en     km
en     km

ស៊ី​ម៉ាក់​ ​ដោះ​គ្រាប់បែក​នៅ​ប្រាសាទព្រះវិហារ​ក្រោម​ជំនួយ​របស់​ចិន​

Share

​ភ្នំពេញ​ ៖​ អគ្គនាយក​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​បញ្ជូន​មន្ដ្រី​របស់​ខ្លួន​ទៅ​ស្វែងរក​ និង​យក​គ្រាប់បែក​ដែល​មិន​ទាន់​ផ្ទុះ​ បន្សល់​ពី​ក្នុង​អំឡុង​ជម្លោះ​កម្ពុជា​ និង​ថៃ​ ករណី​ប្រាសាទព្រះវិហារ​ កាលពី​ឆ្នាំ​២០០៨​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ ហេង​ រតនា​ អគ្គនាយក​ស៊ី​ម៉ាក់​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ម្សិលមិញ​។​

​លោក​ លៀ ​ស៊ី​ណា​ រាយការណ៍​៖

 

​ការ​បញ្ជូន​មន្ដ្រី​ជំនាញ​ខាង​ដោះ​មីន​ របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ទៅ​ស្វែងរក​គ្រាប់បែក​នា​ពេល​នេះ​ គឺ​បន្ទាប់​ពី​ មានការ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ធំ​ ១៥៥​មី​លី​ម៉ែត្រ​ ដែល​មាន​ពីរ​ប្រភេទ​ គឺ​ប្រភេទ​គ្រាប់បែក​ចង្កោម​ និង​គ្រាប់​ជះ​អំបែង​។​ លោក​ ហេង​ រតនា​ បញ្ជាក់​ថា​ គ្រាប់​ទាំង​ពីរ​ប្រភេទ​នេះ​ គឺ​បន្សល់​ទុក​កាលពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ព្រះ​វិហារ​ ហើយ​ទាហាន​ថៃ​ បាន​បាញ់​ផ្លោង​មក​លើ​កងទ័ព​កម្ពុជា​។​ តំបន់​ដែល​មាន​គ្រាប់​ ទាំង​អស់នេះ​ គឺ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ ៣​គីឡូម៉ែត្រ​ ពី​ប្រាសាទព្រះវិហារ​។​

​បន្ថែម​ពី​នេះ​ អគ្គនាយក​ ស៊ី​ម៉ាក់​ សង្កត់ធ្ងន់​ថា​ គ្រាប់​ទាំងនោះ​បើ​ទោះជា​កន្លង​ផុត​ទៅ​ ១០​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​វា​នៅ​តែ​មាន​សណ្ឋាន​ល្អ​ដដែល​។​ លោក​ ហេង​ រតនា​ ជា​រឿយៗ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ត្រូវ​តែ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​ ក្នុង​ករណី​ដែល​បានឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ពីព្រោះ​តែ​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​ មិន​ថា​ កន្លង​ទៅ​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ​ វា​នៅ​តែ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​។​

​លោក​ ហេង​ រតនា​ បញ្ជាក់​ថា​ អង្គភាព​ស៊ី​ម៉ាក់​ កំពុង​តែ​ព្យាយាម​ដោះ​មីន​ និង​គ្រាប់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​នៅ​តំបន់​ព្រះ​វិហារ​ ក្រោម​គម្រោងការ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។​

​លោក​ ហុ​ក​ ហេង​ អ្នកនាំពាក្យ​ប៉ូលិស​ខេត្ដព្រះវិហារ​ បាន​ប្រាប់​ កាសែត​ខ្មែរ​ថា​ម​ស៍​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ មន្ដ្រី​នគរបាល​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ មន្ដ្រី​អង្គភាព​ ស៊ី​ម៉ាក់​ ដើម្បី​កំណត់​កន្លែង​ដែល​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​អស់នោះ​។​

​គួរ​រ​ឮ​កថា​ គិត​ពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ឆ្នាំ​២០១៨​នេះ​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​ធ្វើ​ការងារ​ក្នុង​ការ​បោសសំអាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​អស់​រយៈពេល​ ២៦​ឆ្នាំ​ហើយ​។​ ក្នុង​អំឡុង​ នៃ​ការ​ប្រតិបត្ដិ​កន្លង​មកនេះ​ អង្គភាព​ ស៊ី​ម៉ាក់​ ដែល​ជា​ស្ថាប័ន​ជាតិ​ក្នុង​ការ​ដោះ​មីន​ បាន​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ ២​លាន​ ៧​សែន​គ្រាប់​។​ ស៊ី​ម៉ាក់​ ប៉ាន់​ប្រមាណ​ថា​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​

​ក្រោយ​ពី​បំពេញការងារ​ប្រកបដោយ​មនុស្សធម៌​អស់​រយៈពេល​ជាង​ ២៥​ឆ្នាំ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ កាលពី​ខែមីនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ ជូន​ដល់​មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ទាំងអស់​ ឲ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​របប​សោធន​និវត្ដន៍​ ពី​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ខណៈ​ដែល​បំពេញការងារ​ជាដើម​។​ បុគ្គលិក​របស់​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​សរុប​មាន​ចំនួន​ ១៨០០​នាក់​ ។​ បច្ចុប្បន្ន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ មាន​ចំនួន​ជាង​ ១៥០០​នាក់​ ហើយ​ជាង​ ១០០​នាក់​ ជា​ស្ដ្រី​។​ បុគ្គលិក​ដែល​ចូល​និវត្ដន៍​មាន​ចំនួន​ជាង​ ២០០​នាក់​។​

​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ គឺជា​ស្ថាប័ន​បោសសម្អាត​មីន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អង្គភាព​កំចាត់​មីន​មួយ​នេះ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ការងារ​គន្លឹះ​ចម្បង​ចំនួន​បួន​ ដើម្បី​ “​សង្គ្រោះ​ជីវិត​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សំរាប់​ប្រទេស​កម្ពុជា​”​ ។​ កម្មវិធី​ទាំងនោះ​រួម​មាន​ កម្មវិធី​ស្រាវជ្រាវ​ និង​កាត់​បន្ថយ​បង្រួញ​ផ្ទៃដី​ដែល​មាន​មីន​ កម្មវិធី​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​កាត់​បន្ថយ​ពី​គ្រោះថ្នាក់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​កម្មវិធី​ហ្វឹកហ្វឺន​ និង​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​លើ​វិស័យ​បោសសម្អាត​មីន​៕

Share

ព័ត៌មានទាក់ទង

Image