en     km
en     km

វេណេហ្សូអេឡា៖អតិផរណាឡើងកប់ពពក កាហ្វេមួយកែវតម្លៃ ២លាន Bolivar

Share

ប្រទេស វេណេហ្សូអេឡា ដែលជាប្រភពប្រេងដ៏ធំមួយ របស់ពិភពលោក កំពុងជួបគ្រោះភ័យ ជាខ្លាំង ដោយផ្ទុះវិបត្តិនយោបាយ និងឱនភាពសេដ្ឋកិច្ច។ វិបត្តិទាំងពីរនេះ បាននាំអោយ ក្រដាស់ប្រាក់របស់ប្រទេសនេះ សឹងតែគ្មានតម្លៃឡើយ។ អតិផរណា បាននាំអោយ ពលរដ្ឋប្រទេសនេះ ស្ថិតក្នុងការបាត់បង់លំនឹងក្នុងការប្រកបមុខរបរទទួលទាន។ គ្រប់ទំនិញទាំងអស់ បានហក់ឡើង កប់ពពកទៅហើយ គឺសូម្បីកាហ្វេ មួយកែវ មានតម្លៃ២លាន Bolivar​ ប្រាក់ របស់ប្រទេសនេះ។

លោក រឿន ឬទិ្ធ ជូនសេចក្ដីប្រែសម្រួល !

ខ​ណៈ អតិផរណា មានស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង គ្រប់ទំនិញទាំងអស់នៃប្រទេសវេណេហ្សូអេឡាបានហក់ឡើងកប់ពពក សូម្បីកាហ្វេមួយកែវមានតម្លៃ ២លាន ប្រាក់ Bolivar ផងដែរ។

បណ្ដាញផ្សាយព័ត៌មានរបស់អាមេរិក Bloomberg ចុះផ្សាយនៅថ្ងៃ អង្គារ ទី ៧ កក្កដា ថា កាលពី ១២ខែមុន កាហ្វេមួយកែវមានតំលៃ ២៣០០​ប្រាក់ Bolivar។ តួលេខនេះ បើគិតជាអត្រាភាគរយ ​គឺអតិរណាក្រដាស់ប្រាក់ Bolivarបានហក់ឡើង ជិត ៨៧០០ភាគរយ។

មូលនិធិរូបប័ណ្ណអន្តរជាតិ IMF កាលពីពេលថ្មីៗនេះបានធ្វើការព្រមានថាប្រទេសវេណេហ្សូអេឡានឹងផ្ទុះអតិផរណា ១លានភាគរយ នៅចុងឆ្នាំ២០១៨ ដែលនាំអោយសេដ្ឋកិច្ចប្រទេសនេះ ក្រឡាប់ ហើយធ្វើអោយសង្គមចលាចល។

ការព្យាករណ៍របស់ IMF ធ្វើឡើងស្របពេលដែលស្ថានភាពសេដ្ឋកិច្ចប្រទេសនេះ បានកំពុងដាំក្បាលចុះ ធ្វើអោយប្រាក់របស់ប្រទេសវេណេហ្សូអេឡា គ្មានតំលៃទាល់តែនៅក្នុងការដោះដូរទំនិញក្នុងស្រុក និងប្រទេសជិតខាង។

តាមសេចក្ដីរាយការណ៍ស្ថានភាពក្រដាសប្រាក់ Bolivar កាន់តែអស់តម្លៃតាំងពីខែមេសា ឆ្នាំ ២០១៨ គឺវាផ្ទុះឡើង ២៣៥ភាគរយ មុនបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ ២០ឧសភា ដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។

ការផ្ទុះឡើងអតិផរណាដ៏កំហុកនេះ ចំពេលពលរដ្ឋប្រទេសនេះ បានសម្រុកចាកចេញពីប្រទេស​ទៅនៅប្រទេសជិតខាងដើម្បីសុំជ្រកកោនផ្នែកសេដ្ឋកិច្ច និងនយោបាយ។

តាមសេចក្ដីរាយការណ៍របស់កាសែត The Times of India  ពលរដ្ឋបានចាកចេញទៅប្រទេសកូឡំប៊ី ប្រេស៊ីល និងប៉េរូ បានកើន ជិត ១លាន៥សែននាក់ ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិបត្តិ នៅចុងឆ្នាំ ២០១៦ ដោយសារលោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូ រំលាយសភារបស់ក្រុមប្រឆាំង។

ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២០ឧសភា មិនទទួលស្គាល់ទូលំទូលាយពីសហគមន៍អន្តរជាតិនោះទេ។សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសកាណាដា និងប្រទេសសម្ព័ន្ធអាមេរិកឡាទីន ក៏កាត់បន្ថយកម្រិតការទូតជាមួយប្រទេសនេះដែរ។ បច្ចុប្បន្ន ប្រទេសវេណេហ្សូអេឡាកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕ ​

Share

ព័ត៌មានទាក់ទង

Image