ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែសីហា ម្សិលមិញបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង។
រដ្ឋបាលរាជធានី បញ្ជាក់ថា ដើម្បីធានានូវសុខុមាលភាព សេចក្ដីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ អាជ្ញាធររាជធានី ស្នើឲ្យម្ចាស់ជលយានគ្រប់ប្រភេទ និងម្ចាស់កំពង់ផែទទឹង ទាំងអស់ អនុវត្ដនូវវិធានការចំនួន ចំណុច ដែលមានដូចជា ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងត្បូន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គីភ័យនៅលើគ្រប់មធ្យោបាយ។
លើសពីនេះ ពេលដែលធ្វើចរាចរណ៍ចេញ ឬចូល ក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០ គីឡូ ម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្ដាលឲ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬ ទំនិញលើសចំណុះឡើយ។
ដោយឡែកចំពោះការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ និងជាពិសេសត្រូវរៀបចំផ្លូវឡើង និងចុះ កំពង់ដចម្លង ឲ្យបានល្អស្អាត មិនរអិល ឬផុតស្រុត។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញក្ដីរំពឹងថា គ្រប់ម្ចាស់ជលយានគ្រប់ប្រភេទ និងម្ចាស់កំពង់ទទឹង នឹងអនុវត្ដនូវសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕