ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគម្រោងជាង១០០គម្រោងដែលមានទំហំវិនិយោគ ៣៥០០ លានដុល្លារ ស្របពេលការនាំចេញសម្លៀកបំពាក់កើនឡើងជាង ៤ ពាន់លានដុល្លារ។ ការកើនគំរោង វិនិយោគទុននេះ ស្របពេល សន្ទស្សន៍សេដ្ឋកិច្ចកម្ពុជាបន្តនៅថេរ ៧ភាគរយនៅរយពេលចុងក្រោយនេះ ទោះជាស្ថានភាពនយោបាយ ឡើងកំដៅពាក់ព័ន្ធករណីពន្ធអនុគ្រោះEBAរបស់សហភាពអឺរ៉ុប។
លោក សេរីវឌ្ឍនៈជូនសេចក្តីរាយការណ៍ !
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការកើនឡើងរហូតដល់ ៤ ពាន់លានដុល្លារក្នុងឆមាសទី ១ ដើមឆ្នាំ ២០១៨នេះទៅកាន់ទីផ្សារអឺរ៉ុប។ អ្វីដែលនាំអោយការកើនឡើង ទំហំនាំចេញនេះ អាចមកពីកត្តា ច្រើនយ៉ាង គួបផ្សំនឹង ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប «អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ»ឬ«Evrything, but arms» ដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចូលទំនិញទៅអឺរ៉ុបមានទំហំទឹកប្រាក់ ៦៧៦ លានដុល្លារក្នុងមួយឆ្នាំពិសេសការនាំចេញវិស័យវាយនតភណ្ឌកម្ពុជាមានរហូតដល់ ៧០ ភាគរយ។ ក្រៅពីអឺរ៉ុប កម្ពុជាក៏កំពុងប្រឈមនឹងការព្យួរអនុគ្រោះពន្ធទៅសហរដ្ឋអាមេរិកដែរ។
តែបែបនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តគម្រោងវិនិយោគវិស័យឧស្សាហម្មជាង ១០០ គម្រោងដែលមានទុនប្រមាណ ៣៥០០ លានដុល្លារអាមេរិក ហើយការបង្កើតរោគចក្រថ្មីមានការកើនឡើងគួរឱ្យគាត់សំគាល់នៅឆមាសទី១នេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុប១០៦គម្រោង។ ក្នុងនោះគម្រោងថ្មីមានចំនួន ៩៧ គ្រោង ហើយគម្រោងពង្រីកផលិតកម្មចំនួន៩។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ក្នុងឆមាសទី១ ដើមឆ្នាំនេះ ការអនុម័តគម្រោងមានការកើនឡើងចំនួន ១៩ គម្រោង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងទាំងអស់មានទុនវិនិយោគសរុប ៣៥០០ លានដុល្លារអាមេរិកដែលអាចបង្កើតការងារ ១០ ម៉ឺនកន្លែង។ ទំហំវិនិយោគនេះមានការកើនឡើងចំនួន ១៤ ភាគរយ។
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ជាមួយសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់គួរឲ្យគាត់សម្គាល់។ ទំនិញកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកកើនឡើងពី ៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ រហូតដល់ ១៦០ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៦ ខែដើមឆ្នាំ២០១៨នេះ។
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកើនឡើងរហូតដល់ ៤ ពាន់លានដុល្លារក្នុងឆមាសទី ១ ដើមឆ្នាំ ២០១៨នេះ។ ការនាំចេញនេះកើនឡើង ១១ ភាគរយ ដោយកើនឡើងជិតទ្វេដងគឺ ៦, ៩ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា បានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់និងស្បែកជើងមានកើនឡើងដោយសារការបញ្ជាទិញទំនិញនៅទីផ្សារអន្តរជាតិនូវមានកម្រូវការខ្ពស់។តែលោកថា ការពង្រឹកគុណភាពផលិត ស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅក្នុងតំបន់ក៏ជាផ្នែកមួយនាំឱ្យមានការនាំចេញកើនឡើងផងដែរ។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ រោងចក្របង្កើតថ្មីក្នុងវិស័យឧស្សាហាកម្មមានការកើនឡើងចំនួន ៧៣ កើនឡើងជាង ៥៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អាត់ ធន់ ប៉ាន់ប្រមាណថា នៅដើមឆ្នាំ ២០១៨ រោងចក្រយ៉ាងតិច ២០ ត្រូវបានបិទទ្វារ ដែលចំនួននេះប្រហាក់ប្រហែលគ្នាកាលពីឆ្នាំមុនដែរ។ លោកពន្យល់ថា រោងចក្របិទទ្វារអាចមកពីចៅកែរោកចក្រមួយចំនួនគេចវេសពីការបងប្រាក់អត្ថប្រយោជន៍ផ្សេងដល់កម្មករ ឬថៅកែចាញ់ល្បែកស៊ីសងជាដើម។
លោក អាត់ ធន់៖ «២០១៧វាជាង២១ក្រុមហ៊ុន តែ២០១៨នេះវាមកដល់៦ខែយើងអត់ដឹងតួលេខច្បាស់ ប៉ុន្តែ គ្រាន់ថា គ្រាន់នៅសហភាពខ្ញុំ សហព័ន្ធខ្ញុំគឺបិទ៧ក្រុមហ៊ុនទៅហើយ ដែលបិទទូទាត់លុយនៅក្នុងឆ្នំា ២០១៨នេះ អញ្ចឹងខ្ញុំគិតថា ងាចមិនតិចជាង២០ទេនៅក្នុងឆ្នំា ២០១៨នេះ។ការបិទកន្លងមកបញ្ហាទី១ ពាក់ព័ន្ធទៅនឹងនិយោជក់គាត់លេងល្បែង។ រឿងទី២ពាក់ព័ន្ធដោយសារជិតបោះឆ្នោត ឬការព្រមានរបស់សហគមអឺរ៉ុបក្រុមហ៊ុនវិនិយោគមួយចំនួនផ្អាកឬក៏អាចនិយាយថាបញ្ជាទិញរយៈពេលខ្លីឬកុងត្រាតូចៗ។»
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនឡើងចំនួន ២២ ភាគរយ។ ក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់កើនឡើងចំនួន ៨គម្រោង។ នៅឆមាសទី១ ដើមឆ្នាំ ២០១៨ មាន ២៣ គម្រោង ខណៈដែលនៅឆមាសទី១ ដើមឆ្នាំមុន មាន ១៥ គម្រោង។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ថា រោងចក្រតិចតួចបិទទ្វារ តែរោងចក្រជាច្រើនត្រូវបានបង្កើតឡើង។លោកយល់ថា ការបិទរោងចក្រមិនពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងនយោបាយទេ តែអាចមកចៅកែសម្រេចបិទទ្វាររោងចក្រព្រោះជាចេតនាគេចវេសការបង់ប្រាក់អត្ថប្រយោជន៍ដល់កម្មករ។
លោក ហ្វា សាលី៖«ពាក់ព័ន្ធនឹងការបង្កើតរោងចក្រយើងឃើញថាមានច្រើនជាងមុនវិញ ទោះជាកាលៈទេសៈណាក៏ដោយយើងឃើញមានច្រើនទំាងការតម្លើងគ្រឿងអេឡិចត្រូនិចអ្វីផ្សេងៗ ដោយយើងឈរផ្នែក CDC ដែលគេចេញរបាយការណ៍មានរោងចក្រកើនឡើងច្រើនទំាងគ្រឿងអេឡិចត្រូនិច ការតម្លើងយានតន្តមានការកើនឡើងជាការបិទបាទ»។
កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងរង្វង់ ៧ ភាគរយនៅឆ្នាំ២០១៨នេះ។ ការនាំចេញសម្លៀកបំពាក់ជាផ្នែកមួយក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្រៅពីវិស័យកសិកម្ម សំណង និង ទេសចរណ៍។
សហភាពអឺរ៉ុបជាទីផ្សារធំជាងគេដែលនាំសម្លៀកបំពាក់ពីកម្ពុជាក្នុងទំហំទឹកប្រាក់កើនឡើងប្រមាណជាង ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកសហរដ្ឋអាមេរិកវិញជាទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាទី២ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
កម្មកររោងចក្រប្រមាណជាង ៧០ ម៉ឺននាក់ កំពុងបម្រើការងារវិស័យវាយន្តភណ្ឌ ដែលភាគច្រើនជាស្ត្រី។
ទោះបីជាយ៉ាងណា វិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងអាចប្រឈមលើបញ្ហាប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដែស និង មីយ៉ាន់ម៉ា ព្រោះការកើនឡើងយ៉ាងរហ័សនៃប្រាក់ឈ្នួលអប្បបរមា និងការឡើងថ្លៃប្រាក់ដុល្លារអាមេរិក។
ប្រាក់ឈ្នួលអប្បបរមាកម្ពុជាត្រូវបានដំឡើងពី ១៥៣ ដុល្លារក្នុងមួយខែនៅឆ្នាំ ២០១៧ ដល់ ១៧០ មួយខែដុល្លារនៅឆ្នាំ ២០១៨នេះ។ ប្រាក់ឈ្នួលអប្បបរមាកម្ពុជា ប្រហាក់ប្រហែលនឹងវៀតណាម តែខ្ពស់ជាង បង់ក្លាដែស និង មីយ៉ាន់ម៉ា៕