ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំកម្មវិធីទទួលពានរង្វាន់នៃប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុត នៅខេត្តសៀមរាប ក្នុងសប្តាហ៍ក្រោយ ។
ក្រសួងទេចរណ៍ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប រួមទាំងភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ(TripAdvisor) នឹងរៀបចំពិធីទទួលពានរង្វាន់នៃប្រាសាទអង្គរវត្តជារម្មណីដ្ឋានវប្បធម៌ ជាប់ចំណាត់ថ្នាក់លេខ១នៅលើសកលលោក ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ់ចំនួន ២៥ សម្រាប់ឆ្នាំ ២០១៨។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ឲ្យដឹងថាប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១នៅលើសកលលោក ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត តាមរយៈការស្ទង់មតិមានរយៈពេល១២ខែនៃចំណាប់អារម្មណ៍ និងទស្សនៈពីអ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក។
ប្រាសាទអង្គរវត្តជារម្មណីយដ្ឋានវប្បធម៌ ត្រូវបានទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ(TripAdvisor)ផ្តល់ចំណាត់ថ្នាក់លេខ ១ ដែលជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើលោក កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨។
ជាឆ្នាំទី ៥ ហើយដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេចរនៅទូទាំំងពិភពលោកបោះឆ្នោតគាំទ្រ ដោយផ្តល់ចំណាត់ថ្នាក់លេខ១ជាប់ៗគ្នាលើគេហទំព័រល្បីៗ។
នៅឆ្នាំ ២០១៤ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ លើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាក់ទាញបំផុតលើលោក។
នៅដើមឆ្នាំ ២០១៥ ប្រាសាទអង្គរវត្តកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ទៀត ពីគេហំព័រ TripAdvisor ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត។
នៅឆ្នាំ ២០១៦ ប្រាសាទអង្គរវត្តជាប់លេខ១ នៅលើគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក។
ភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ(TripAdvisor)pបានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតពីរឆ្នាំជាប់គ្នាគឺឆ្នាំ ២០១៧ និងឆ្នាំនេះ។
ក្រសួងទេចរណ៍រៀបចំទទួលពានរង្វាន់នៃប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក នៅថ្ងៃទី ៩ ខែ សីហា នៅមុខអង្គរវត្តខេត្តសៀមរាប៕