ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃនេះបានបបួលក្រុមអ្នកនយោបាយមួយចំនួនស្បថនឹង ចំពោះចោទថា លទ្ធផលការបោះឆ្នោតជាតិដែលទើបបញ្ចប់ថ្មីៗនេះថា ត្រូវបានបំប៉ោង និងបន្លំសន្លឹកឆ្នោត ហើយចាញ់សម្បថគឺឱ្យស្លាប់តៃ ហោងតែម្តង។
ការថ្លែងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី០៦ សីហានេះ ក្នុងពិធីសំណេះ សំណាលជាមួយអត្តពលិក កីឡាករ កីឡាការិនី នៅគណរដ្ឋមន្រ្តី។
សម្បថដែលសម្តេច ហ៊ុន សែន បានស្បថចំពោះមុខកីឡាករ កីឡាការិនីឱ្យស្លាប់តៃហោងនេះ គឺសម្តេចសំអាងថា លទ្ធផលបោះ ឆ្នោតនីតិកាលទី៦នេះ គឺជាលទ្ធផលពិតប្រាដក ត្រឹមត្រូវ ស្ដែងចេញដោយឆន្ធៈប្រជាពលរដ្ឋ ដោយមានប្រជាជនរហូតដល់ជាង ៨២%បានចេញទៅបោះឆ្នោត។
សម្តេច ហ៊ុន សែន បន្តថា ការលើកយកជម្រើសស្បថស្បែបែបនេះ គឺជាវិធីមួយល្អ ព្រោះនៅតាមបណ្តាប្រទេសជាច្រើនគេតែង តែយកសម្បថមកប្រើក្នុងពិធីផ្សេងៗ។ សម្តេចបានដាក់បញ្ហាចំពោះក្រុមបក្សប្រឆាំង ថាប្រសិនបើក្រុមនេះមិនហ៊ានស្បថជាមួយសម្តេចទេ គឺចាត់ទុកថា ការបោះឆ្នោតនេះគឺត្រឹមត្រូវនិងមានពលរដ្ឋគាំទ្រពិតប្រាដក។
ប្រសាសន៍សម្តេច ហ៊ុន សែន
សម្បថដែលសម្តេចលើកឡើងនេះ គឺសំដៅបបួលដល់អតីតមេដឹកដឹកនាំ និងថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាមេដឹកនាំចលនាសង្គ្រោះជាតិនៅក្រៅប្រទេសបានចេញឃ្លឹបវីដេអូរយៈ ៧នាទី ដោយបានហៅការបោះឆ្នោត និងលទ្ធផលការបោះឆ្នោតកាលពីពេលថ្មីៗនេះថា ជាការបោះឆ្នោតក្លែងក្លាយ បន្លំ បំប៉ោង និងបានប្រឌិតថាមានប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតដល់ទៅ៨២%។
លោក សម រង្ស៊ី បន្តថា អ្នកគាំទ្របក្សខ្លួនបើទោះបីបានចេញទៅបោះឆ្នោតក្តី តែពួកគេទៅទាំងបង្ខំព្រោះខ្លាចឥទ្ធិពលអ្នកមានអំណាចមូលដ្ឋាន។លោកថា ពួកគេជាង ១លាននាក់បានគូសខ្វែងលើសន្លឹកឆ្នោតឱ្យក្លាយទៅជាសន្លឹកឆ្នោតមិនបានការ មានច្រើនលើសលុប។
កាលពីពេលថ្មីៗនេះមានគណបក្សចំនួនពីរ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សរស្មីខេមរា បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាកន្លងទៅទេ និងទាមទារឱ្យមានរៀបចំការបោះឆ្នោតឡើងវិញ។ ជាងនេះទៀតគណបក្សរស្មីខេមរា បានធ្វើពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញសុំប្តឹងរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលមួយចំនួន ព្រោះថាមានភាពមិនប្រក្រតីកើតឡើង។
តែយ៉ាងណា ក៏ដោយ គេរំពឹងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ បានកាន់កាប់អាសនះ សភាទាំង១២៥។ នេះបើយោងតាមការចុះផ្សាយនានារបស់សារព័ត៌មាន ក្នុងស្រុងនិងអន្តរជាតិ៕