាខេត្ដស្ថិតតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្ដាហ៍។ ដោយឡែក បណ្ដារាជធានីខេត្ដ ដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចន្លោះពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៤ ខែសីហានេះ។
ជាមួយគ្នានេះក្រសួងធនធានទឹក អំពាវនាវដល់ប្រជានេសាទ និងធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការយកចិត្ដទុកដាក់ប្រុងប្រ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕