ភ្នំពេញ ៖ ក្រសួងជំនួយអភិវឌ្ឍន៍អន្ដរជាតិរបស់ចក្រភពអង់គ្លេស លើកិច្ចប្រតិបត្ដិការ និងសហការបោសសំអាតមីនមនុស្សនៅកម្ពុជា បានសម្រេចផ្ដល់ជំនួយរយៈពេល ២ឆ្នាំដល់អង្គការដោះមីន NPA HALO MAG និងGICHD នៅកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែសីហាម្សិលមិញ។
ទំព័រហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រាប់ឲ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយលោកស្រី Elizabeth McGarva ទីប្រឹក្សាជាន់ខ្ពស់គម្រោង នៃក្រសួងជំនួយអភិវឌ្ឍន៍អន្ដរជាតិ របស់ចក្រភពអង់គ្លេស លើកិច្ចប្រតិបត្ដិការ និងសហការបោសសំអាតមីនមនុស្សនៅកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី Elizabeth McGarva បានបញ្ជាក់ថា គម្រោងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចផ្ដល់កិច្ចសន្យា ផ្ដល់ជំនួយដល់អង្គការដោះមីន NPA HALO MAG និងGICHD សម្រាប់ធ្វើសកម្មភាពដោះមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ២ឆ្នាំ គឺចន្លោះឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២០។
សូមជម្រាបថា យោងតាមស្ថិតិដែលមជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា បានរកឃើញ ផ្ទៃដីប្រទេសកម្ពុជា ដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា។ ក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានបោសសម្អាត មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដី ៨ពាន់ ៦៣៦ហិចតា ។ ក្នុងនោះ គឺបានកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ៣ម៉ឺន ៧ពាន់ ៤៤៨គ្រាប់៕