en     km
en     km

ទស្សនៈ​សង្គម​ស៊ី​វិល​ និង​អ្នក​ច្បាប់​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​ក្មេង​ស្រី​មិន​ចេះ​អាន​អក្សរ​

Share

Chea-Vannat-pix-01
អ្នកវិភាគ​នយោបាយ លោកស្រី​ជា​ វ​ណ្ណាត​

​សង្គម​ស៊ី​វិល​ និង​អ្នក​ច្បាប់​យល់​ថា​ ទ​ង្វើ​រ​របស់​គ្រូបង្រៀន​ម្នាក់​នៅ​ខេត្តស្វាយរៀង​ ដែល​បាន​ធ្វើ​ទារុណកម្ម​កុមារី​អាយុ​១១​ឆ្នាំ​ មិន​ចេះ​អាន​អក្សរ​ ដោយ​ឲ្យ​សិស្ស​ប្រុស​សម្រាត​សំពត់​ និង​ខោ​ក្នុង​ដល់​ជង្គង់​នោះ​ ថា​ជា​ទ​ង្វើ​ អ​សីលធម៌​ និង​បាន​រំលោភ​ដល់​សិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ​។​ ទាំង​សង្គម​ស៊ី​វិល​ ទាំង​អ្នក​ច្បាប់​បន្ថែម​ថា​ ក្រសួង​អប់រំ​គួរតែ​ផ្ដល់​ការ​អប់រំ​វិក្រឹត្យការ​ដល់​គ្រូ​ ដែល​បាន​ ប្រព្រឹត្ត​ខុស​នោះ​ ឲ្យ​បាន​ស្វែង​យល់​ពី​សិទ្ធិ​កុមារ​ និង​ ក្រមសីលធម៌​នេះ​ឡើង​វិញ​ ។​ ករណី​នេះ​ក្រសួង​អប់រំ​ថា​ ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​ ។​

​ថ្មីៗ​នេះ​ មាន​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ពី​រឿង​ គ្រូបង្រៀន​ម្នាក់​ នៅ​ខេត្តស្វាយរៀង​ បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សិស្ស​ស្រី​អាយុ​១១​ឆ្នាំ​មួយ​រូប​ ឲ្យ​ឡើងឈរ​លើ​តុ​ក្នុង​ថ្នាក់រៀន​ ហើយ​ឲ្យ​លើកដៃ​ឡើង​លើ​ បែរមុខ​រក​មិត្ត​រួម​ថ្នាក់​ រួច​ប្រើ​ឲ្យ​សិស្ស​ប្រុស​ សម្រាត​សំពត់​ និង​ខោក​ក្នុង​របូត​ដល់​កែងជើង​ និង​បញ្ជា​ឲ្យ​មិត្ត​រួម​ថ្នាក់​មើល​លេង​។​

​ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ថា​ ទ​ង្វើ​របស់​លោកគ្រូ​ខាងលើ​ គឺជា​ករណី​រំលោភសិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ​ ។​ លោក​ថា​ក្នុង​រឿង​នេះ​ គ្រូបង្រៀន​ម្នាក់​នោះ​ គួរតែ​មានការ​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់​ ។​ «​បាទ​ នេះ​វា​ជា​ការ​រំលោភ​ ទៅ​លើ​សិទ្ធិ​កុមារ​មួយ​យ៉ាងធ្ងន់ធ្ងរ​ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ ទោះបី​ ជា​សិ​ស្សិ​ធ្វើ​ខុស​ ក្នុង​នាម​ជា​គ្រូ​ យើង​មាន​បទបញ្ជាផ្ទៃក្នុង​ យើង​មានការ​ណែនាំ​ត្រឹមត្រូវ​ លក្ខណៈ​ជា​គ្រូ​ ហើយ​បើ​យើង​ប្រើ​នូវ​រូបភាព​នេះ​ វា​មិនមែន​ជា​ការ​ណែនាំ​សិ​ស្សិ​ទេ​ វា​ជា​ការ​មួយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​កុមារ​យ៉ាងធ្ងន់ធ្ងរ​»​។​ ជា​ពិសេស​ ការ​សម្រាត​សម្លៀក​បំពាក់​ នៅ​មុខ​កុមារ​ដទៃ​ទៀត​ ។​ នេះ​គឺ​ចាត់​ទុក​ថា​ ជា​អំពើ​មួយ​ ប្រ​ទុ​ស្ដ​កេ​រ្ដ៍​ខ្មាស​ សម្រាប់​កុមារ​ ហើយ​បើ​តាម​ផ្លូវ​ច្បាស់​ គ្រូបង្រៀន​ហ្នឹង​ ត្រូវ​តែ​មានការ​ទទួលទោស​តាម​ផ្លូវច្បាប់​ បាទ​»​។​

Sok-Sameoun-pix-02
លោក​មេធាវី​ សុក​ សំ​អឿ​ន

​ចំណែកឯ​លោក​មេធាវី​ សុក​ សំ​អឿ​ន​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ករណី​នោះ​ជា​អំពើ​អាស​ប្រឆាំង​នឹង​ង​អនីតិជន​ ដែល​អាច​ជាប់ពន្ធ​ធនាគារ​ពី​១​ឆ្នាំ​ ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ពី​២​ទៅ​៦​
លាន​រៀល​ បើសិន​ករណី​នោះ​គេ​រក​ឃើញ​ថា​ គ្រូបង្រៀន​ដែល​ប្រព្រឹត្ត​ទ​ង្វើ​នោះ​មាន​ចំណង់​ផ្លូវភេទ​ ។​ លោក​ថា​៖​ «​ទោស​ហ្នឹង​ធ្វើ​សំដៅ​ទៅ​លើ​ ដូច​ថា​ ក្នុង​ន័យ​ដើម្បី​ ដូច​ថា​ ចំណង់​អារម្មណ៍​ អារម្មណ៍​ផ្លូវភេទ​ ហើយ​ដល់​ក្នុង​ករណី​នេះ​ មិនមែន​រឿង​ចំណង់​អារម្មណ៍​ផ្លូវភេទ​ទេ​។​ ដូច្នេះ​ ប្រហែល​ គ្រាន់តែ​ជា​រឿង​រដ្ឋប្បវេណី​ទេ​»​។​

​ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ​ លោកស្រី​ជា​ វ​ណ្ណាត​ អ្នកវិភាគ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ក្នុង​រឿង​នេះ​គួរតែ​ជា​រឿង​មួយ​ដែល​ក្រសួង​[​អប់រំ​]​ ត្រូវ​បើក​ឲ្យ​មានការ​អប់រំ​វិក្រឹត្យការ​ដល់​គ្រូ​ ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​ ឲ្យ​ទៅ​ស្វែង​យល់​ពី​សិទ្ធិ​កុមារ​ រួម​ទាំង​ក្រមសីលធម៌​នេះ​ឡើង​វិញ​។​ លោកស្រី​ថា​៖​ «​ខ្ញុំ​ថា​ ខ្ញុំ​មិនដឹង​ថា​តើ​ ខាង​វិក្រឹត្យការ​ បាន​ន័យ​ថា​ ធម្មតា​អ្នក​មន្ដ្រីរាជការ​ក្ដី​ គេ​តែងតែ​យក​នាក់​ ណឹ​ង​ឯង​ ទៅ​ឲ្យ​រៀនសូត្រ​រំឭក​ឡើង​វិញ​ ដូច​ពេទ្យ​ ដូច​ជា​មេធាវី​អី​ក៏​ដោយ​ ដូច​ថា​ គេ​តែងតែ​យក​អ្នក​ដែល​មាន​សញ្ញាប័ត្រ​ ធ្វើការ​ហើយ​ គេ​យក​ទៅ​រៀន​ ដើម្បី​ឲ្យ​រៀនសូត្រ​ ទាំង​ចំណេះ​ថ្មី​ផង​ ហើយនឹង​ក្រើនរំឭក​នូវ​មុខ​វិជ្ជា​ផ្សេងៗ​ រួម​ទាំង​ ក្រមសីលធម៌​ផង​។​ ហើយ​បើកាលណា​  យើង​គ្មាន​វិក្រឹត្យការ​អី​ញ្ចឹ​ង​ទេ​ យើង​ដាក់​មន្ដ្រី​មួយ​ទៅ​ ធ្វើការ​ដប់​ឆ្នាំ​ ម្ភៃ​ឆ្នាំ​ ចេះ​តែ​ធ្វើ​ដដែលៗ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំៗ​ហ្នឹង​  វា​អាច​  ដូច​ថា​ មិន​បាន​ស្វែង​យល់​អំពី​ កា​រវិ​វ​ឌ្ឍ​របស់​សង្គម​ហ្នឹង​ដល់​ ណា​ហើយ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ លោក​ រស់​ សាលី​ន​ បាន​ឲ្យ​ដឹង​ថា​  ខាង​ក្រសួង​ កំពុង​ចាត់​តែ​ចាត់​វិធាន​អនុវត្ត​ក្នុង​រឿង​នេះ​ ។​ លោក​ថា​៖​ «​មក​ដល់​ព្រឹក​មិ​ញ​នេះ​ ខាង​ក្រសួង​បាន​ចាត់​ឲ្យ​មន្ទីរ​ ចុះ​ទៅ​ធ្វើការ​រឿង​នេះ​ បន្ទាន់​ហើយ​ គឺថា​ ឱ្យទៅ​ស៊ើបសួរ​លម្អិត​  អំពី​បញ្ហា​ដែល​បាន​កើតឡើង​នេះ​ ថា​តើ​ ដំណើរ​ដើមទង​រឿង​យ៉ាងម៉េច​ ហើយ​បាន​ប្រព្រឹត្ត​នូវ​អ្វីខ្លះ​ គឺជា​ការ​ខុសឆ្គង​ ដើម្បី​ធ្វើ​ជា​របាយការណ៍​លាយលក្ខណ៍អក្សរ​ ហើយនឹង​មាន​វិធានការ​បន្ដ​ ។​ ប៉ុន្តែ​ ឥលូវ​នេះ​ យើង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រមូល​ព័ត៌មាន​ ពី​រឿងរ៉ាវ​ការ​ពិត​ជាក់ស្ដែង​មក​សិន​ បាន​យើង​មាន​ វិធានការ​ផ្សេងៗ​បន្ដ​ ទៅ​តាម​នីតិវិធី​»​។​

​សូម​ជម្រាប​ថា​ ករណី​គ្រូបង្រៀន​ធ្វើ​ទារុណកម្ម​សិស្ស​ស្រី​ដោយ​សម្រាត​សំពត់​ និង​ខោ​ក្នុង​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ឧសភា​ ២០១៥​ វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក​ នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​វត្ត​ថ្មី​ ស្ថិត​នៅ​ភូមិ​យ​តា​បោង​ ឃុំ​សង្កែ​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ ។​ ករណី​នេះ​ទើបតែ​លេចឮ​ ដោយសារ​ស្ត្រី​វ័យ​៦៤​ឆ្នាំ​ ជា​លោក​ជីដូន​របស់​ក្មេង​ស្រី​ រង​គ្រោះ​ បាន​ស្វែងរក​អន្តរាគមន៍​ឲ្យ​ជួយ​រក​យុត្តិធម៌​។​

​សូម​ជម្រាប​ទៀត​ថា​ គ្រូ​បឋម​សិក្សា​រូប​នោះ​ឈ្មោះ​ ដួង​ ស៊ី​ណេ​ត​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ បង្រៀន​ ថ្នាក់​ទី​២​ នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​វត្ដ​ថ្មី​៕

Share

Image
Image
Image