en     km
en     km

អង្គការអន្តរជាតិទាមទារឲ្យផ្អាកសង់ទំនប់អគ្គិសនីតាមដងទន្លេក្រោយបាក់ទំនប់នៅឡាវ

Share

អង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការសង្គមស៊ីវិលអន្តរជាតិអះអាងថា ការបាក់ទំនប់វារីអគ្គិសនី Xe Pien-Xe Namnoy ក្នុងប្រទេសឡាវកន្លងទៅនេះ ពុំមែនជាគ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិនោះទេ គឺជាកំហុសរបស់មនុស្ស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការនេះចេញផ្សាយកាលពីចុងខែកក្កដា។

អង្គការនេះ សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះគម្រោងវិនិយោគថាមពលអគ្គិសនីខ្នាតធំតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ។ ក្រុមនេះបានទាមទារឲ្យមានការបញ្ឈប់ផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ដើម្បីបញ្ជៀសគ្រោះមហន្តរាយធំៗនៅថ្ងៃអនាគត។

ក្រុមអ្នកជំនាញខាងបរិស្ថាននិយាយថា ការបាក់ទំនប់នៅក្នុងប្រទេសឡាវជាការព្រមានដល់គម្រោងអភិវឌ្ឍន៍ផ្សេងទៀតតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។ ជាងនេះទៅទៀតពួកគេទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិចារណានិងសិក្សាឡើងវិញហើយពិគ្រោះយល់ជាមួយសហគមន៍មូលដ្ឋានក្នុងការសាងសង់ទំនប់វារីអគ្គិសនីនោះ។

អង្គការ Save the Mekong អះអាងថា អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកផ្ដល់ហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវទាំងស្រុងពីផលប៉ះពាល់ដោយការបាក់ទំនប់ធ្វើឲ្យពលរដ្ឋឡាវ និងកម្ពុជារងគ្រោះ។ អង្គការនេះក៏បានទាមទារឲ្យរដ្ឋាភិបាលតាមដងទន្លេមេគង្គត្រូវផ្អាកគម្រោងទំនប់វារីអគ្គិសនីទាំងអស់ ហើយរង់ចាំឲ្យមានការវាយតម្លៃដោយឯករាជ្យ និងគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់ជាមុនសិន។

សេចក្តីថ្លែងការណ៍បន្ថែមថា ផែនការសម្រាប់ការសាងសង់វារីអគ្គិសនីដ៏ធំទូលាយនៅទូទាំងអាងទន្លេមេគង្គក្រោម បានគំរាមកំហែងចំពោះប្រព័ន្ធអេកូឡូស៊ីមេគង្គ និងសន្តិសុខស្បៀងជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

គម្រោង Xe Pian-Xe Nam Noy បានអនុវត្តសម្រាប់តែការអភិវឌ្ឍវារីអគ្គីសនីនៅក្នុងប្រទេសឡាវ និងនៅកន្លែងដទៃមួយចំនួនក្នុងតំបន់តែប៉ុណ្ណោះ។ រីឯការទាញយកធនធានធម្មជាតិបង្កើតប្រាក់ចំណូលវិញគឺគ្មានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយសហគមន៍ដែលរងផលប៉ះពាល់ នោះទេ ហើយអត្ថប្រយោជន៍និងប្រាក់ចំណេញភាគច្រើនត្រូវបានប្រមូលដោយអ្នកបង្កើតគំរោងនិងក្រុមហ៊ុនវិនិយោគតែប៉ុណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image