ភ្នំពេញ៖ កាលពីដើមឡើយនៅក្នុងសង្គមខ្មែរការជ្រើសរើសគូស្រករ គឺស្ថិតនៅលើការចាត់ចែងរៀបចំរបស់អ្នកម្ដាយឬឪពុក។អក្សរសិល្ប៍ខ្មែររឿងទុំទាវ ក៏បាននិយាយយ៉ាងច្រើនអំពីជីវិតនិងជីវភាពរបស់មនុស្សរស់នៅជំនាន់បុរាណ ដែលគ្រានោះកូនស្រីត្រូវប្រកាន់ខ្ជាប់ការចូលម្លប់ ដោយមិនអាចដើរចាកចេញពីផ្ទះបានឡើយ ។ នេះជាទំនៀមទម្លាប់ខ្មែរពីមុន ដែលកូនក្រមុំមិនអាចស្វែងរកគូស្រករចិត្តឯង ស្របនឹងពាក្យចាស់លោកថាពោល«នំមិនធំជាងនាលិ» ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ គឺខុសពីមុន ។
ម្ដាយឬឪពុកច្រើនតែតាមកូន មិនថា កូនប្រុស សូម្បីកូនស្រី ក៏ត្រូវតាមចិត្តដែរ ។ នេះហើយគេថា ទំនៀមទម្លាប់បុរាណបានបាត់បណ្ដើរៗ គឺពាក្យចាស់ថា «នំមិនធំជាងនាលិ »គឺកាន់នៅឆ្ងាយពីបច្ចុប្បន្នទំនើប នេះ ។ ចង់ដឹងថាមានមូលហេតុអ្វីបានជាអ្នកម្ដាយសម័យបច្ចុប្បន្នកែប្រែ ឈប់បង្ខំចិត្តកូនរៀបការ? ជាបន្ដសូមអញ្ជើស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
បើគេនិយាយពីអនាគតកូនស្រីត្រូវមានគូស្រករចាំបាច់នឹកដល់ពាក្យមួយឃ្លាដែលជាពាក្យចាស់បុរាណគឺ«នំមិនធំជាងនាលិ» ។ សុភាសិតនេះ ជាការប្រៀនប្រដៅកូនកម្លោះក្រមុំ ពេញវ័យឱ្យទទួលយកការ អប់រំបែបនេះ គឺជាគុណប្រយោជន៍នៃការដឹកនាំគុណឪពុកម្ដាយឬគ្រួសារដែលបានចិញ្ចឹមកូនតាំងពីកើតមកភ្លាម រហូតដឹងក្ដី។
គេថា ឪពុកម្ដាយទុកដាក់កូនចៅគឺយោងលើពាក្យ «នំមិនធំជាងនាលិ»នេះដែរ ។ ក្នុងបុរាណមួយដ៏ពេញនិយមគឺរឿងទុំទាវ ។ រឿងបែបអក្សរសិល្ប៍ខ្មែរនេះ ត្រូវបានយកមកលេងជា ប្រលោមលោក ឬ ល្ខោន ឬ ខ្សែភាពយន្តដែលជាវណ្ណៈកម្មមួយដ៏ទំនើបក្នុងសម័យកាលនេះ ។ ប៉ុន្តែរឿងនេះ វាឆ្លុះបញ្ចាំងពីតថភាព សង្គមបុព្វកាល គឺកូនក្រមុំត្រូវតែតាមម្ដាយឪពុកផ្សំផ្គុំជាគូស្រករទើបត្រឹមត្រូវឬគេថាមានសុភមង្គលល្អ ។
តាមអត្តន័យនៃបទចម្រៀង «នាងទាវចូលម្លប់» គឺជាការអប់រំកូនស្រីឱ្យធ្វើតាមម្ដាយក្នុងការរើសគូស្រករ ដោយមិនត្រូវ រើសប្ដីចិត្តឯងឡើយខណៈទាវបានជាប់កិច្ចសន្យាស្បថជាមួយទុំជាអតីតសង្ឃមកធ្វើជាគូអនាគត ប៉ុន្តែត្រូវបានម្ដាយទាវបំបែក ឱ្យទៅរៀបការជាមួយម៉ឺន ងួន កូនកម្លោះរបស់លោកអក ជូន ជាចៅហ្វាយស្រុកត្បូងឃុំ។ ទីបំផុតគូស្នេហាទាំងពីរ ទុំនិងទាវ បានរត់ជួបគ្នា ។
រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំនិងទាវ។ តាមរយៈនេះ អ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រងនិងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ« ការតស៊ូទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ»។
បច្ចុប្បន្ននេះ ម្ដាយឪពុកត្រូវប្រកាន់ទំនៀមទម្លាប់នេះបានកម្រិតណា ខណៈគេមើលឃើញថា យុវជននាសម័យកាលនេះ មានសន្ទុះចិត្តនិងឥរិយាបទខុសពីមុន ហើយសូម្បីម្ដាយឪពុក ក៏មិនចង់ឱ្យអនាគតកូន មានបញ្ហាមិនចុះសម្រុងគ្នា ជាមួយអាណាព្យាបាលដែរ ព្រោះ អ្វីៗ ច្រើនតែងកើនឡើងដោយការទាក់ ទាញពីវត្តុបំណងទំនើបៗ ពីភាគីម្ខាងឬខាងស្រីឬខាងប្រុស ហើយម្យ៉ាងទៀតជាទំនោរចិត្ត កូនប្រុសស្រីទាំងពីរ ដែលមិនអាចផ្ដាច់ចំណងស្នេហាពួកគេបានឡើយ។ ទំនៀមទម្លាប់ «នំមិនធំជាងនាលិ»នេះពិតជាកាន់តែឆ្ងាយមែននាសម័យកាលនេះ ។
ដូចជាស្ដ្រីចំណាស់ម្នាក់កំពុងអង្គុយលេងជាមួយនិងចៅប្រុសបង្កើតរបស់គាត់ នៅក្នុងហាងបាយផ្សារទួលគោកមួយកន្លែង គឺអ្នកស្រី បូ ពៅ ។ អ្នកស្រី បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃគាត់មានកូនធំ និងរៀបការអស់ហើយ។ គាត់ក៏បានប្រាប់បន្ដទៀតថា ការសម្រេចរៀបចំអាពាហ៍ពិពាហ៍កូនប្រុសស្រីរបស់គាត់ គឺបានកើតឡើងចេញពីការជ្រើសរើសរបស់កូនៗ និងការពេញចិត្តរបស់គាត់ផងដែរ។
អ្នកស្រី បូ ពៅ ៖ «គេរើសខ្លួនគេ គាត់សុំម៉េចដែរបានអ៊ំយល់ព្រមឱ្យរៀបការ? ត្រូវរ៉ូវគ្នាទៅ ម៉ែគេចូលស្ដី ហើយមើលទៅគេត្រឹមត្រូវដែរ អត់ចេះផឹក ស៊ី ដើរលេង…»។
ស្ដ្រីវ័យចំណាស់អាយុជាង ៧០ ឆ្នាំរូបនេះ បានរៀបរាប់ឱ្យដឹងទៀតថា គាត់មិនបង្ខំចិត្តកូន ដោយសារតែគាត់មិនចង់ប្រព្រឹត្តអំពើបាប។
អ្នកស្រី បូ ពៅ ៖ «អត់ចង់ពង្រាត់គេខ្លាចវាបាប »។
ជួបជាមួយនិងអ្នកម្ដាយមួយរូបទៀត៖ «អ៊ុំកូនប៉ុន្មាននាក់? អ៊ុំកូន ០៤ នាក់ ស្រី ០២ ប្រុស ០២ …»។
នេះជាសម្ដីរៀបរាប់របស់ អ្នកស្រីឡេង សុខគង់ រស់នៅទីក្រុងភ្នំពេញ មានមុខរបរលក់ដូរនៅពីមុខសាកលវិទ្យាល័យបៀលប្រាយ។ អ្នកស្រី សុខគង់ ប្រាប់បន្ដថា ក្នុងចំណោមកូនប្រុសស្រីរបស់គាត់ទាំងបួន គឺមានកូនស្រីម្នាក់ដែលទើបតែនឹងភ្ជាប់ពាក្យ។ អ្នកស្រីថា ការភ្ជាប់ពាក្យកូនស្រីគាត់ គឺធ្វើឡើងតាមការផ្សំផ្គុំនិងចាត់ចែងពីឱពុកម្ដាយទាំងសងខាងរួមនិងការពេញចិត្តរបស់កូនស្រីគាត់ដូចគ្នា។
អ្នកស្រី ឡេង សុខគង់ ៖ «ការភ្ជាប់ពាក្យទៅបានដោយសារតែកូនមិនទាន់មានអ្នកស្រឡាញ់…»។
ទោះបីជាការភ្ជាប់ពាក្យរបស់កូនអ្នកស្រីឡេង សុខគង់ កើតចេញពីការផ្សំផ្គុំពីឱពុកម្ដាយទាំងសងខាងក៏ពិតមែន ប៉ុន្ដែអ្នកស្រី សុខគង់ ក៏មិនចង់បង្ខំចិត្តកូនស្រីរបស់ខ្លួនដែរ។ ស្ដ្រី ៥៣ ឆ្នាំរូបនេះ និយាយប្រាប់បន្ដថា មូលហេតុដែលមិនចង់បង្ខំកូនឱ្យរៀបការជាមួយមនុស្សដែលគេមិនស្រឡាញ់ដោយសារតែខា្លបាត់បង់កូន ។
ឡេង សុខគង់ ៖ «ស្រឡាញ់គេចូលសួរមកយើងអោយទៅ ! យើងគ្រាន់តែសួរចិត្តកូនថា កូនស្រឡាញ់ឬអត់? បើកូនព្រមក៏យើងព្រមដែរ។ និយាយចំសម័យឥឡូវក្មេងតាមគ្នាច្រើនណាស់ វាអាចរត់ចោលផ្ទះក៏បានអាចដូចថាទៅធ្វើអីម្យ៉ាងបាត់បង់ជីវិតក៏មាន…»។
ជួបជាមួយស្ដ្រីវ័យចំណាស់ម្នាក់ទៀត អង្គុយយោលអង្រឹងក្រោមដើមរាំងភ្នំ នៅក្នុងបរិវេណវត្តស្វាយពពែគឺ អ្នកស្រីលឿង ស្រួល បាននិយាយថា សព្វថ្ងៃនេះគាត់មានកូន ០៥នាក់ គឺ ស្រី ០២ និងប្រុស០៣នាក់។ អ្នកម្ដាយវ័យ ៦៣ ឆ្នាំដដែលបានប្រាប់ឱ្យដឹងថាក្នុងចំណោមកូនស្រីទាំង ០២ នាក់របស់គាត់ គឺមានម្នាក់មិនទាន់រៀបការ។
គាត់ក៏បានបន្ដប្រាប់ថា បើសិនជានៅពេលដែលកូនគាត់ ជួបអ្នកដែលគេស្រឡាញ់ពេញចិត្ត សុំធ្វើជាគូគ្រង នោះគាត់នឹងយល់ព្រមចាត់ចែងរៀបចំតាមការសម្រេចចិត្តរបស់កូនស្រីដោយមិនបង្ខំ គឺត្រូវធ្វើទៅតាមចិត្តរបស់កូន។
អ្នកស្រី លឿង ស្រួល ៖ «ទុកដាក់លើកូន បើគេស្រឡាញ់គ្នាហើយយើងមិនផ្សំផ្គុំអោយហ្នឹងវាដូចថាយើងគ្មានមេត្តាកូន ហើយវាធ្វើឱ្យកូនហ្នឹង ទុក្ខទោម្នេញ… »។
ទៅចាប់អារម្មណ៍និងអ្នកម្ដាយដែលមានកូនប្រុសៗវិញម្ដង គឺអ្នកម្ដាយដែលមានឈ្មោះគង់ ធា។ អ្នកស្រីបានប្រាប់ថា រឿងអនាគតរបស់កូនស្រឡាញ់អ្នកណា និងចង់រៀបការជាមួយអ្នកណា អ្នកស្រីក៏អត់បង្ខំដែរ ។ អ្នកស្រីគិតថា ការរើសគូអនាគតស្វាមី ភរិយា គឺជារឿងព្រេងនិស្ស័យសំណាង និងកម្មរបស់មនុស្សម្នាក់ៗ ដែលបានផ្សារភ្ជាប់គ្នាមកពីជាតិមុន ដែលមិនអាចទៅហាមឃាត់ព្រេងនិស្ស័យរបស់គេបានទេ។
អ្នកស្រី គង់ ធា និយាយថា៖ «ផ្លូវព្រះ ផ្លូវធម៌ កម្មរបស់វា វាសនារបស់គ្នាធ្វើម៉េច យើងកុំបំបែកគេ បើគេស្រឡាញ់តាមដំណើររបស់គេទៅ។ និយាយរួម តាមធម៌ព្រះទៅ បើគូរគេបានគេជួប បើមែនគូរគេ ក៏គេមិនចង់ជួបគ្នាដែរ »។
ជុំវិញរឿងនេះដែរ លោកស្រី ធីតា ឃិះ នាយិការអង្គការសីលកា យល់ឃើញថា រឿងបង្ខំចិត្តកូនរៀបការដោយមិនបានសួរចិត្តកូនជាមុននោះ មិនគួរកើតមានទៀត នៅពេលនេះ ព្រោះថា វាមិនមែនជារឿងល្អ សម្រាប់ជីវិតរបស់កូន ហើយវាក៏ជារឿងមិនល្អដល់ឪពុកម្ដាយខ្លួនឯងផងដែរ។
លោកស្រីធីតា ឃិះ ៖ «ខ្ញុំថាវាមិនមែនជារឿងមួយល្អទេ សម្រាប់ជីវិតរបស់កូន ជាមួយនិងឪពុកម្ដាយ ព្រោះអ្វីដែល កើតមានឡើងចំពោះកូន វាត្រូវតែប៉ះពាល់ដល់ឱពុកម្ដាយជាមិនខាន ពីព្រោះកូននិងឪពុកម្ដាយសុខទុក្ខមានការតភ្ជាប់គ្នារហូត»។
ទោះជាយ៉ាងណាលោកស្រី ធីតា ឃិះ យល់ឃើញថា រឿងបង្ខំកូនរៀបការ គឺ បានផ្លាស់ប្ដូរ ក្នុងចិត្តគំនិតរបស់លោកឪពុក អ្នកម្ដាយបានច្រើននៅពេលបច្ចុប្បន្ន ។ លោកស្រី បន្ដថា ការផ្លាស់ប្ដូរនេះ អាចមកពី ឪពុកម្ដាយទាំងនោះយល់ឃើញថា កូនរបស់ខ្លួនជាមនុស្សធំ និងមានចំណេះដឹងសមល្មម អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគូជីវិត។
លោកស្រីធីតា ឃិះ ៖ «ឪពុកម្ដាយដែលបង្ខំកូនឱ្យរៀបការដូចជាមានកាត់បន្ថយច្រើន បើតាមខ្ញុំលឺសូរមក ដូចអត់ឃើញមាន អ្នកណា សិក្សាស្រាវ ជ្រាវរឿងហ្នឹងទេ ប៉ុន្ដែគ្រាន់តែក្នុងការយើងជួបប្រទះសព្វថ្ងៃហ្នឹង ឃើញដូចមានតិច (ការបង្ខំចិត្តកូនរៀបការ)។ ព្រោះម្ដាយភាគច្រើន ទោះជានៅជនបទក៏ដោយ ពេលដែលសួរទៅច្រើនតែឆ្លើយថាមិនអាចបង្ខំបានដោយសារភាគច្រើនកូនចៅរបស់គាត់អ្នកនៅជនបទហ្នឹង សុទ្ធតែមកធ្វើការចេញក្រៅទៅរកស៊ីចិញ្ចឹមគ្រួសារ ដូច្នេះទៅគាត់មិនហ៊ានបង្ខំទេ»។
ទន្ទឹមនឹងនេះដែរ លោកស្រី ធីតា ឃិះ សង្ឃឹមថា ឪពុកម្ដាយត្រូវស្វែងយល់អំពីវិធីសាស្ត្រអប់រំកូនជំនាន់ថ្មី គឺមិនអភិរក្សពេកមិនតឹងតែងពេកមិនគឺ អាចត្រឹមត្រូវ។
លោកស្រី ធីតា ឃិះ ៖ «ក៏ប៉ុន្ដែឪពុកម្ដាយខ្មែរយើងត្រូវការរៀនសូត្រនូវវិធីសាស្ដ្រថ្មី ក្នុងការអប់រំកូនចៅពីការជ្រើសរើសគូរស្រករពីព្រោះកូនក្មេងយើងនៅជំនាន់ក្រោយ អត់បានទទួលការអប់រំ អំពីការជ្រើសរើសមនុស្សប្រុស ឬក៏មនុស្សស្រី រករបៀបយ៉ាងណាៗ យើងអត់ដែលបាននាំគ្នានិយាយ អត់បានធ្វើការអប់រំ ពីព្រោះក្នុងទំលាប់របស់យើង ឱពុកម្ដាយជាអ្នកជ្រើសរើសគូរស្រករឱ្យកូន…»។
យើងនៅបន្តលើកយករឿងទុំទាវមកឆ្លុះបញ្ជាំងនិងតថភាពសង្គម បច្ចុប្បន្ននេះ គឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្តនិងចិត្ត និងការប្រណិបត្តិប្រពៃណីបុរាណ។ ការប្រកាន់ទស្សនៈ នីមួយៗនេះ កំពុងដណ្តើមយកឈ្នះរៀងៗខ្លួននាសម័យទំនើបនេះ៕