en     km
en     km

គ.ជ.ប បើកសវនាការជំនុំជម្រះ យុទ្ធនាការម្រាមដៃស្អាតពលរដ្ឋក្នុងខេត្ដបាត់ដំបង

Share

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ បានបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ស្ដីពីការប្ដឹងជំទាស់ នឹងសេចក្ដីសម្រេចលេខ ០០១ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ពលរដ្ឋចំនួន ០៥រូប ដែលជាអតីតមន្រ្ដី របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្ដឹងពីបទ “រារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត” ផ្អែកតាមមាត្រា ១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី០៦ ឆ្នាំ២០១៨។ ពួកគេម្នាក់ៗ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដបាត់ដំបង សម្រេចផាកពិន័យ ចំនួន ១០លានរៀល។

លោក សំ សុគង់ មេធាវីការពារក្ដីឲ្យពលរដ្ឋទាំង ០៥រូបនោះបានប្រាប់អ្នកសារព័ត៌មានថា កូនក្ដីរបស់ខ្លួនមិនបានធ្វើអ្វីខុសនឹងច្បាប់ឡើយ ហើយអ្វីដែលពួកគេធ្វើ គឺជាការ​ប្រើប្រាស់សិទ្ធិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

យ៉ាងណាសវនាការប្ដឹងជំទាស់នេះ មិនទាន់ត្រូវបានប្រកាសលទ្ធផលនៅឡើយទេនៅព្រឹកនេះ ដោយក្រុមប្រឹក្សាជំនុំជម្រះ សម្រេចប្រកាសនៅម៉ោង ៣ រសៀលថ្ងៃទី០៨ ខែសីហានេះ។

ពលរដ្ឋដែលត្រូវបានផាកពិន័យរួមមាន លោក ជា ជីវ  លោក ថោង សារឿន  លោក ម៉ាង ឈុន  លោក ពៅ តាំង និងលោក គ្រុយ គឹមសាំង។

មេធាវីការពារក្ដីរបស់ពលរដ្ឋទាំង ០៥រូបនេះ អះអាងថា ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់ការសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដបាត់ដំបង ដដែលពួកគេ នឹងបន្ដប្ដឹងទៅកាន់ ក្រុមប្រឹក្សាធម្មនុញ្ញ ជាបន្ដទៀត ដោយពួកគេយល់ឃើញថា ការប្ដឹងកូនក្ដីរបស់ខ្លួនគឺជារឿងអយុត្ដិធម៌៕

Share

ព័ត៌មានទាក់ទង

Image