ប្រធានាធិបតីចិនស៊ីជីនភីងទំនង គឺជាមេដឹកនាំដំបូងគេនៃប្រទេសមហាអំណាចដែលបានចេញមុខមុនគេគាំទ្រលោក Emmerson Mnangag wa បានជាប់ឆ្នោតជាប្រធានាធិបតីហ្សិមបាវ៉េ ដែលកើតចេញពីការបោះឆ្នោត ពោរពេញដោយហិង្សា ខណៈបក្សប្រឆាំងរបស់ប្រទេសនេះបានផ្ទុះការតវ៉ាអោយរាប់សន្លឹកឆ្នោតឡើងវិញដោយចោទថា មានការបន្លំតួលេខលទ្ធផលបោះឆ្នោត។
លោក រឿន ឬទ្ធី ជូនសេចក្ដីប្រែសម្រួល !
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនៅថ្ងៃអង្គារទី៦សីហានេះថា លោកប្រធានាធិបតីស៊ីជីនភីង បានផ្ញើសារជូនលោកម៉ាក់ណាន់ហ្គាវ៉ា ដោយសាទរ អ្នកនយោបាយជើងចាស់នៃប្រទេសហ្សិមបាវ៉េ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី។
សារលិខិតរបស់លោកស៊ីជីនភីង បានរៀបរាប់ដូចនេះថា៖«ខ្ញុំសូមជូនពររដ្ឋាភិបាល និងប្រជាជនហ្សិមបាវ៉េ សូមទទួលបានថែមទៀតនូវការអភិ វឌ្ឍន៍ជាតិនៅក្រោមការដឹកនាំរបស់លោកណាន់ហ្គាវ៉ា។ ខ្ញុំសង្ឃឹមថា លោកណាន់ហ្គាវ៉ានឹងមកកាន់ទីក្រុងប៉េកាំង ហើយចាប់ផ្ដើមពង្រឹងសហប្រតិ បត្តិការយុទ្ធសាស្ត្រដៃគូរវាងប្រទេសទាំងពីរទៅមុខទៀត»។
តាមប្រភពដដែលនេះ លោក ស៊ី ចង់អោយ លោក ណាន់ហ្គាវ៉ា មកកាន់ទីក្រុងប៉េកាំងនៅខែក្រោយនេះ ដើម្បីចូលរួមជំនួបកំពូលរវាងមេដឹកនាំ ចិន និងមេដឹកនាំអាហ្វិ្រក។
ប្រទេសចិនមានចំណងទាក់ទងជិតស្និទ្ធបំផុតទាំងការទូត និងសេដ្ឋកិច្ចជាមួយប្រទេសហ្សិមបាវ៉េនៅក្រោមការដឹកនាំរបស់បុរសជរា លោក រ៉ូប៊ឺត ម៉ូហ្គាបេ ដែលអ្នកសង្កេតការណ៍មើលឃើញ ហ្សិមបាវ៉េស្ថិតនៅក្រោមឥទ្ធិពលចិនជាខ្លាំង។
ប៉ុន្តែក្រោយពីលោក មូហ្គាបេ ត្រូវបានពួកយោធាដកហូតអំណាចនៅចុងឆ្នាំ ២០១៧ មក ដោយដាក់អោយស្ថិតនៅក្រោមការដឹកនាំអន្តរកាលរបស់លោក ណាន់ហ្គាវ៉ា ឃើញថា ឥទិ្ធពលចិនហាក់ថប់ថយបន្តិច។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី និងសមាជិកសភា កាលពីថ្ងៃទី៣០ កក្កដា ប្រទេសចិនដែលមិនធ្លាប់មានការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនចេញពីពលរដ្ឋដោយផ្ទាល់ក៏បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមួយក្រុមទៅចូលរួមឃ្លាំមើលការបោះឆ្នោតនោះដែរ។
ទោះបីក្រុមប្រឆាំងបានផ្ទុះការតវ៉ាដោយហិង្សាក៏ដោយ គឺសម្រាប់ចិនបានទទួលស្គាល់ជ័យជម្នះរបស់បក្សកាន់អំណាច Zanu-PF ដឹកនាំដោយលោក ណាន់ហ្គាវ៉ា ។ ក្រុងប៉េកាំងចាត់ទុកលទ្ធផលនៃការបោះឆ្នោតនេះ គឺជាការឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន ហ្សិមបាវ៉េ។តែយ៉ាងណាក៏ដោយអ្នកសង្កេតការណ៍មកពីសហភាពអឺរ៉ុប អាមេរិក មិនទាន់ចាត់ទុកការបោះឆ្នោតត្រឹមត្រូវនៅឡើយទេ ដោយសាតែអំពើហិង្សាបានផ្ទុះឡើងចំពេល ក្រុមប្រឆាំងតវ៉ាថា មានការរាប់បន្លំសន្លឹកឆ្នោត។ ការផ្ទុះហិង្សានេះ នាំអោយមនុស្ស ៦ស្លាប់ និងចាប់ខ្លួន ៨នាក់ ដោយការបង្រ្កាបរបស់ពួកយោ ធា។
លោក ណាន់ហ្គាវ៉ា បានទទូចសុំអោយមានការបង្រួបបង្រួមជាតិជាបន្ទាន់ ខណៈបានបញ្ជាអោយចាប់ខ្លួនកងទ័ពដែលប្រើគ្រាប់កាំភ្លើងពិតបាញ់រះលើបាតុករ។
កាលពីថ្ងៃចន្ទ លោក Nelson Chamisa ប្រធានគណបក្សប្រឆាំងនៅតែប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតទើបនាំអោយមានការប្រែប្រួលលទ្ធផលបោះឆ្នោត។ លោកថា កងទ័ពនៅតែគំរាមចាប់ខ្លួន ក្រុមប្រឆាំង។ តែយ៉ាងនេះក្ដី លោក សន្យាថា នឹងប្ដឹងទៅកាន់តុលាការរដ្ឋធម្មនុញ្ញ ដើម្បីពិនិត្យមើលលទ្ធផលបោះឆ្នោតនេះឡើងវិញ៕